ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានស្នើឲ្យ លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លើកថ្ងៃធ្វើបាតុកម្ម នាថ្ងៃទី៣១ មីនា នៅទីលានប្រជាធិបតេយ្យ ។ ដោយសារវាជាន់គ្នាទៅនឹងគម្រោងជួបជុំរបស់គណបក្សសង្គ្រោះជាតិ រម្លឹកព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភាដែរនោះ។ ការលើកស្នើរបស់អាជ្ញាធររាជធានីភ្នំពេញនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំមួយរវាងលោក ឃួង ស្រេង អភិបាលរងរាជធានីផភ្នំពេញ នឹងលោក ម៉ម សូណង់ដូ នៅព្រឹកថ្ងៃទី២៤មីនានេះ។ លោក ម៉ម សូណង់ដូ មានគម្រោងដឹកនាំបាតុកម្ម ដែលមានអ្នកចូលរួមប្រមាណជា ២០០ នាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ មុននឹងហែរក្បួនទៅកាន់ក្រសួងព័ត៌មាន ដើម្បីទាមទារអោយក្រសួងព័ត៌មាន អនុញ្ញាតអោយវិទ្យុសំបុកឃ្មុំ ដំឡើងកម្លាំងផ្សាយបន្តទៅតាមខេត្ត និងសុំហ្វ្រេកង់ សម្រាប់បង្កើតទូរទស្សន៍។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក ម៉ម សូណង់ដូ បានឲ្យដឹងថា លោកនៅតែរក្សាជំហរដឹកនាំប្រជាពលរដ្ឋ ធ្វើបាតុកម្ម តាមការគ្រោងទុក នៅថ្ងៃទី៣១មីនា នៅទីលានប្រជាធិបតេយ្យ។ សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ លោកម៉ម សូណង់ដូ បានដាក់លិខិតទៅលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការធ្វើបាតុកម្ម នៅថ្ងទី៣១ ខែមីនាឆ្នាំ២០១៤ ខាងមុខនេះ។ សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ បាតុកម្មរបស់លោក ម៉ម សូណង់ដូ ត្រូវបានអាជ្ញាធរបង្ក្រាប នៅមុខក្រសួងព័ត៌មាន។ កាលណោះ អាជ្ញាធរមិនអនុញ្ញាតឲ្យលោកម៉ម សូណង់ដូ ដឹកនាំធ្វើបាតុកម្មនោះឡើយ ។ ក្នុងហេតុការណ៍បង្រ្កាបកាលពីលើកមុននោះគេឃើញមានអ្នកគាំទ្រមួយចំនួនបានរងរបួស និងអ្នកខ្លះទៀតបានរត់ចោលរឺម៉កម៉ូតូ៕
ដោយ៖ សស្អាត