ភ្នំពេញ ៖រថយន្តក្រុង ឈ្នួលមួយគ្រឿង ដែលក្រុមសកម្មជនបឹងកក់តវ៉ាដីធ្លី ដឹកនាំដោយ ទេព វណ្ណនី បាននាំគ្នា ជួលជិះចេញមកពី ខេត្តសៀមរាបប្រមាណជិត៤០នាក់ ត្រូវបានគូស្នេហ៍មួយគូដែលជាខ្មាន់កាំភ្លើងជិះម៉ូតូតាម បាញ់ប្រហារ បណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងមុខ ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់ នៅក្នុងរថយន្តរួមទាំងអ្នក បើកបរ រងគ្រោះថ្នាក់ ដល់អាយុជីវិត នោះឡើយ ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើល ខាងលើនេះ បានកើតឡើង នៅវេលាម៉ោងប្រមាណ ៨និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤នេះ ស្ថិតនៅ តាមផ្លូវជាតិលេខ៥ម្តុំរោងចក្រទឹកដោះគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ហើយករណីនេះត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា អាចបណ្តាលមកពី ជម្លោះរឿងគ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្តនិងជនបង្ក ដែលជិះម៉ូតូវីវ៉ាមួយគ្រឿង ធ្វើដំណើរតាមដងផ្លូវ ។
មន្រ្តីនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញមួយរូប ដែលបានចូលរួម ធ្វើការស៊ើបអង្កេត ករណីនេះបានបញ្ជាក់ថា នៅវេលាម៉ោង កើតហេតុក្រុម ទេព វណ្ណនីមានគ្នា ប្រមាណ៤០នាក់ បានធ្វើដំណើរតាម រថយន្តក្រុងជួលមួយគ្រឿងដោយចេញពីប្រជុំបញ្ហាដីធ្លីនៅខេត្តសៀមរាប លុះមកដល់មុខរោងចក្រ ទឹកដោះគោ មានបុរសម្នាក់ជិះម៉ូតូវីវ៉ា ដោយឌុបនារីម្នាក់ សង្ស័យជាសង្សារជិះតាមពីក្រោយហើយប្រជែងមកខាងស្តាំដៃ និងចង្អុលឲ្យអ្នកបើក រថយន្តឈប់ ។
មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា នៅពេលដែលអ្នកបើកម៉ូតូ បានចង្អុលឲ្យអ្នកបើករថយន្តឈប់ តែអ្នកបើករថយន្តមិនឈប់ អ្នកបើកម៉ូតូ ដែលជាខ្មាន់កាំភ្លើងនោះបានទម្លាក់ ឲ្យនារីដែលជិះពីក្រោយចុះ រួចបន្តបើកម៉ូតូប្រជែងមកខាងស្តាំដៃរថយន្តម្តងទៀត និងចង្អុលឲ្យ រថយន្តឈប់ម្តងទៀត ហើយអ្នកបើករថយន្តនោះនៅតែមិនព្រមឈប់ ទើបជននោះបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់ខាងដៃឆ្វេង មួយគ្រាប់ បណ្តាលឲ្យបែកកញ្ចក់ រថយន្តខាងមុខតែម្តងទៅ ប៉ុន្តែមិនបណ្តាលឲ្យ មាននរណាម្នាក់ រងគ្រោះនោះឡើយ ។
មន្រ្តីនគរបាលខាងលើ បានបន្តទៀតថា ក្រោយពីបាញ់ហើយខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ ហើយក្រុមអ្នកបឹងកក់ដឹកនាំដោយអ្នកស្រី ទេព វណ្ណនីបានបន្តដំណើររហូតមកដល់មុខស្ថានទូត បារាំងទើបឈប់ ហើយចេញពីរថយន្ត ស្រែកឡូឡាដោយចោទថាមានគេចង់ធ្វើឃាតបង្កឱ្យមានការភ្ញាក់ផ្អើល ។តាមរយៈការសួរនាំជាជំហានដំបូង សមត្ថកិច្ចសន្និដ្ឋានថា អាចផ្តើមចេញពីរឿងជម្លោះ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ដែលអាចថា រថយន្តដែលក្រុម ទេព វណ្ណនី ជិះបើកកៀរ ម៉ូតូរបស់ជនបង្ក ក៏ថាបាន ។
យ៉ាងណាក៏ដោយ កម្លាំងនគរបាល រាជធានីភ្នំពេញដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ និងស្នងការរង ជួនណារិន្ទ បាននិងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់និងរង់ចាំការសួរនាំ អ្នកបើករថយន្តជាមុនសិន ។ដូច្នេះអ្វីដែលមានការចោទថា មានគេលួចធ្វើឃាតនោះ គឺមិនអាចទៅរួចឡើយ បើសិនគេមានបំណង ចង់ធ្វើនោះ មិនចាំបាច់រង់ចាំមកដល់ ថ្ងៃនេះ ហើយពេលកំពុងតែជិះលើរថយន្តក្រុងទាំងហ្វូងបែបនេះនោះទេដូច្នេះសមត្ថកិច្ចអំពាវនាវឱ្យក្រុមអ្នកស្រី ទេព វណ្ណនី កុំបន្តបំប៉ោងសភាពការណ៍នេះទៅជារឿងផ្សេង។
ប្រជាពលរដ្ឋនៅជិតឃ្លាំងសាំងផ្លូវជាតិលេខ៥ បាននិយាយាថា គេឃើញរថយន្តក្រុងខាងលើនេះ បើកកៀរម៉ូតូ ម្ចាស់ម៉ូតូបានស្រែកស្តីបន្ទោសឱ្យ រួចហើយក៏ជិះម៉ូតូដេញតាមទាន់ស្រែកឱ្យឈប់ដែរតែគេមិនឈប់ ទើបអ្នកបើកម៉ូតូនោះ ឈប់ម៉ូតូឱ្យស្រីម្នាក់ឈប់ នៅចិញ្ចើមឱ្យរួច គេបើកម៉ូតូយ៉ាងលឿនតាមរថយន្តនោះម្តងទៀត ហើយមួយសន្ទះក៏ឮ សូរអាវុធតែម្តង។ ករណីនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ៕
ដោយៈភីនរ៉ា