កម្ពុជា រៀបចំបោះ​ជំរុំ យុវជន​អន្តរជាតិ ​លើកទី៤ ​នៅភ្នំពេញ ​ពីថ្ងៃទី ៩-១៣ កុម្ភៈ​
ពេលវេលាចេញផ្សាយ៖​ (កាលពី 12 កន្លងទៅ )  

ភ្នំពេញ ៖ ការច្របាច់បញ្ចូលគ្នារវាងប្រជាជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលហៅកាត់ថា សមាហរណកម្ម អាស៊ាន ដែលនឹងឈាន ចូលមកដល់ នៅឆ្នាំ២០១៥​ ខាងមុខនេះ ​តាមការ​គ្រោងទុកនោះ ​ជាកិច្ចស្វាគមន៍ កម្ពុជា នឹងរៀបចំបោះជំរុំយុវ​ជន ជាលក្ខណៈអន្តរជាតិ ជាលើកទី៤ របស់ខ្លួន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែកុម្ភៈ ឆ្នាំ២០១៤ នៅរាជធានី​ភ្នំពេញ។ការបោះជំរុំយុវជនអន្តរជាតិនៅឆ្នាំ២០១៤នេះ គឺជាលើកទី៤ហើយ បន្ទាប់ពីចាប់​ផ្តើម​នៅ​កម្ពុជា​ក្នុងឆ្នាំ២០១០មកនោះ។ ការរៀបចំឲ្យមានពិធីបោះជំរុំយុវជនជាលក្ខណៈអន្តរជាតិនេះ​ឡើងដោយមាន​ការ​​សហការរវាង ក្រសួង អប់រំយុវជន និងកីឡា សាកលវិទ្យាល័យ​ប៊ែលធី​អន្តរជាតិ និង អង្គការសម្ព័ន្ធយុវជន អន្តរជាតិ​នៅកម្ពុជា ហៅកាត់ថា IYF ។

ដើម្បីចាប់ផ្តើមការបោះជំរុំ ជាលក្ខណៈអន្តរជាតិនៅពេលខាងមុខនេះប្រកបដោយប្រសិទ្ធភាព ក្រុមអ្នកសហ​ការ​បាន​​​រៀធ្វើ​សន្និសីទមួយ កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅ​សាកល​វិទ្យាល័យប៊ែលធីអន្តរជាតិ ដោយ​មាន​ការចូលរួមមន្រ្តីជំនាញ​ក្រសួងអប់រំយុវជន​និងកីឡា តំណាងអង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា និងភាគីពាក់​ព័ន្ធ​​​ច្រើននាក់ទៀត។លោក អ៊ី សេងលី អនុប្រធាន IYF បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននោះថា កម្មវិធី​បោះជុំរុំឆ្នាំ២០១៤នេះ នឹងរៀបចំឡើងនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តាមបណ្តោយ​ផ្លូវសហព័ន្ធរុស្ស៊ី រាជធានី​ភ្នំពេញ ដែលមានរយៈពេល៥ថ្ងៃ ក្នុងគោល បំណងឲ្យយុវជន​នៅតំបន់ អាស៊ានទាំងអស់ បានមកជួបជុំគ្នា ដើម្បី​បង្កើត​ទំនាក់ទំនង ជាមួយគ្នាបន្ថែមទៀត ជាពិសេសដើម្បីឲ្យពួកគេចេះបណ្តុះបណ្តាលនូវគំនិតអប់រំ ច្នៃប្រឌិត សហការគ្នា និងចេះ​ជួយគ្នាទៅវិញទៅមក ហើយមានសិស្ស និស្សិតចូលរួម ប្រមាណ ២០០០នាក់ មកពីមហា​វិទ្យាល័យ វិទ្យាល័យ ដែលអង្គការបាន ជ្រើសរើស ។លោកបន្តទៀតថា កម្មវិធីលើកនេះ នឹងមានសិស្ស និស្សិតពី ៥ទៅ១០ ភាគរយ មកពី​ប្រទេសចំនួន៣៥នៅលើ​ពិភពលោកមកចូលរួម ជាពិសេសមកពីសាធារណរដ្ឋកូរ៉េ និង​ប្រទេស​​​ជាសមាជិកក្នុងតំបន់ ។ ក្នុងនោះមានរៀបចំសម្តែងនូវរបាំវប្បធម៌ នៃប្រទេសផ្សេងៗ ដោយសិស្ស និស្សិត សម្រាប់​កម្ពុជានឹងបង្ហាញនូវរបាំដែលជាវប្បធម៌ ប្រពែណីជនជាតិខ្មែរ​យើង។ ក្រុមតន្ត្រីពិភពលោក​ក៏ត្រូវ​បាន​អញ្ជើញ​មកប្រគុំ ដើម្បីទទួលស្វាគមន៍ សិស្ស និស្សិត ចូលរួមកម្មវិធីការបោះជំរំជាលក្ខណៈ​អន្តរជាតិដ៏វិសេសនេះ​ផងដែរ។

លោកអនុប្រធាន IYF បានបញ្ជាក់ថា សិស្ស និស្សិតដែលបានចូលរួម​នឹងទទួល​បានបទ​ពិសោធន៍ ការស្វែង​យល់​ពី​ការ​រស់នៅ គំនិតច្នៃប្រឌិត វប្បធម៌​ផ្សេងៗនៅលើពិភពលោក។ ទោះបីជាវប្បធម៌ផ្សេង ភាសារផ្សេងគ្នា យ៉ាងណាក៏​ដោយ គឺមានតែមិត្តភាព និងសាមគ្គី​ភាព ដែលជាកំលាំងថាមពលនៃការបោះជំរំអន្តរជាតិនេះ។លោក តូច ជឿន អគ្គនាយក នាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជននិងកីឡា បានមាន​ប្រសាសន៍ថា កម្មវិធីនេះ គឺបាន​​​ផ្ដល់នូវ​​បទ​​ពិសោធន៍ជីវិត ការអប់រំ បង្កើនសមត្ថភាព និងការរស់នៅ ក្នុងសហគមន៍ដែលពោរពេញ ដោយបរិយាកាស​គ្រប់​បែប​យ៉ាង ដល់យុវវ័យ​(មនុស្សវ័យក្មេង)។​លោកបន្តថា យុវវ័យដែលបាន ចូលរួមនៅក្នុងកម្មវិធីនេះ នឹងទទួលបាននូវអ្វី ដែលជាការសម្រេចចិត្ត ផ្ទាល់ខ្លួន សម្រាប់រស់នៅក្នុងសង្គម ហើយពួកគេនឹងយល់ ដឹងកាន់តែច្បាស់ពីសហគមន៍ សង្គម សារៈសំខាន់នៃជីវិត និងចេញបើកចំហរទទួលយកនូវអ្វី ដែលជាចំណុចល្អៗ ហើយក៏នឹងចេញរំលែកទៅវិញ​ទៅមក នូវអ្វីដែលជាបទពិសោធន៍ និងបំណិនជីវិត ក្រៅពីនេះពួកគេ នឹងយល់ដឹងពីអារម្មណ៍ របស់មនុស្សនៅជុំវិញ​ពិភពលោក ជាពិសេស គឺខ្លួនឯងផ្ទាល់។

លោក តូច ជឿន បានបញ្ជាក់ថា កម្មវិធីបោះជំរំអន្តរជាតិនេះ វាឆ្លើយតប​នឹង​រដ្ឋធម្មនុញ្ញ ច្បាប់អប់រំ និងគោល​នយោបាយ​​​របស់រាជរដ្ឋាភិបាល​នៅក្នុងការអភិវឌ្ឍន៍កាយសម្បទា ប្រាជ្ញា​ស្មារតី និងផ្លូវចិត្ត ជាពិសេសគឺជាពេល​បណ្តុះ​​​បណ្តាលយុវជននៅ​ជុំវិញពិភពលោក​ឆ្លងកាត់​នូវរបាំង នៃពណ៌សម្បុរ ភាសា វប្បធម៌ និងចិត្តគំនិត ដើម្បីបើក​ចិត្ត​​​យុវជនឲ្យធំទូលាយ ឲ្យគេមានសេរីភាពពីដែនកំណត់នៃគំនិតរបស់គេ ហើយទទួលយកចិត្តពីអ្នកដ៏ទៃ និងទទួល​យក​ពិភពលោកទាំងមូល។ ដូច្នេះកម្មវិធីបោះជំរំអន្តរជាតិនេះ វាជានាវានៃការផ្លាស់ប្តូរ យុវជនឲ្យទៅជាពលរដ្ឋនៃ​ពិភព​លោក ដែលជាអ្នកដឹកនាំនៅថ្ងៃអនាគត។សូមបញ្ជាក់ថា ការបោះជំរំអន្តរជាតិ បានចាប់ផ្តើមនៅសាធារណរដ្ឋ​កូរ៉េក្នុងឆ្នាំ១៩៩៥។ ជារៀងរាល់ឆ្នាំ ការបោះជំរំអន្តរជាតិ បានដំណើរការនៅ៣០ប្រទេសជុំវិញពិភពលោក ដោយ​មាន​​​យុវជន​ជាច្រើនពាន់នាក់បានចូលរួម។ សម្រាប់នៅកម្ពុជា មានចំនួន៣លើករួចមក​ហើយ ក្នុងឆ្នាំ២០១០នៅ​សណ្ឋាគារ​​ណាហ្គាវើល ឆ្នាំ២០១១នៅមណ្ឌល​សន្និបាត និង​ពិព័ណ៌កោះពេជ្រ និងក្នុងឆ្នាំ២០១២​នៅវិទ្យាស្ថានបច្ចេក​វិទ្យា​​កម្ពុជា(ITC​)​ដោយទទួលបាន​លទ្ធផលយ៉ាងល្អប្រសើរ៕

ដោយ៖ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រលាញ់​រាប់​អាន។ រយៈ​ពេល​ជាង​ពីរ​ឆ្នាំ

សួស្ដី​យុវវ័យ ប្រិយមិត្ត​អ្នក​អាន​ជា​ទី​ស្រល...អានបន្ត

កសិកម្ម • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [993]


​កិច្ចប្រជុំ​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ​បាន​ចាប់​ផ្តើម​នៅ​​ម៉ោង​​៩​​ព្រឹក​នេះ​ ​

ភ្នំពេញៈ នៅព្រឹក​ម៉ោង ៩ ថ្ងៃទី​១០ ខែ​មីនា​នេះ ក្រុ...អានបន្ត

នយោបាយ • កាលពី​ : 12 ឆ្នាំមុន • បើកមើល : [829]


ប្រទេសជប៉ុ​ន​បាន​ចាប់​ផ្តើ​ម​បង្ហោះ​ Rocket ​ទៅ​ក្នុង​បរិ​យា​កាស​

ប្រទេសជប៉ុន៖ប្រទេសជប៉ុនបានចាប់ផ្តើមបង្ហោះRoc...អានបន្ត

ព័ត៌មានច្រើនទៀត • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [902]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 411 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 718 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230817​ នាក់