មន្ទីរកិច្ចការនារីរាជធានី បានបើកវេទិកាអប់រំអំពីទំនៀមទំលាប់ប្រពៃណីខ្មែរ នៅតាមសាលារៀន៥នៅទីក្រុងភ្នំពេញ ដើម្បីលើកកម្ពស់ការយល់ដឹង និងកែប្រែទស្សនៈភន្ត័ច្រឡំរបស់យុវវ័យ កុំឲ្យនាំគ្នាភ្លើតភ្លើនសប្បាយភ្លេចខ្លួនឈានដល់ការរួមភេទ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ទី១៤ ខែកុម្ភៈ។យោងតាមសេចក្តីស្នើសុំកិច្ចសហការរបស់មន្ទីរកិច្ចការនារីរាជធានីទៅកាន់ក្រសួងអប់រំបានឲ្យដឹងថា មន្ទីរកិច្ចការនារី បានស្នើមានកិច្ចសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន ក្នុងខណ្ឌមួយចំនួននៅទីក្រុងភ្នំពេញ ដើម្បីរៀបចំវេទិកាអប់រំផ្សព្វផ្សាយពីទំនៀមទំលាប់ប្រពៃណីខ្មែរ ដល់សិស្សនៅតាមបណ្តាសាលារៀនចំនួន៥កន្លែង ក្នុងនោះមានសាលាអនុវិទ្យាល័យក្តីតាកុយ សាលាអនុវិទ្យាល័យដង្កោ សាលាអនុវិទ្យាល័យជម្ពូវន័ សាលាអនុ វិទ្យាល័យភ្នំពេញថ្មី និងសាលាអនុវិទ្យាល័យព្រែកលៀបផងដែរ។
លោកស្រីឡុង និមល អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការនារី បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំឲ្យមានវេទិការនេះនៅតាមសាលារៀនគឺ ដើម្បីទប់ស្កាត់សកម្មភាពអវិជ្ជមានទាំងឡាយណាដែលកំពុងកើតឡើងលើយុវវ័យ ព្រោះថាយុវវ័យតែងយល់ច្រឡំថា ថ្ងៃទី១៤កុម្ភៈគឺជាថ្ងៃបុណ្យសង្សា ដែលជាថ្ងៃយុវវ័យត្រូវតែធ្វើការលះបង់ខ្លួនប្រាណឲ្យគ្នាទៅវិញទៅមក។ លោកស្រីបញ្ជាក់ថា នៅថ្ងៃទី១៤កុម្ភៈ ក្មេងៗចូលចិត្តនៅម្តុំគ្នាតាមសាលារៀន ខ្លះមានកាន់បាច់ ផ្កាហូរហែរ ហើយយុវតីភាគច្រើនតែងចាញ់បោកការលួងលោមរបស់យុវជន ខិលខូចនៅក្នុងថ្ងៃនោះដែរ។
លោកស្រីខឹង វណ្ណនី នាយរងរដ្ឋបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមកនេះ មន្ទីរកិច្ចការនារីបានរៀបចំវេទិការអប់រំអំពីទំនៀមទំលាប់ប្រពៃណីខ្មែរ នៅក្នុងទឹកដីខណ្ឌមានជ័យ ដែលស្ថិតនៅក្នុងសាលាអនុវិទ្យាល័យ ក្តីតាកុយ ដែលមានការចូលរួមពីខាងមន្ទីរកិច្ចការនារី ក្រសួងអប់រំ លោកគ្រូអ្នកគ្រូ សិស្សសាលា អាជ្ញាធរភូមិ-សង្កាត់-ខណ្ឌ ដែល សរុប ទាំងអស់ច្រើនជាង១០០នាក់។ លោកស្រីបញ្ជាក់ថា៖ «ក្នុងនាមជាអាជ្ញាធរខណ្ឌគឺរង់ចាំកិច្ចសហការជាមួយក្រសួងពាក់ពន្ធ័ ក្នុងការងារ នេះ ជាមួយគ្នាផងដែរយើងក៏ធ្វើការឃ្លាំងមើលទៅលើសកម្មភាពយុវជនក្នុងតំបន់ផងដែរ ដើម្បីទប់ស្កាត់មិនឲ្យពួកគេប្រព្រឹត្តនូវអំពើ ដែលខុសនិងសីលធម៌របស់ខ្មែរយើងឡើយ»។
ដោយឡែកលោកជួន ណារិន្ទ ស្នងការរងរាជធានីបានឲ្យដឹងថា អាណាព្យាបាលគឺជាមនុស្សមុនគេដែលជាអ្នកគ្រប់គ្រងនិង ផ្តល់ការទូន្មានទៅឲ្យកូន ខណៈដែលកម្លាំងចម្រុះគ្រាន់តែមាននាទីជាអ្នកតាមដាននិងទប់ស្កាត់នូវបញ្ហានេះប៉ុណ្ណោះ៕
ដោយ៖ អភិរក្ស