ភ្នំពេញ៖ ប្រធានកម្មវិធី នៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាព ការងារអន្តរជាតិ (ACILS) បានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពន្យល់លម្អិត ទាក់ទងនឹង បញ្ហាធំៗ ចំនួន៣ចំណុច ទាក់ទិនក្នុងវិស័យការងារនៅកម្ពុជា ។លោក ដេវីដ ចនវែលស៍ (David Jonwels) ប្រធាន (ACILS) បានលើកឡើង ក្នុងជំនួប ជាមួយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅដើមសប្តាហ៍នេះ ដោយស្នើឱ្យមានការដោះស្រាយ លើបញ្ហារោងចក្រ USA Garment Fully Field ដែលបានផ្អាកដំណើរការ ផលិតកម្មរបស់ខ្លួន តាំងពីខែវិច្ឆិកា ២០១៣ ហើយកម្មករជាង ៤០០នាក់ មិនទាន់ ត្រូវបានទូទាត់ប្រាក់អតីតភាពការងារនៅឡើយនោះ។
ចំពោះកម្មករចំនួន២៧នាក់ ដែលបានស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ ចំពោះករណីរោងចក្រពុំទាន់បានគិតគូប្រាក់ឈ្នួល ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ជូនពួកគាត់។ មួយវិញទៀត លោកបានស្នើឱ្យក្រសួងពន្យល់អំពី ការដំឡើងប្រាក់ឈ្នួល ជូនកម្មករនិយោជិត ផ្នែកវាយនភ័ណ្ឌកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង និងបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធបាតុករចំនួន ២១រូប ដែលត្រូវបានជាប់ឃុំ។ មិនតែប៉ុណ្ណោះ លោកក៏បានលើកពី ការចុះបញ្ជីការ សហជីព ដោយសារមានការលេចឮថា ការចុះបញ្ជីការសហជីពត្រូវបានផ្អាក។
ឆ្លើយតបនឹងការស្នើសុំពន្យល់នេះ នៅក្នុងសេចក្តីប្រកាសព័ត៌មាននៃជំនួបនេះ លោក អ៊ិត សំហេង បានលើកឡើងថា ករណីរោងចក្រ USA Garment Fully Field រាជរដ្ឋាភិបាល និងក្រសួង នឹងខិតខំស្វែងរកយន្តការដោះស្រាយឱ្យបានសមស្រប។ អ្វីដែលត្រូវធ្វើក្នុងពេលបច្ចុប្បន្ន គឺត្រូវកំណត់ចំនួនទឹកប្រាក់ ដែលត្រូវទូទាត់ជូនកម្មករ និងទ្រព្យសម្បត្តិ របស់រោងចក្រដែលអាចលក់យកប្រាក់មកទូទាត់ជូនពួកគាត់ បន្ទាប់ពីមានការសម្រេចរបស់តុលាការ។
លោកបន្តថា ប្រសិនបើទ្រព្យសម្បត្តិ របស់រោងចក្រ មិនអាចលក់បានប្រាក់គ្រប់គ្រាន់ មកទូទាត់ជូនកម្មករទេ ក្រសួងនឹងស្វែងរកជំនួយ ឧបត្ថម្ភបន្ថែមទៀត។ ប៉ុន្តែអ្វីដែលពិបាកនោះ គឺទ្រព្យសម្បត្តិរបស់រោងចក្រ ត្រូវបានម្ចាស់ដើមលក់បន្តទៅឱ្យថៅកែផ្សេងទៀត តែទោះជាយ៉ាងណា ក្រសួងនឹងខិតខំ ឱ្យអស់ពីលទ្ធភាព ដើម្បីដោះស្រាយបញ្ហានេះក្នុងពេលខាងមុខ។
ពាក់ព័ន្ធការដំឡើងប្រាក់ឈ្នួល ជូនកម្មករនិយោជិត និងករណីបាតុករ ២១នាក់ត្រូវបានជាប់ឃុំខ្លួន លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត។ ជាក់ស្តែងចុងឆ្នាំ២០១៣នេះ មានការប្រជុំសម្រេចដំឡើងប្រាក់ឈ្នួលជូន កម្មករ និយោជិត ដល់ទៅ២លើកហើយបច្ចុប្បន្នក្រសួង ក៏កំពុងធ្វើការយ៉ាងសកម្មជាមួយអង្គការ ILO ដើម្បីស្វែងរកនូវរូបមន្តមួយ ដែលអាចទទួលយកបាន ពីគ្រប់ភាគី ដើម្បីធានាឱ្យបានថា នឹងមិនមានបញ្ហាណាមួយកើតមានឡើងពាក់ព័ន្ធការទាមទារ បា្រក់ឈ្នួលរបស់កម្មករ និយោជិត ក្រសួងនឹងមានរៀបចំវេទិកា បើកទូលាយ ឱ្យមានការចូលរួម ពីគ្រប់ភាគី ដើម្បីចូលរួមបញ្ចេញមតិ និងផ្តល់ជាយោបល់ ពាក់ព័ន្ធ ការដំឡើងប្រាក់ឈ្នួល ជូនកម្មករនិយោជិត។
លើសពីនេះ ការប្រជុំពិភាក្សា អំពីការដំឡើង ប្រាក់ឈ្នួលនេះ នឹងត្រូវធ្វើឡើង ជារៀងរាល់ឆ្នាំ ដោយមិនកំណត់កាលវេលា។ កន្លងមកមានបញ្ហាបាតុកម្មទាមទារ ប្រាក់ឈ្នួលកើតឡើង ដែលពិបាកក្នុងការដោះស្រាយព្រោះតែបញ្ហានេះ បានផ្សាភ្ជាប់នឹងរឿងនយោបាយ។ ពាក់ព័ន្ធករណី២១នាក់ដែលជាប់ឃុំ និងបណ្តឹងនៅតុលាការ លោករដ្ឋមន្រ្តី ឲ្យដឹងថាភាគីខាងថៅកែ មានសិទ្ធិស្របច្បាប់ ក្នុងការដាក់បណ្តឹងចោទប្រកាន់ទៅតុលាការ ហើយខាងភាគី បាតុករទាំង២១នាក់ ដែលកំពុងជាប់ឃុំ ក៏មានសិទ្ធិក្នុងការដាក់បណ្តឹង ការពារខ្លួន ប្រសិនបើពួកគាត់ គ្មានកំហុស។ ហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង មានសិទ្ធិត្រឹមរក្សាយុត្តិធម៌ ជូនភាគីទាំងពីរតែប៉ុណ្ណោះ។
បំភ្លឺអំពីការលេចឮនូវពាក្យថាក្រសួងឈប់ឬផ្អាកទទួលការចុះបញ្ជីការសហជីព វិញលោកថា នេះជាការមិនពិតទេ វាអាចជាការយល់ច្រឡំ ឬការនិយាយបំភ្លើស របស់ជនអគតិមួយចំនួន ព្រោះការចុះបញ្ជីការសហជីពនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដំណើរការជាប្រក្រតី មកទល់ពេលនេះ គ្រាន់តែក្រសួងកំពុងធ្វើបច្ចុប្បន្នភាព ច្បាប់ស្តីពីសហជីពតែប៉ុណ្ណោះ៕ដោយ៖ សស្អាត