ភ្នំពេញ៖ បញ្ហាចំនួន៤រួមមាន ផ្លូវស្ពាន ប្រព័ន្ធស្រោចស្រព បណ្តាយអគ្គិសនី និបណ្តាញទូរគមនាគមន៍ត្រូវបាន លើកមកពិភាក្សាក្នុងកិច្ចប្រជុំតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់ប្រើជាធាតុចូល ក្នុងការលើកសំណើរធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
ក្នុងកិច្ចប្រជុំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីម្សិលមិញ អង្គប្រជុំបានពិនិត្យ និងពិភាក្សាបញ្ហាពាក់ព័ន្ធនឹងការតភ្ជាប់ស្ពានផ្លូវនិងច្រកព្រំដែន ដោយក្រសួងសាធារណៈការបានលើកគម្រោងបើកច្រកអន្តរជាតិថ្មីបន្ថែមទៀតជាមួយប្រទេសឡាវ ចំនួន២ គឺច្រកត្រពាំងគ្រៀល និងកំពង់ស្រឡៅ។ចំណែក ជាមួយប្រទេសវៀតណាម ចំនួន៦ គឺច្រកអូរយ៉ាដាវ ម៉ឺនជ័យ ព្រៃវល្លិ៍ បន្ទាយចក្រី កោះសំពៅ និងក្អមសំណ។ចំណែកខាងប្រទេសថៃ មានចំនួន៣គឺ ច្រកអានសេះ ជប់គគីរ និងថ្មដា។
ពាក់ព័ន្ធនឹងប្រព័ន្ធស្រោចស្រព អង្គប្រជុំបានជំរុញឱ្យក្រុមការងារបច្ចេកទេសកម្ពុជា និងវៀតណាម ធ្វើការពន្លឿនការរៀបចំបទបញ្ញត្តិពាក់ព័ន្ធនឹងការប្រើប្រាស់ទឹករួមគ្នានៅតាមព្រំដែនដើម្បីបញ្ជូនថ្នាក់ដឹកនាំរៀងៗខ្លួនពិនិត្យសម្រេច។ផ្នែកអគ្គសនី ក្រសួងរ៉ែ និងថាមពលបានលើកគម្រោងភ្ជាប់អគ្គិសនីពីប្រទេសឡាវមកកាន់ខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជា ហើយគម្រោងនេះកំពុងស្វែងរកហិរញ្ញប្បទានសម្រាប់អនុវត្ត។អង្គប្រជុំបានជម្រុញឱ្យវិស័យទូរគម នាគមន៍កម្ពុជាបន្តកិច្ចសហប្រតិបត្តិការជាមួយទូរគមនាគមន៍ប្រទេសជិតខាងថែមទៀតផងដែរ។
លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ជាអ្នកដឹកនាំកិច្ចប្រជុំនោះបានមានប្រសាសន៍ថា របៀបវារៈនៃកិច្ច ប្រជុំពិភាក្សានេះគឺជាការផ្តោតលើគម្រោងតភ្ជាប់ជាមួយប្រទេសជិតខាងស្របតាមការណែនាំរបស់ នាយករដ្ឋមន្ត្រី ។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះមានការចូលរួមពី រដ្ឋមន្ត្រី រដ្ឋលេខាធិការនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្រសួងសាធារណៈការនឹងដឹកជញ្ជូន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងរ៉ែនិងថាមពល ក្រសួង ប្រៃសណី និងទូរគមនាគមន៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ ដោយ៖ រតនា