ភ្នំពេញ៖ ដើម្បីរឹតចំណងមេត្រីភាព ជាប្រពៃណីរវាងព្រះជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រ ជប៉ុន សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច និងស្វាមី កាលពីរាត្រីថ្ងៃទី១០ខែកុម្ភៈកន្លងទៅនេះ បានយាងនិងអញ្ជើញ ទៅទស្សនកិច្ចរយៈពេល១សប្តាហ៍នៅប្រទេសជប៉ុន ដើម្បីចូលរួមខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា - ជប៉ុន និងបន្តពង្រីកពង្រឹងចំណងមេត្រីភាពដែលមានល្អស្រាប់ ឲ្យកាន់តែប្រសើរជានិច្ចនិរន្ធ។
ជូនដំណើរដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេឃើញមាន លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្ស និងថ្នាក់ដឹកនាំ សមាជិក សមាជិការបក្សជាច្រើនរូបទៀត។មុនពេលចេញដំណើរសម្តេចព្រះអនុជ នរោត្តម អរុណរស្មី បានមានសុវណីយ៍ថា ក្នុងនាមជាព្រះអនុជ នៃព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេច យាងទៅប្រទេសជប៉ុននេះ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូត និងបន្តពង្រឹងពង្រីកចំណងមេត្រីភាព ដែលមានស្រាប់រវាងព្រះរាជវង្សានុវង្សនៃប្រទេសទាំងពីកម្ពុជា-ជប៉ុន។
សម្តេចមានសុវនីយ៍ទៀតថា ក្នុងដំណើរយាងបំពេញទស្សនកិច្ចនេះនឹងមានព្រះរាជសវនាការជាមួយសមាជិករាជវង្សានុវង្ស ព្រះរាជាណាចក្រជប៉ុន ជំនួបជាមួយរដ្ឋមន្រ្តីការបរទេស ជំនួបជាមួយមន្រ្តីការបរទេសទទួលបន្ទុកកិច្ចការអាស៊ី និងទស្សនកិច្ចនៅទីក្រុងតូត្យូ និង ខេត្ត គីយ៉ូដូ ។សូបជម្រាបថា សម្តេចព្រះអនុជ នរោត្តម អរុណរស្មី និងស្វាមី ទៅបំពេញទស្សនកិច្ចរយៈពេល១សប្តាហ៍ គឺចាប់ពីរាត្រីថ្ងៃទី១០ខែកុម្ភៈនេះតទៅ ហើយគ្រោងនឹងយាងនិវត្តមកមាតុប្រទេសវិញនៅថ្ងៃអាទិត្យទី១៦ ខែកុម្ភៈឆ្នាំ២០១៤ខាងមុខនេះ៕
ដោយ៖ ស.ស្អាត