ភ្នំពេញ៖ មន្ត្រីមកពីបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សង្គមស៊ីវិល និងផ្នែកឯកជនបានជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុនៅកម្ពុជាក្រោមកិច្ចសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB និងក្រសួងបរិស្ថាននាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣នេះនៅសណ្ឋាគារភ្នំពេញ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ លោក ធឹក គ្រឿនវុត្ថា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុនៅកម្ពុជា បានឲ្យដឹងពីគោលបំណងនានារបស់កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនាថ្ងៃនេះ ដើម្បីធ្វើការណែនាំអំពីការចាប់ផ្តើមអនុវត្តគម្រោងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍។ទី២-បណ្តាក្រសួងពាក់ព័ន្ធមានឱកាសបង្ហាញជូននិងពិភាក្សាគ្នាអំពីវឌ្ឍនៈភាព នៃការអនុវត្តសកម្មភាពការងារ (SPCR)របស់ខ្លួន តាមវិស័យរៀងខ្លួន នៅក្នុងវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធ។ ទី៣-ពិភាក្សាគ្នា និងឯកភាពលើសំណើរបង្វែមូលនិធិពីកម្មវិធីអភិវឌ្ឍន៍ការគ្រប់គ្រងវិស័យធនធានទឹក មកគម្រោងពង្រឹងផ្លូវលំជនបទដំណាក់កាលទី១។ ទី៤ពិភាក្សាពាក់ព័ន្ធនឹងការផ្តល់នូវវិភាជន៍ថវិកាបន្ថែមដល់ស្ថាប័នពាក់ព័ន្ធ។ ទី៥-ផ្តល់ឱកាសក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងលក្ខណ្ឌការងាររបស់ក្រុមសម្របសម្រួលកម្មវិធី(SPCR) ទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំក្រុមការងារសម្របសម្រួលនៃកម្មវិធី(SPCR)ដែលអនុវត្តដោយក្រសួង ស្ថាប័នពាក់ព័ន្ធ និងក្រសួងបរិស្ថាន ក្នុងការអនុវត្តនូវគម្រោងនៃការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍ និងទី៦-ពិភាក្សាអំពីក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃគម្រោងកម្មវិធី(SPCR)របស់ក្រសួងស្ថាប័នពាក់ព័ន្ធ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មូលនិធិវិនិយោគអាកាសធាតុអន្តរជាតិ ដែលបានផ្តល់ជំនួយហិរញ្ញប្បទាន និងហិរញ្ញប្បទានឥណទាន តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានសហការ និងគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្តកម្មវិធីនេះ។ ជាពិសេសគម្រោងការរៀបចំកម្មវិធីសាកល្បងសម្រាប់ភាពធន់នឹងអាកាសធាតុដំណាក់កាលទី១ ដែលបានទទួលជោគជ័យជាទីមោទនៈ។ លោកក៏បានអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំផងដែរថា គ្រប់ភាគីទាំងអស់ សិក្សានិងវិភាគឲ្យស៊ីជម្រៅនូវភាពចាំបាច់នានាបន្ថែមទៀត អំពីបទពិសោធន៍ដែលសម្រេចបានកន្លងមក ក៏ដូចជាមេរៀនល្អៗ បញ្ហាប្រឈមនានានឹងករប្រែប្រួលអាកាសធាតុនៅកម្ពុជា រួមគ្នារកដំណោះស្រាយតាមវិស័យរៀងៗខ្លួន និងធ្វើសមារហកម្មជាតិ និងតំបន់ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសការរួមគ្នាអនុវត្តភាពបន្យ៉ាំនិងភាពធន់នឹងអាកាសធាតុនិងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទៅក្នុងផែនការអភិវឌ្ឍន៍ និងតាមដានត្រួតពិនិត្យ វាយតម្លៃ និងចូលរួមការអភិវឌ្ឍនិរន្តភាពសេដ្ឋកិច្ច រក្សាបាននូវគុណភាពបរិស្ថានល្អ សង្គមជាតិមានការរីកចម្រើនរុងរឿង និងរក្សាបាននូវវប្បធម៌នៅកម្ពុជាឲ្យបានល្អប្រសើរដូចពីសម័យអង្គរដ៏រុងរឿង និងល្បីល្បាញ។
តាមការលើកឡើងរបស់មន្ត្រីក្រសួងបរិស្ថានដែលយោងតាមប្រសាសន៍របស់តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំកម្ពុជា លោក អេរិច ស៊ីដរីក បញ្ជាក់ជូនថា ដោយមើលឃើញនូវការខិតខំប្រឹងប្រែងរបស់កម្ពុជា នៅក្នុងការអនុវត្តគម្រោងសាកល្បងបម្រែបម្រួលអាកាសធាតុដំណាក់ទី១បានល្អ មានការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនោះ ព្រមទាំងបានចងក្រងគម្រោងវិនិយោគចំនួន ៧ បន្តទៀតនោះ គេបានប្រមូលថវិកាបានជាង ៤០០លានដុល្លារអាមេរិក សម្រាប់បន្ថែមពីលើថវិកាមួយចំនួន ដែលបានមកពីមូលនិធិវិនិយោគខាងប្រែប្រួលអាកាសធាតុអន្តរជាតិ មកសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងកសិកម្ម ធនធានទឹក ជុំវិញការអភិវឌ្ឍទីក្រុង ការកសាងផ្លូវ ស្ពាន លូជាដើម ធ្វើយ៉ាងណាឲ្យធានានឹងការប្រែប្រួលអាកាសធាតុ ការលំហូរទឹកជំនន់៕
ដោយ៖ សស្អាត