ភ្នំពេញ៖ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង អង្គការកុមារអាស៊ីអាស្ពេកា បានព្រមព្រៀង រួមគ្នាផ្តល់អាហារូបករណ៍ចំនួន១០០កន្លែងជារៀងរាល់ឆ្នាំ សម្រាប់សិស្សនិស្សិតមកពីអង្គការអាស្ពេកានៅកម្ពុជា។ ការសន្យាបែបនេះ ធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម អ៊ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក Roland Girault ប្រធានអង្គការកុមារអាស៊ី អាស្ពេកាកាល នៅទីស្តី ការ ក្រសួង។
នៅក្នុងជំនួបនោះឯកឧត្តម អ៊ិត សំហេង បានថ្លែងស្វាគមន៍ចំពោះវត្តមានរបស់លោក Roland Giraultនិងគណៈប្រតិភូ ចំពោះកិច្ចសហប្រតិបត្តិការរយៈពេល២០ឆ្នាំ កន្លងមកនេះ។ ឯ/ឧបន្តថា អាស្ពេកា បានផ្តល់នូវវិធីសាស្ត្រល្អៗចំពោះការថែទាំកុមារ និងការបណ្តុះបណ្តាលជំនាញផ្សេងៗចាប់ពីកំរិតបច្ចេកទេសរហូតដល់កំរិតឧត្តមសិក្សា ។ ឯកឧត្តម បានចាត់ទុកថាសកម្មភាពទាំងនេះពិតជាបាន រួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្ស ក៏ដូចជាជួយដល់កុមារងាយរងគ្រោះនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រឆាំងនឹងការកេញប្រវ័ញ្ញលើពលកម្មកុមារ។
លោក Roland Giraultបានមានប្រសាសន៍ថា បច្ចុប្បន្នអង្គការ មានកុមារ និងយុវជន ក្នុងបន្ទុកចំនួនជាង៣៥០០នាក់ នៅតាមមជ្ឈមណ្ឌលថែទាំទូទាំងប្រទេសហើយក្នុងមួយឆ្នាំៗ មានយុវជនប្រមាណជាង ១០០នាក់ ត្រូវបន្តការសិក្សានៅមហាវិទ្យាល័យ ។កត្តាទាំងនេះហើយ ធ្វើឱ្យអង្គការលោកមានការព្រួយបារម្ភ ចំពោះការថែទាំកុមារ និងយុវជនដើម្បីឲ្យពួកគេបានរៀនសូត្រខ្ពង់ខ្ពស់។ លោកបន្តថាកន្លងមក យុវជនចេញពីអាស្ពេកា បានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ រហូតបានក្លាយជា វេជ្ជបណ្ឌិត ឱសថការី និងមេធាវី ទៀតផង ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៣ អាស្ពេកាបានរៀបចំឱ្យមានការបន្តការសិក្សាថ្នាក់មហាវិទ្យាល័យចំនួន ១០៥នាក់បន្ថែមទៀត ក្រោយពេលពួកគេបានបញ្ចប់ថ្នាក់ទុតិយភូមិ។ ទន្ទឹមនឹងនេះ លោកRoland Girault បានសូមស្នើដល់ឯកឧត្តមរដ្ឋមន្រ្តីសុំកិច្ចសហប្រតិបត្តិការ និងមតិណែ នាំ លើករណីនេះ ។
សូមបញ្ជាក់ថាក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈមានគោលការណ៍ផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំ ដោយទទួលសិស្ស និស្សតិ ១០% នៃសិស្ស និស្សិតសរុប ឱ្យចូលរៀនឥតបង់ប្រាក់ នៅតាមមជ្ឈមណ្ឌល និងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ៕ដោយ៖ អភិរក្ស