ភ្នំពេញៈ បច្ចុប្បន្ននេះ មានប្រទេសចំនួន ៣១ បានចូលរួមជាសមាជិកនៃគំនិតផ្តួចផ្តើមនេះ ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី បង់ក្លាដេស ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ទីក្រុងម៉ាកាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ប៉ាហ្គីស្ថាន ហ្វីលីពីន ប្រទេសកោះសាម៉ៅ សឹង្ហបូរី ស្រីលង្ការ ថៃ ទីម័រឡេសតេ និងវៀតណាមជាដើម។ចំណែកប្រទេសកម្ពុជាបានក្លាយជាសមាជិកទី១៩ នៃគំនិតផ្តួចផ្តើមនេះ កាលពីថ្ងៃទី ៤ ខែមិនា ឆ្នាំ២០០៣ នៅឯកិច្ចប្រជុំក្រុមការងារលើកទី៣ របស់ខ្លួន ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
យោងតាមសេចក្តីរបស់អង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជាបានឱ្យដឹងថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមការងារលើកទី១៩ និងសន្និសីទប្រឆាំងអំពើពុករលួយ ប្រចាំតំបន់លើកទី៨ ចាប់ពីថ្ងៃទី២-៤ ខែកញ្ញា ឆ្នាំ២០១៤ នៅរាជធានីភ្នំពេញ ក្រោមគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយ (ADB/OECD) សម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វិកនិងអង្គភាពប្រឆាំងអំពើពុករលួយ។
សេចក្តីជូនដំណឹងដដែលរបស់អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជក់ថាការប្រជុំនេះផ្តោតលើការពិភាក្សាពាក់ព័ន្ធនឹងប្រធានបទ ដូចជា ការបង្កើតប្រព័ន្ធតម្លាភាព និងប្រសិទ្ធភាពសម្រាប់សេវាសាធារណៈ ការបង្កើតសុចរិតភាពក្នុងវិស័យសាធារណៈ គណនេយ្យភាព និងតម្លាភាព។ការពង្រឹងសកម្មភាពប្រឆាំងការសូកប៉ាន់នេះជាការលើកកម្ពស់សុចរិតភាព ក្នុងការប្រតិបត្តិការពាណិជ្ជកម្ម និងវិធានការដ៏មានប្រសិទ្ធភាពប្រឆាំងការសូកប៉ាន់ការទទួលខុសត្រូវក្នុងសាជីវកម្ម គណនេយ្យភាព និងការគាំទ្រយ៉ាងសកម្មដល់កាវិនិយោគសាធារណៈ សិទ្ធិទទួលបានព័ត៌មាន និងការចូលរួមពីសាធារណៈជនជាដើម។
សេចក្តីជូនដំណឹងឲ្យដឹងទៀតថា កិច្ចប្រជុំក្រុមការងារនេះចូលរួមដោយអង្គការជាសមាជិកក្រុមប្រឹក្សាផ្តល់យោបល់ ប្រទេសជាសមាជិកនៃ គំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយ ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ADB/OECD ទាំងអស់៕ ដោយ៖ ភីន រ៉ា