ភ្នំពេញ៖ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងបំផុតនៅថ្ងៃទី២២ខែមករាឆ្នាំ២០១៤នេះ គឺត្រជាក់ជាងពេលត្រជាក់កន្លងទៅនិងមិនធ្លាប់មានពីមុនមក។ មន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម បាននិយាយដូច្នេះកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៤ ។លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជានាយកខុទ្ទកាល័យក្រសួងធន ធានទឹក និង ឧតុនិយមនិយាយថា សីតុភាពនឹងចុះត្រជាក់ខ្លាំងជាងពេលកន្លងទៅនៅថ្ងៃទី២២ខែមករាឆ្នាំ២០១៤ ដែលជាថ្ងៃត្រជាក់ខ្លាំងបំផុតសម្រាប់រដូវរំហើយឆ្នាំនេះ និង មិនធ្លាប់មានពីមុនមក។ សីតុណ្ហភាព នៅថ្ងៃទី២២ខែមករា អាចនឹងចុះទាបជាងថ្ងៃសព្វមួយដងចាប់ពី៣ទៅ៥អង្សាសេ។ នៅខេត្តខ្លះអាចចុះដល់កម្រិត១១អង្សាសេ ឬ ទាបជាងនេះទៅទៀត នេះបើយោងទៅតាមការព្យាករណ៍។
.jpg)
មន្ត្រីអ្នកនាំពាក្យខាងលើបញ្ជាក់ថា ស្ថានភាពសីតុណ្ហភាពអប្បរមានៅថ្ងៃទី២២ខែមករាឆ្នាំ២០១៤ ជាថ្ងៃដែលត្រជាក់ខ្លាំងជាងគេ នៅក្នុងរដូវវរងារ(រំហើយ)ឆ្នាំនេះ ដោយនៅខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគីរីមណ្អលគីរីសីតុណ្ហភាព អាចនឹងចុះដល់កម្រិត១១ទៅ១៣អង្សាសេ។ នៅខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ប៉ៃលិន និង ខេត្តស្ទឹងត្រែងសី តុណ្ហភាពអាចនឹងដល់កម្រិតពី១៤ទៅ១៦អង្សាសេ។
មន្រ្តីរូបនេះបានឲ្យដឹងទៀតថា នៅរាធានីភ្នំពេញ ខេត្តពោធិសាត់ កំពង់ធំ ក្រចេះ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង និង ខេត្តស្វាយរៀង សីតុណ្ហភាពអាចនឹងចុះដល់កម្រិតពី១៧ទៅ១៨អង្សាសេ។នៅខេត្តតាកែវ កំពត និងកោះកុង សីតុណ្ហភាពអាចនឹងចុះដល់កម្រិតពី១៩ទៅ២១អង្សាសេ។នៅថ្ងៃទី២៣ខែមករាឆ្នាំ២០១៤ សីតុណ្ហភាពអប្បរមានឹងចាប់ផ្តើមងើបឡើងបន្តិចវិញ។ ចាប់ពីថ្ងៃទី២៤ខែមករាទៅសីតុណ្ហភាពនឹងកើនឡើងជាបន្តបន្ទាប់។ រដូវរំហើយឆ្នាំនេះ នឹងបញ្ចប់នៅថ្ងៃទី២៦ខែមករាឆ្នាំ២០១៤៕ ដោយ៖ សស្អាត