ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សា ផ្លាស់ប្តូរយោបល់រវាងលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនា យករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក រ៉ាវីញ ដ្រាសីញ (Raving Drashing ) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ឥណ្ឌា កាលពីថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៤នេះ ភាគីកម្ពុជាបានចាត់ទុកភាគីឥណ្ឌាកំពុងតែដើរតួនាទី យ៉ាងសំខាន់ក្នុងការអភិរក្សផ្នែកបេតិកភ័ណ្ឌនិងវប្បធម៌នៅកម្ពុជា បន្ទាប់ពីប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាកាលពី ឆ្នាំ១៩៨៥មកនោះ។
តាមការកត់សម្គាល់ប្រទេសឥណ្ឌាបានជួយជួសជុលប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្មនិងប្រាសាទព្រះខ័រកំពង់ស្វាយជា ដើម ។មានប្រសាសន៍ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងនូវការកោតសរសើរនិងលើកទឹកចិត្តដល់ប្រទេសឥណ្ឌា ដើម្បីថត ខ្សែភាពយន្តនៅអង្គរវត្តដែលជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរណ៍ពី ឥណ្ឌាផងនិងពិភពលោកមកទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើនថែមទៀតក្នុងឆ្នាំបន្ទាប់ទៅនេះ។
លោកបណ្ឌិតសភាចារ្យ សុខ អាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យបេតិកភណ្ឌ វប្បធម៌ធម្មជាតិ ខណៈដែលវិស័យនេះកំពុងទាក់ទាញភ្ញៀវទេសចរណ៍គួឲ្យកត់សម្គាល់។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឲ្យប្រទេសឥណ្ឌាបង្កើត ជើងហោះហើរដោយត្រង់ពីឥណ្ឌាមកតំបន់អង្គរព្រោះកំណើនភ្ញៀវទេសចរណ៍ បរទេសរួមទាំងទេសចរណ៍ឥណ្ឌា មានកំណើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ។
លោក រ៉ាវិញ ដ្រាស៊ីញ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ឥណ្ឌាក៏បានបង្ហាញនូវការចាប់អារម្មណ៍ យ៉ាងខ្លាំង ចំពោះការថតខ្សែភាពយន្តនៅតំបន់អង្គរ ហើយលោកនឹងពិចារណានូវការចាប់ផ្តើមខ្សែភាពយន្តនោះ ព្រោះវាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌អរិយធម៌ពិសេសបេតិកភណ្ឌ វប្បធម៌ដ៏ ស្រស់ត្រកាលគ្មានពីរនៃប្រាសាទបូរាណនៅកម្ពុជាដល់ជនជាតិឥណ្ឌា និងភ្ញៀវទេសចរណ៍អន្តរជាតិ ៕ ដោយ ៖ ស ស្អាត