ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងអប់រំយុវជន និងកីឡាបានសហការគ្នា ចាត់វិធានការចំពោះការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយលុបបំបាត់រាល់ការសូកប៉ាន់ ដើម្បីធានាភាពយុត្តិធម៌ តម្លាភាព។ មានប្រសាសន៍នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្កោលសម្រាប់ការអប់រំ ស្តីពីការប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សាចំណេះទូទៅ មធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នេះឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ បានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួង អប់រំយុវជន និងកីឡា បានសហការគ្នា ចាត់វិធានការចំពោះ ការប្រលងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិដោយលុបបំបាត់រាល់ការសូកប៉ាន់ ដើម្បីធានាភាពយុត្តិធម៌ និងតម្លាភាព។
លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា ជាគម្រោងការអប់រំ ស្តីពីការ ប្រឆាំងអំពើពុករលួយ នៅគ្រឹះស្ថានសិក្សានឹងធ្វើជាជំហានៗ ហើយដំណាក់ កាលដំបូង ការអប់រំនេះនឹងផ្តោតលើកម្រិតមធ្យមសិក្សាទុតិយភូមិដែលមាន ៣ ថ្នាក់ ពោលគឺថ្នាក់ទី១០, ១១ និង ១២។ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបាន មានប្រសាសន៍ឲ្យដឹងផងដែរថា ក្រសួងអប់រំបានដាក់វិធានការ ប្រគល់សិទ្ធិ អំណាចទទួលខុសត្រូវជូនគ្រូបង្រៀនដឹកនាំការប្រលងឆមាសតាមថ្នាក់តាម មុខវិជ្ជាដែលខ្លួនបង្រៀនផ្ទាល់ និងមិនយកពិន្ទុប្រលងឆមាសទៅបូកពិន្ទុប្រលង ថ្នាក់ជាតិទៀតទេ ទប់ស្កាត់បាតុភាពអសកម្មនៅតាមបន្ទប់ប្រលង ពង្រឹងការចាត់តាំង គណៈមេប្រយោគប្រលងគ្រប់ប្រភេទ ដោយកែសម្រួលសមាសភាព ប្រើប្រាស់គណៈមេប្រយោគសម្រាប់ដំណើរការសំណេរឲ្យដាច់ពីដំណើរការកែ វិញ្ញាសា។ លោកបានបញ្ជាក់ថា ប្រធានវិញ្ញាសា ប្រលងមានពីរទម្រង់ គឺ ទម្រង់ចែកជូនបេក្ខជន មុខវិទ្យាគណិតវិទ្យា វិទ្យាសាស្ត្រ និងភាសារបរទេស និងទម្រង់មួយទៀតគឺកត់លើក្តារខៀន មុខវិជ្ជាអក្សរសាស្ត្រ ខ្មែរ និងវិទ្យាសាស្ត្រសង្គម ជាពិសេសប្រគល់សិទ្ធិ អំណាចការទទួលខុសត្រូវទាំងស្រុងជូនសាលារៀននីមួយៗ ជាអ្នករៀបចំការប្រលង៕
ដោយ៖ ភីនរ៉ា