ភ្នំពេញ៖ អង្ករក្រអូបរបស់កម្ពុជា បានឈ្នះលេខ១ទៀតហើយ ក្នុងការប្រកួត និងទទួលស្គាល់ជាអង្ករ ដែលមានរសជាតិឆ្ងាញ់ជាងគេនៅលើពិភពលោក ដែលការប្រកួតនេះបានធ្វើឡើងនៅទីក្រុងហុងកុង ប្រទេសចិន។ បន្ទាប់ពីការក្រកួតលើទី១ នៅឆ្នាំ២០១២នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីមក។
នេះបើតាមប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ បានមានប្រសាសន៍ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា លោកបានទទួលព័ត៌មាន ពីក្រុមការងាររបស់សហព័ន្ធដែលទៅចូលរួមក្នុងការប្រកួតជែងប្រឡង រសជាតិអង្ករក្រអូប ទូទាំងពិភពលោកនាទីក្រុងហុងកុងប្រទេសចិនមកថា អង្ករក្រអូបរបស់កម្ពុជាយើង បានឈ្នះលេខ១ ក្នុងការប្រកួត និងទទួលស្គាល់ជាអង្ករ ដែលមានរសជាតិឆ្ងាញ់ ជាងគេនៅលើពិភពលោក ទៀតហើយ។
លោកឧកញ៉ា គឹម សាវុធ បានប្រាប់បន្តថា ក្រុមប្រតិភូសហព័ន្ធអ្នកនាំចេញអង្ករ កម្ពុជាបានចេញទៅទីក្រុងហុងកុងកាលពីថ្ងៃទី១៩ខែវិច្ឆិកា ហើយថ្ងៃនេះ លោកបានទទួលព័ត៌មាន ពីប្រតិភូទាំងនោះមកវិញថា អង្ករកម្ពុជាយើងទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតអង្ករដែលមានរសជាតិឆ្ងាញ់ជាងគេ។ លោកបន្តទៀតថា នេះជាលើកទី២ហើយដែលអង្ករកម្ពុជា ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរសជាតិឆ្ងាញ់ជាងគេក្នុងពិភពលោក ។
អគ្គនាយក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វូដ ដែលនាំមុខគេក្នុងអាជីវកម្មនាំចេញអង្ករនេះ បានចាត់ទុកថាជ័យលាភីលេខ១នេះ គឺជាជោគជ័យយ៉ាងធំធេងសម្រាប់កម្ពុជា ទាំងការបង្ហាញឈ្មោះលើឆាកអន្តរជាតិ និងភាពល្បីល្បាញពីរស់ជាតិរបស់អង្ករកម្ពុជា នឹងផ្តល់ភាពងាយស្រួល ដល់បណ្តាលអ្នករកស៊ីនាំចេញអង្ករ ក្នុងការលក់ចេញបានតម្លៃថ្លៃទៀតផង។ ពិសេសនឹងជំរុញដល់កសិករកម្ពុជាឲ្យខិតខំប្រឹងប្រែងដាំដុះស្រូវអង្ករក្រអូបឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីនាំយកទៅលក់នៅក្នុងទីផ្សាអន្តរជាតិបានបានកាន់តែច្រើនហើយបានថ្លៃខ្ពស់។
សូមបញ្ជាក់ថា អង្ករក្រអូប មានអង្ករផ្ការំដួល ឬ អង្ករផ្កាម្លិះ (ហៅតាមតំបន់) ត្រូវបានសហព័ន្ធអ្នកនាំចេញអង្ករជ្រើសរើស ដើម្បីយកទៅប្រកួតប្រជែងរស់ជាតិអង្ករឆ្ងាញ់ជាងគេនៅលើពិភពលោកក្នុងកម្មវីធីខាងលើនេះ ហើយការជ្រើសរើសអង្ករផ្ការំដួលនេះពិតជា ធ្វើឲ្យកម្ពុជាទទួលបានភាពល្បីល្បាញបន្ថែមទៀត នៅលើឆាកអន្តរជាតិ និងអាចដណ្តើមបានទីផ្សារអង្ករចាប់ពីពេលនេះតទៅ៕
ដោយ៖ ស.ស្អាត