ភ្នំពេញ ៖ វិស័យសិល្បៈភាពយន្តខ្មែរ បច្ចុប្បន្នកាន់តែមានការរីកលូតលាស់ និងទាក់ទាញពីមួយឆ្នាំទៅមួយឆ្នាំដែលអាចរកចំណូលបានប្រមាណជិត៧០លានរៀល ចូលក្នុងវថិកាជាតិឆ្នាំ២០១៣កន្លងទៅនេះ។ការរីកលូតលាស់នេះ ក៏ដោយសារមានកិច្ចសហប្រតិបត្តិការល្អ ក្នុងការងារសិល្បៈភាពយន្ត និងការផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ ចេញទៅបណ្តារប្រទេសជាច្រើននៅក្នុងតំបន់និងនៅលើពិភពលោក។
លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងនៅសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៣ និងទិសដៅសម្រាប់ឆ្នាំ២០១៤ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈនេះថា ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាដៃគូរ និងផ្សព្វផ្សាយអំពីការងារសិល្បៈភាពយន្ត និង វប្បធម៌ខ្មែរ បានធ្វើឲ្យមានការចាប់អារម្មណ៏ពីផលិតកម្មបរទេសល្បីៗជាច្រើនចូលវិនិយោគលើវិស័យនេះនៅកម្ពុជា។ដូចយ៉ាងនៅក្នុងឆ្នាំ២០១៣កន្លងទៅនេះ មានផលិតកម្មបរទេសធំៗចំនួន១៤ផលិតកម្ម បានមកសុំអាជ្ញាប័ណ្ណ ផលិតខ្សែភាពយន្តធ្វើឲ្យយើងអាចរកចំណូលបានចំនួន៦៩.៩៤៥.០០០រៀល ចូលថវិកាជាតិ ។
លោកថៃ នរៈសត្យា បានបន្តថា ការងារវប្បធម៌ បានចូលរួមសហការបានល្អប្រសើរ ក្នុងការបម្រើសកម្មភាពផ្សេងៗ ដោយក្រសួងបានលើកទឹកចិត្ត និងកែលម្អចំពោះការថែរក្សា សកម្មភាពវប្បធម៍របស់មហាជនតាមតំបន។ទន្ទឹមនេះយើងបានសិក្សាស្រាវជ្រាវ អំពីប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ និងជនជាតិភាគតិច ព្រមទាំងបានប្រមូលផ្តុំចងក្រង នូវល្បែងប្រជាប្រិយ៍ពីតំបន់នីមួយៗមកធ្វើជាឯកសារទុកសម្រាប់ក្មេងជំនាន់ក្រោយៗ ៕ដោយ៖ ស.ស្អាត