ភ្នំពេញ៖ ប្រជាពលរដ្ឋបុរីកីឡានិងបឹងកក់ប្រមាណ៥០នាក់នៅព្រឹកមិញនេះ បាននាំគ្នាមកតវ៉ានៅមុខសាលារាជធានីភ្នំពេញដើម្បីស្នើសុំឲ្យសាលា រាជធានីភ្នំពេញពន្លឿនការដោះស្រាយបញ្ហាទំនាស់នៅតំបន់ទាំងពីរនោះ ឲ្យបានឆាប់ ។ ប្រជាពលរដ្ឋដោយមានកាន់បដាផ្ទាំងរូបភាពផ្ទះប្រជាពលរដ្ឋ ដែលត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីន បូមខ្សាច់ចាក់ពន្លិច នាពេលកន្លងមក និងមានផ្ទាំងបដាអនុក្រឹត្យ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានធ្វើប្រទានកម្មដីជាង ១២,៨៨ ហិកតា ដល់ប្រជាពលរដ្ឋតំបន់បឹងកក់។ ប្រជាពលរដ្ឋ បានឲ្យដឹងថា ពួកគាត់មកនេះក្នុងគោលបំណង សុំឲ្យលោកប៉ា សុជាតិវង្សអភិបាលសាលារាជធានីភ្នំពេញ ពន្លឿនការដោះស្រាយ និងផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋប្រមាណ ៤០ គ្រួសារ និងដោះស្រាយឲ្យប្រជាពលរដ្ឋសហគមន៍បុរីកីឡា ឲ្យបានចូលរស់នៅលើអគារដោយសុខសាន្តផង។
យ៉ាងណាក៏ដោយសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានធ្វើការរុញច្រានប្រជាពលរដ្ឋមិនឲ្យធ្វើការប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញទេ។ ដោយបានរុញឲ្យទៅជ្រុងខាងជើង ប៉ុន្តែការរុញច្រាននេះ មិនមានការប្រើអំពើហិង្សាដាក់គ្នានោះទេ។ បន្ទាប់មកសាលារាជធានីភ្នំពេញក៏បានហៅតំណាងប្រជាពលរដ្ឋបឹងកក់ និងបុរីកីឡា ចូលជួបពិភាក្សា។ ទន្ទឹមនឹងការតវ៉ារបស់ប្រជាពលរដ្ឋនោះគេក៏សង្កេតឃើញវត្តមានមន្ត្រី បក្សប្រឆាំងនៅក្បែរៗនោះផងដែរ ប៉ុន្តែមន្ត្រីទាំងនោះមិនបានបញ្ចេញសកម្មភាពអ្វីទាំងអស់ ដោយគ្រាន់តែតាមថតយករូបភាពប៉ុណ្ណោះ ៕
ដោយ៖ ភីនរ៉ា