ភ្នំពេញ៖ខណៈដែលបុណ្យនៃសេចក្តីស្រឡាញ់នឹងមកដល់នៅថ្ងៃទី១៤ ខែកុម្ភះស្អែកនេះ អាជីវករលក់ផ្កា ក៏ដូចជាអ្នក លក់ វត្ថុអនុស្សាវរីយ៍នៅរាជធានីភ្នំពេញ មានការត្អូញត្អែរចំពោះការលក់នៅឆ្នាំ២០១៤នេះ ដោយមិនសូវមានអ្នកមកកម្ម៉ង់និងជាវច្រើនដូចឆ្នាំកន្លងទៅ។ អ្នកលក់ផ្កានិងវត្ថុអនុស្សាវរីយ៍ត្អូញត្អែរ ចំពោះការលក់នារដូវបុណ្យនៃសេចក្តីស្រឡាញ់នៅឆ្នាំនេះ ដោយមិនសូវមានអ្នកមកទិញ កក់ផ្តាទុកដូចឆ្នាំមុនៗនោះទេ ។
ទាក់ទិននឹងចំណាយការលក់នៅរដូវបុណ្យនេះ អ្នកស្រី ចិត្ត សិលា អ្នកលក់ផ្កានិងវត្ថុអនុស្សាវរីយ៍នៅក្រោយសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ ២០១៤ថា ចំពោះការលក់ផ្កានិងវត្ថុអនុស្សាវរីយ៍ឆ្នាំនេះ អ្នកស្រីបាន ចំណាយដើមទុន ដោយលើសពីឆ្នាំមុនៗ ដើម្បីទិញផ្កាទុកលក់ តែការរំពឹងទុកមិនសូវល្អ សោះ។
អ្នកស្រីបានឲ្យដឹងទៀតថា កាលពីឆ្នាំកន្លងទៅ មិនទាន់ដល់ ថ្ងៃទី១៤ កុម្ភះផង មានភ្ញៀវច្រើន នាក់មកកក់កាដូ និងបាច់ផ្កាទុកជាមុនរួចស្រេចហើយ ប៉ុន្តែដោយឡែក នៅឆ្នាំនេះមិនសូវមានច្រើនដូចឆ្នាំ កន្លងទៅនោះឡើយ។ ចំពោះមូលហេតុនៃការថយចុះនេះ អ្នកស្រីបានប្រាប់ឲ្យដឹងថា ដោយសារតែនៅ មានអ្នកលក់ច្រើនជាងអ្នកទិញ។ អ្នកស្រីរំពឹងទុកថា នៅថ្ងៃស្អែកទី១៤ កុម្ភះ នឹងមានភ្ញៀវជាច្រើនមកជាវ ផ្កា ក៏ដូចជាវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតនៅកន្លែងអ្នកស្រី។
ចំណែកឯអ្នកលក់ផ្កាស្រស់នៅផ្សារធំថ្មីវិញ អ្នកស្រី អានី បានប្រាប់ឲ្យដឹងដែរថា អ្នកស្រីប្រកប របរលក់ផ្កាជាង ២០ឆ្នាំមកហើយ ហើយនៅរដូវបុណ្យនៃចក្តីស្រឡាញ់នេះដែរ អ្នកស្រីបានត្រៀមផ្កា កុលាបស្រស់សម្រាប់លក់ប្រមាណ ៨ពាន់ទង ដែលគិតជាទឹកប្រាក់ចំនួនប្រមាណ ៤ពាន់ដុល្លារអាមេរិក ។ អ្នកស្រីបានឲ្យដឹងទៀតថា នៅឆ្នាំនេះភ្ញៀវដែលអញ្ជើញមកជាវ រឺកម្ម៉ង់ផ្កាទុកជាមុននោះ មិនសូវមាន ច្រើនដូចឆ្នាំមុនៗទេ ដោយសារតែបច្ចុប្បន្នមានអ្នកលក់ផ្កាច្រើននៅតាមដងវិថី ក្នុងរាជធានីភ្នំពេញ ក៏ដូច ជាតាមសាលារៀនជាដើម។
គួររម្លឹកថា ទិវានៃសេចក្តីស្រឡាញ់មួយនេះ គឺជាបុណ្យរបស់ប្រទេសលោកខាងលិច។ ប៉ុន្តែយុវជន កម្ពុជាចូលរួមសាទរបុណ្យនេះច្រើនឆ្នាំមកហើយ។ ក្នុងនោះ នៅតាមដងផ្លូវរាជធានីភ្នំពេញ ក៏មានកន្លែងលក់ផ្កាថ្មីៗកើតឡើងព្រោងព្រាតដែរ៕
ដោយ៖ អភិរក្ស