ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ នៅព្រះដំណាក់សមេ្តចរាជបុត្រី ព្រះអនុជ នរោត្តម
អរុណរស្មីប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ខាងកើតវិមានឯករាជ្យមានពិធីជួបប្រជុំមួយរបស់ក្រុមការងារ
និងគណៈកម្មការប្រតិបត្តិរាជធានីភ្នំពេញ ។
កម្មវិធីប្រជុំក្រោមអធិបតីភាពឯកឧត្តម រស់ សាផន ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋាន និងឯកឧត្តម
ផាន់ សិទ្ធី ប្រធានគណៈកម្មការប្រតិបត្តិរាជធានីភ្នំពេញ ។ ក្នុងឱកាសនោះក៏មានវត្តមានឯកឧត្តម
ជាអនុប្រធានក្រុមការងារ និងអនុប្រធានគណៈកម្មការរាជធានីភ្នំពេញ សហជីវិន-សហជីវិនីប្រធាន-
អនុប្រធានគណៈកម្មការប្រតិបត្តិខណ្ឌទាំង៩ ចូលរួមប្រមាណ៦០នាក់ ។
របៀបវារៈក្នុងកិច្ចប្រជុំនោះរួមមានៈ
១.ការពិនិត្យបញ្ជីឈ្មោះក្រុមប្រឹក្សាជាតិ
២. ផែនការរៀបចំពិធីសំណេះសំណាល
៣. ការលើកស្លាកគណបក្សតាមខណ្ឌនីមួយៗ
៤. ការបង់វិភាគទានសម្រាប់ដំណើរការងារគណបក្ស
៥. ការចុះមូលដ្ឋាន
ឯកឧត្តម ផាន់ សិទ្ធី ប្រធានគណៈកម្មការប្រតិបត្តិបានលើកយករបៀបវារៈម្តងមួយមកដាក់ជូនអង្គប្រជុំ
ពិភាក្សាគ្នា និងផ្លាស់ប្តូរយោបល់គ្នាដើម្បីរកដំណោះស្រាយរួមរួចមក អង្គប្រជុំក៏បានសម្រេចដូចខាងក្រោមៈ
១. ប្រគល់ភារកិច្ចជូនប្រធាន-អនុប្រធានគណៈកម្មការប្រតិបត្តិខណ្ឌទាំង៩ឱ្យពិនិត្យបញ្ជីឈ្មោះ
ក្រុមប្រឹក្សាជាតិនៅក្នុងខណ្ឌនីមួយៗរបស់ខ្លួន និងតាមសង្កាត់ក្រោមឱវាទឡើងវិញ ។
២. ផែនការរៀបចំពិធីសំណេះសំណាលថ្វាយសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធាន
គណបក្សហ្វ៊ុនស៊ិនប៉ិច ជួបជាមួយសមាជិក-សមាជិកាត្រូវចែកចេញជា ០៣លើក ហើយក្នុងមួយលើក
រួមគ្នា០៣ខណ្ឌ កំណត់អ្នកចូលរួមប្រមាណ៥០០នាក់ក្នុងមួយលើកផងដែរ ។
៣. ប្រគល់ភារកិច្ចឱ្យប្រធានគណៈកម្មការប្រតិបត្តិខណ្ឌនីមួយៗ ត្រូវរកទីតាំងសមរម្យសម្រាប់
លើកស្លាកគណបក្សឱ្យបាន ០២ស្លាកយ៉ាងតិច ។
៤. ឯកឧត្តម ផាន់ សិទ្ធី បានសំណូមពរឱ្យក្រុមការងារ និងគណៈកម្មការប្រតិបត្តិរាជធានីភ្នំពេញ ព្រមទាំងខណ្ឌទាំងអស់ជួយឧបត្ថម្ភប្រចាំខែឱ្យបានទាន់ពេលវេលាតាមការកំណត់ ។
៥. ឯកឧត្តម រស់ សាផាន និង ឯកឧត្តម ផាន់ សិទ្ធី បានស្នើសុំក្រុមការងារ និងគណៈកម្មការប្រតិ
បត្តិដែលមានភារកិច្ចទទួលខណ្ឌនីមួយៗត្រូវចុះទៅមើលតាមសង្កាត់ឱ្យបានញឹកញាប់បន្តិច ពីព្រោះថា
ពេលវេលាយើងនៅខ្លីណាស់សម្រាប់បំពេញការងារនោះ ។ លើសពីនេះទៅទៀត ឯកឧត្តមស៊ឹម ស៊ូឡេង អនុប្រធានក្រុមការងារទទួលបន្ទុកខណ្ឌប្ញស្សីកែវបានសំណូមពរបន្ថែមឱ្យមានការជួបជុំមួយទៀតបន្ទាប់
ពីកម្មវិធីសំណេះសំណាលទាំង០៣ខាងលើ ដោយឯកឧត្តមស្នើសុំរៀបចំមួយលើកទៀតនៅសង្កាត់កោះ
ដាច់ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។ ចំពោះទីកន្លែង ពេលវេលាច្បាស់លាស់ត្រូវកំណត់ពេលក្រោយ
ចូលឆ្នាំខ្មែររួច ។
មុនបញ្ចប់ ឯកឧត្តម រស់ សាផន ប្រធានអង្គប្រជុំបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអ្នកចូលរួមទាំងអស់ ឯកឧត្តមក៏បានសំណូមពរឱ្យអនុវត្តតាមការសម្រេចចិត្តរបស់អង្គប្រជុំថ្ងៃនេះឱ្យមានប្រសិទ្ធិភាពផងដែរ ៕
ដោយៈ ពុធ វិច្ឆិកា