ភ្នំពេញ៖ មន្ត្រីការបរទេសអូស្ត្រាលី បានបញ្ជាក់ពីការអបអរសាទរ ចំពោះលទ្ធផលនៃកិច្ចប្រជុំចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅនេះ។ដែលបានព្រមព្រៀងគ្នាបង្កើតគណៈកម្មការចម្រុះ សម្រាប់កែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។
.jpg)
បន្ទាប់ពីជំនួបពិភាក្សារវាង លោកស្រី ជូលី ប៊ីសប់ ( Julie Bishop ) រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី និង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅទីស្តីការក្រសួងការបរទេស លោកស្រី ជូលី ប៊ីសប់ និង លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើសន្និសីទកាសែតរួមគ្នាមួយ។
.jpg)
លោកស្រី ជូលី ប៊ីសប់ បានបញ្ជាក់ពីជំហរ អូស្ត្រាលី គាំទ្រលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ក្នុងនោះ អូស្ត្រាលី ក៏បានសាទរលទ្ធផល នៃកិច្ចប្រជុំចរចារវាងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងការបង្កើតគណៈកម្មការចម្រុះ រវាងគណបក្សទាំងពីរ ដើម្បីកែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។ទន្ទឹមគ្នានោះ លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក៏បានស្នើឲ្យកម្ពុជា ទទួលយកជនភៀសខ្លួនស្របច្បាប់បរទេស ដែលមិនមែនជាជនជាតិកម្ពុជា ឲ្យមករស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
ចំណែកលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ក៏បានមានប្រសាសន៍ថាលោកបានស្នើឲ្យអូស្ត្រាលី បញ្ជូនអ្នកជំនាញមកចូលរួមក្នុងការកែទម្រង់ការបោះឆ្នោត នៅកម្ពុជា ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងតែចរចាគ្នាយ៉ាងសកម្មនាពេលនេះ។សូមជម្រាបថា នៅរសៀលថ្ងៃទីនេះ លោកស្រី ជូលី ប៊ីសប់ នឹងជួប ជាមួយលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា គឺពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ៕ ដោយ៖ សស្អាត