ភ្នំពេញ៖ កំណត់ត្រាថ្មីនៃសត្វត្រយ៉ងចង្កំកស(Pseudibis davisoni) ត្រូវបានរកឃើញមានចំនួន ៩៧៣ ក្បា ល នៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយទិន្នន័យដ៏ច្រើននេះធ្វើឲ្យគេសនិដ្ឋានថា សត្វ ប្រភេទនេះ ដែលមាននៅលើពិភពលោក គឺមានចំនួនច្រើនជាងការព្យាករណ៍ធ្វើឡើងក្នុងការសិក្សា មុនៗ។សេចក្តីប្រកាសព័ត៌មានរួមរវាងអង្គការធ្វើការពាក់ព័ន្ធនឹងសត្វព្រៃ និងធម្មជាតិ ចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា បានឲ្យដឹងថា លទ្ធផលនៃគំហើញនេះ គឺបញ្ជាក់ថា កម្ពុជាគឺជាប្រទេសគាំទ្រ ចំនួនត្រយ៉ងចង្កំកសដ៏ច្រើនសម្បើម។
ពោលគឺកម្ពុជាមានវត្តមានសត្វដែលជិតផុតពូជមួយនេះ ច្រើនជាងគេបំផុតនៅលើពិភពលោក។អង្គការជីវិតសត្វស្លាបអន្តរជាតិ(Bird life International) រួមនឹងដៃគូក្នុងនោះមាន៖ រដ្ឋបាលព្រៃឈើ, អគ្គនាយកដ្ឋានរដ្ឋបាលអភិរក្ស និងការពារធម្មជាតិ, អង្គការធនធានមនុស្ស និងអភិរក្ស (PRCF), អង្គការអភិរក្សសត្វព្រៃ(WCS),មជ្ឈមណ្ឌលសំវាស នា (SVC), និងអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ(WWF) បានសហការគ្នាក្នុងការ អង្កេតទ្រនំសត្វត្រយ៉ងចង្កំកសចំនួន៥៩នៅតាមទីតាំងសំខាន់ៗដែលមាននៅទូទាំងប្រទេសកម្ពុជា។សម្ព័ន្ធអង្គការទាំងនេះបានដំណើរការជំរឿនប្រភេទសត្វនេះប្រចាំខែចំនួន៤ដង នៅពេញ មួយរដូវស្សា ហើយការរាប់ក្នុងខែកញ្ញាទទួលបានចំនួនរហូតដល់៩៧៣ក្បាល។ ទិន្នន័យថ្មីនេះ លើសពីចំនួនរាប់មុនៗទាំងអស់និងខិតយ៉ាងគៀកទៅនឹងចំនួនសរុបអតិបរិមាមាននៅកម្ពុជាដែលបានធ្វើការព្យាករណ៍កន្លងមក ពោលគឺនៅក្នុងដើមឆ្នាំ២០១៣ចំនួនសត្វប្រភេទនេះត្រូវបានប៉ាន់ប្រមាណថាមាននៅកម្ពុជាចំនួនពី៨៩៧ទៅ៩៤២ក្បាល។ដោយហេតុថាទ្រនំមួយចំនួន នៅ មិនទាន់រកឃើញដោយក្រុមអ្នកស្រាវជ្រាវដូចនេះនៅមានសត្វប្រភេទនេះច្រើនទៀត មិនត្រូវបានកត់ត្រាក្នុងពេលជំរឿននារដូវវស្សាកន្លងទៅនេះ។
អាស្រ័យហេតុនេះអាចព្យាករណ៍ថាចំនួនសរុបនៃត្រយ៉ងចង្កំកសនៅក្នុងប្រទេសកម្ពុជាអាចនឹងមានខ្ពស់ជាងនេះ ពោលអាចមានលើសពី ១០០០ក្បាល។លទ្ធផលនេះបានពីការធ្វើការតាមដានអស់រយៈពេលជិតមួយទសវត្សរ៍តាមរយៈការងារ អភិរក្សរបស់អង្គការអន្ដរជាតិអង្គការជាតិ ព្រមទាំងភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធនានា។លោកបណ្ឌិត Hugh Wright មកពីសាកលវិទ្យាល័យខែមប្រីតដ៍ (Cambrigde) និងជាអ្នក ជំនាញលើប្រភេទសត្វត្រយ៉ងចង្កំកសបាននិយាយថា ចាប់តាំងពីឆ្នាំ២០០៩មក ការសម្របសម្រួល រាប់ទ្រនំបានចាប់ផ្តើមចំនួនបក្សីដ៏កម្រនេះត្រូវបានរកឃើញថាមានការកើនឡើងជារៀងរាល់ឆ្នាំ។
សកម្មភាពអភិរក្សយ៉ាងច្រើនត្រូវបានអនុវត្តន៍ក្នុងនោះសកម្មភាពការពារសំបុកបក្សីដើម្បីបង្កើន អាត្រាការរស់រានរបស់កូនបក្សីប្រហែលជាបានចូលរួមចំណែកដល់ការកើនឡើងនៃ ចំនួនបក្សី នេះ ក៏ប៉ុន្តែចំនួនដែលកើនឡើងនេះក៏អាចបណ្តាលមកពីមានការកើនឡើងនៃការខិតខំប្រឹងប្រែង ស្រាវជ្រាវនិងការទទួលបានព័ត៌មានច្រើនអំពីទីតាំងទ្រនំផងដែរ។ទីតាំងទ្រនំភាគច្រើនត្រូវបានរកឃើញថា ស្ថិតនៅក្រៅតំបន់ការពារ និងនៅក្នុងតំបន់ការពារប៉ុន្តែជាតំបន់ដែលមានការគម្រាមកំហែង អាស្រ័យហេតុនេះអនាគតនៃប្រភេទបក្សីនេះគឺនៅមិនទាន់មានភាពជាក់លាក់នៅឡើយទេ។លោកបណ្ឌិត Hugh Wright បញ្ជាក់ថា ភាគច្រើននៃបក្សីទាំងនេះគឺកំពុងប្រឈមនឹងហានិភ័យនៃការបាត់បង់ទីជម្រកដែលកើតមានបណ្តាលមកពីការផ្លាស់ប្តូរនៃសកម្មភាពការប្រើប្រាស់ដី ហើយបច្ចុប្បន្ននេះមានច្រើនជាង៧៩ភាគរយនៃបក្សីនេះត្រូវបានរាប់នូវទ្រនំដែលមានទីតាំងក្រៅតំបន់ការពារ។
ការរាប់បញ្ជាក់ថា តំបន់ស្នើព្រៃការពារភាគខាងលិចសៀមប៉ាងជាទីតាំងដ៏សំខាន់បំផុតសម្រាប់សត្វជិតផុតពូជនេះនៅលើពិភពលោកដោយវាគាំទ្រដល់ការរស់នៅរបស់សត្វនេះយ៉ាងតិចណាស់៤៥១ក្បាលស្មើនឹង៤១ភាគរយនៃចំនួនសរុបដែលមានក្នុងពិភពលោក ដោយឡែកតំបន់ដែនជម្រកសត្វព្រៃលំផាត់មានចំនួន២៩៨ក្បាល។តែទោះជាយ៉ាងណាតំបន់ទាំងពីរនេះគឺបានរងការគម្រាមកំហែងដោយដីសម្បទាន សេដ្ឋ កិច្ចដែលនឹងបំផ្លាញទីតាំងទ្រនំ និងទីជំរករកចំណីសំខាន់ៗសម្រាប់ប្រភេទសត្វនេះ។
ទីតាំងសំខាន់ៗផ្សេងទៀតនៅក្នុងការធ្វើជំរឿនថ្នាក់ជាតិសម្រាប់ប្រភេទបក្សីនេះ រួមមាន ដែនជម្រកសត្វព្រៃគូលែនព្រំទេពនៅក្នុងខេត្តព្រះវិហារ ព្រៃការពារមណ្ឌលគិរីខេត្តមណ្ឌលគិរី និងតំបន់ព្រៃលិចទឹកទន្លេមេគង្គក្នុងខេត្តក្រចេះនិងស្ទឹងត្រែង ហើយតំបន់ទាំងអស់នេះក៏ត្រូវបានកត់ត្រា ក្នុងពេលជំរឿននៅក្នុងឆ្នាំ២០១៣នេះថា មានការកើនឡើងខ្ពស់ផងដែរ។ជាមួយនឹងចំនួនសរុបដែលមានក្នុងពិភពលោកតែ១១០០ទៅ១២០០ក្បាលប៉ុណ្ណោះនោះ គឺប្រទេសកម្ពុជាអាចមានវត្តមានសត្វត្រយ៉ងចង្កំកសដល់ទៅ៩៧ភាគរយ ដែលនេះរួមបញ្ចូល ទាំងរបាយការណ៍មួយចំនួនតូចដែលមាននៅតំបន់បឹងទន្លេសាប នឹងទ្រនំដែលមិនបានរកឃើញមួយចំនួន ពោលគឺប្រទេសកម្ពុជាគឺដើរតួដ៏សំខាន់ក្រៃលែងក្នុងការអភិរក្សបក្សីប្រភេទនេះ។អង្គការពាក់ព័ន្ធខាងលើ បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា លទ្ធផលនៃការធ្វើ ជំរឿនថ្មីៗនេះ វាជាពត៌មានវិជ្ជមានដែលបញ្ជាក់ថា នៅតែមានការងារសំខាន់ៗយ៉ាងច្រើនទៀត ដែលត្រូវធ្វើបើចង់ឲ្យបក្សីប្រភេទនេះធានាបានសុវត្ថិភាព។
ថ្មីៗនេះរាជរដ្ឋាភិបាលអណត្តិថ្មីបានប្រកាសថា នឹងមិនមានការផ្តល់ដីសម្បទានទៀតទេ តែទោះជាយ៉ាងណាក៏ដោយតំបន់សំខាន់ៗសម្រាប់សត្វត្រយ៉ងចង្កំកសគឺស្ថិតនៅក្នុងតំបន់ដែលផ្តល់ដល់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរួចទៅហើយ។ ដូច្នេះការគម្រាមកំហែងចម្បងទៅលើបក្សីប្រភេទនេះទាមទាឲ្យមានការទទួលស្គាល់ពីសំណាក់អ្នកពាក់ព័ន្ធដែលរួមមានរាជរដ្ឋាភិបាល សម្បទានិក អង្គការជាតិ និងអន្តរជាតិ៕ ដោយ៖ រតនា