ភ្នំពេញៈ ក្រោយពីបានជួបចរចាគ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ អស់ពេលប្រហែលជា២ម៉ោងកន្លះរួចមក ក្រុមការងារចរចា បានព្រមព្រៀងគ្នាបង្កើតនូវគណៈកម្មាការចម្រុះមួយដែលមានសមាភាពជាប់ឆ្នោតខាងលើនៅក្នុងរដ្ឋសភាលោក សុន ឆ័យ ប្រធានក្រុមការងាររបស់គណបក្សសង្រ្គោះជាតិ បានថ្លែងក្នុងសន្និសទីរួមគ្នាថា គណបក្សទាំងពីរ បានមូលមាត់គ្នាជាឯកច្ឆន្ទ រៀបចំយន្តការកែទម្រង់ការបោះឆ្នោតទៅថ្ងៃខាងមុខ ដោយបង្កើតគណៈកម្មការចម្រុះ ដែលមានសមាសភាពស្មើគ្នា មកពីគណបក្សមានអសនៈក្នុងសភា។
លោកបន្តថា គណៈកម្មការចម្រុះនេះនឹងបំពេញការងាររបស់ខ្លួន តាមរយៈការប្រមូលមតិយោបល់ និងបទពិសោធន៍ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងប្រទេសដៃគូអភិវឌ្ឍន៍នានា ដើម្បីកែលម្អច្បាប់ និងកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។
ក្នុងនោះដែរ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា គឺលោក ព្រុំ សុខា មានប្រសាសន៍ផងដែរថា គណបក្សទាំងពីរក៏យល់ព្រមគ្នា បង្កើតឲ្យមានសិក្ខាសាលាថ្នាក់ជាតិ ដើម្បីបើកទូលាយឲ្យមានការចូលរួមយោបល់ និងអនុសាសន៍ពីប្រជាពលរដ្ឋ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងដៃគូរអភិវឌ្ឍន៍ ជុំវិញការកែលម្អការងារបោះឆ្នោត ដើម្បីឈានទៅរកការបោះឆ្នោតមួយ ដែលមានភាពសេរី និងយុត្តិធម៌។
លោកបានបញ្ជាក់ទៀតថា ក្នុងកិច្ចដំណើរការកែទម្រង់ការបោះឆ្នោត ក៏ត្រូវការការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិផងដែរ។ លោក ព្រុំ សុខា មិនបានបញ្ជាក់ពីការបរិច្ឆេទនៃការបង្កើតគណៈកម្មការចម្រុះ និងការរៀបចំសិក្ខាសាលាថ្នាក់ជាតិ នៅឡើយទេ ប៉ុន្តែលោកថានឹងរៀបចំនៅពេលឆាប់ៗខាងមុខនេះ។ខាងក្រោមនេះ លទ្ធផលនៃក្រុមចរចារបស់គណបក្សទាំងពីរបានព្រមព្រៀងគ្នាលើ៣ចំនុច៖
ទី១. ស្នើបង្កើតគណៈកម្មការចម្រុះមួយដោយមានសមាសភាពស្មើគ្នា មកពីគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែទម្រង់ការបើឆ្នោតនាពេលខាងមុខ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ សំដៅធានាឲ្យការបោះឆ្នោតប្រព្រឹត្តិទៅប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទី២ គណៈកម្មការចម្រុះត្រូវរៀបចំឲ្យមានសិក្ខាសាលាថ្នាក់ជាតិមួយ ដើម្បីបើកទូលាយអោយមានការចូលរួមយោបល់ និងអនុសាសន៍នានាពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ គណបក្សនយោបាយដែលមានចុះបញ្ជី សង្គមស៊ីវិលដែលមានជំនាញលើការងារបោះឆ្នោត ព្រមទាំងតួអង្គពាក់ព័ន្ធ។
ទន្ទឹមនេះ ត្រូវបង្កលក្ខណៈអោយមានការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់មតិយោបល់សម្រាប់ការកែទម្រង់ការបោះឆ្នោត ជាអាទិ៍ តាមរយៈវេទិកាសាធារណៈ។និងទី៣នោ ក្នុងកិច្ចដំណើរការនៃកំណែទម្រង់ការបោះឆ្នោតនេះ ត្រូវបង្កលក្ខណៈអោយមានការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិនានា។
សូមបញ្ជាក់ថា ការជួបគ្នាលើកនេះ គឺជាជោគជ័យមួយ ដែលអាចនឹងឈានទៅដល់ការដោះស្រាយបញ្ហាជាប់គាំងនយោបាយដែលកើតមាន បន្ទាប់ពីការបោះឆ្នោត។ ក្រុមការងារគណបក្សទាំងពីរ នឹងរាយការណ៍ពីលទ្ធផលជំនួបនេះ ជូនដល់ថ្នាក់ដឹកនាំកំពូលនៃគណបក្សរៀងៗខ្លួន ហើយរំពឹងថា ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរនេះ នឹងជួបចរចាគ្នាជាថ្មីទៀតក្នុងពេលឆាប់ៗនេះ៕ ដោយ៖ ភីន រ៉ា