ភ្នំពេញៈ គណបក្សនយោបាយទាំង២ ដែលបានជួបចរចារនៅថ្ងៃនេះ បានយល់ព្រម៣ចំណុចថ្មីទៀត ក្នុងនោះការយល់ព្រមបង្កើតច្បាប់ស្តីពីហិរញ្ញវត្ថុនិងយន្តការដោះស្រាយវិវាទនៃការបោះឆ្នោតផងដែរ។យោងតាមសេចក្តីថ្លែងការណ៍រួមការយល់ព្រមទាំង៣ចំណុច បានចុះហត្ថលេខា ដោយតំណាងក្រុមការងារគណបក្សនយោបាយទាំង២ គឺដោយលោកប៊ិនឈិននៃគណបក្សប្រជាជនកម្ពុជា និងលោកសុនឆ័យ នៃគណបក្សសង្គ្រោះជាតិ។
ចំណុច ដែលយល់ព្រមទាំង៣ រួមមានៈ ១/ ការរៀបចំ…ការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានា និងការពារសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប២/ រៀបចំបង្កើតច្បាប់ ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយ និងទី៣ ក្របខណ្ឌកំណែទម្រង់បោះឆ្នោតផ្សេងៗទៀត ដូចជាៈ ការកែទម្រង់ស្ថាប័នរៀបចំបោះឆ្នោតយន្តការនៃការដោះស្រាយវិវាទនៃ ការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយនិងមធ្យោបាយផ្សព្វផ្សាយសម្រាប់គណបក្ស នយោបាយ។ល។
បើតាមសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថា ការយល់ព្រម៣ចំណុចថ្មីថែមទៀត នៅថ្ងៃទី៣មីនានេះ គឺក្រោយការជជែកគ្នាច្រើនម៉ោងរវាងក្រុមការងារនៃគណបក្សប្រជាជន កម្ពុជា និងក្រុមការងារគណបក្សសង្គ្រោះជាតិនៅវិមានព្រឺទ្ធសភា។ សមាសភាព ដែលចូលរួមនាព្រឹកថ្ងៃទី៣មីនានេះ ពីខាងគណបក្សប្រជាជនកម្ពុជា រួមមាន៖ លោក ប៊ិន ឈិន, លោក ជាម យៀប, លោក ឈាង វ៉ុន, លោក ប៉ែនបញ្ញា, លោក ស៊ិក ប៊ុនហុក និង លោកស្រី គ្រួច សំអាន។ដោយឡែក ពីខាងគណបក្សសង្គ្រោះជាតិ រួមមាន៖ លោក សុន ឆ័យ, លោក យឹម សុវណ្ណ, លោក គួយ ប៊ុនរឿន, លោកអេង ឆៃអៀង, លោកម៉ៅ មុន្នីវណ្ណ, និង លោក ហូរ វ៉ាន់។សេចក្តីថ្លែងការណ៍រួម ចុងក្រោយរបស់គណបក្សនយោបាយទាំង២ បានបញ្ជាក់ថា ក្រុមការងារចម្រុះនៃគណបក្សទាំង២ នឹងបន្តជជែកគ្នាអំពីបញ្ហានេះ នៅថ្ងៃច័ន្ទទី១០មីនាថែមទៀត នៅវិមានព្រឹទ្ធសភា វេលាម៉ោង៩ព្រឹក៕ដោយៈភីនរ៉ា