ភ្នំពេញ៖ ក្រុមអ្នកតវ៉ាមកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល និងសហគមន៍ផ្សេងៗមួយចំនួនទៀត ព្រមទាំងរួមជាមួយអង្គការក្រៅរដ្ឋាភិបាល (NGO) មួយចំនួនផងនោះ បានប្រកាសជាថ្មីម្តងទៀតថា នឹងធ្វើការប្រមូលផ្តុំគ្នានៅខាងមុខតុលាការកំពូល នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នេះ ដើម្បីទាមទារឲ្យមានការដោះលែងមនុស្សទំាង២១នាក់ រួមទាំងលោក វ៉ន ពៅ ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារ ត្រពាំងថ្លុង ក្នុងខេត្តកំពង់ចាម ។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សហគមន៍អ្នកតវ៉ា ក៏ដូចជាអង្គការក្រៅរដ្ឋភិបាល ដែលបានចួលរួមបានប្រកាសថា ការប្រមូលផ្តុំនេះ នឹងមានការរៀបចំធ្វើពិធីតាមសាសនា នៅខាងមុខតុលាការកំពូល ដែលក្រុមខ្លួនបានបញ្ជាក់ថា ជាការដាស់អារម្មណ៍មន្រ្តីតុលាការឲ្យភ្ញាក់រលឹក និងធ្វើការដោះលែងជនជាប់ចោទទំាង ២១ នាក់ ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងថ្លុង ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤ នេះ ថា សាលារាជធានីភ្នំពេញ នៅមិនទាន់អនុញ្ញាតឲ្យ សហគមន៍អ្នកតវ៉ាទាំងនោះធ្វើនៅឡើយទេ។ ដោយលោកបានបញ្ជាក់ថា តំណាងសហគមន៍បឹងកក់ ទើបតែបានដាក់លិខិតស្នើសុំមកសាលារាជធានីភ្នំពេញ នៅល្ងាចថ្ងៃសុក្រ ដូច្នេះយើងរង់ចំាយកលិខិតនេះប្រគល់ជូនលោកអភិបាលរាជធានីភ្នំពេញ ធ្វើការសម្រេចថា អនុញ្ញាត ឬ មិនអនុញ្ញាត នៅថ្ងៃចន្ទនេះសិន ។
សូមរំលឹកថា លោក វ៉ន ពៅ ប្រធានសមាគមនសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមនិងបក្ខពួកចំនួន២០ នាក់ទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តកំពង់ចាម ក្រោមបទចោទប្រកាន់ថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិក្នុងហេតុការណ៍ ប៉ះទង្គិចគ្នា មួយកាលពីថ្ងៃ៣និងទី៤ ខែមករា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវវេងស្រេង និងផ្លូវជាតិលេខ៤ ដែលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច៤នាក់ បានស្លាប់ និងប្រមាណជា៤០នាក់ទៀតរងរបួស ក្នុងហេតុការណ៍បាតុកម្ម ទាមទារតម្លើងប្រាក់ខែដល់កម្មករ។បន្ទាប់ពីហេតុការប៉ះទង្គិចគ្នារវាងក្រុមអ្នកអុកឡុក និងអាជ្ញាធរប្រដាប់អាវុធ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សជាច្រើននាក់ ហើយតុលាការក៏បានសម្រេចឃុំខ្លួនមនុស្ស ២៣នាក់ ដាក់ក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម និងបានសម្រេចដោះលែងមនុស្ស២នាក់ ក្នុងចំណោមទាំង២៣នាក់ឲ្យមានសេរីភាពវិញ៕
ដោយ៖ ស.ស្អាត