ខេត្តបន្ទាយមានជ័យ៖ មន្ត្រីការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គ្រោងនិងចាប់បញ្ជូនជនសង្ស័យចំនួន៦នាក់ ទៅកាន់តុលាការនៅវេលាព្រឹកថ្ងៃថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤នេះ ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់។
បើយោងតាមរបាយការណ៍ របស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា កម្លាំង នគរបាល ក្រុង សិរីសោភណ្ឌ បានសហកាជាមួយនិងកម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរគ្រឿងញៀនខេត្ត បានចុះទៅបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់មួយកន្លែង ដែលស្ថិតនៅក្នុងភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤»។ របាយការណ៍នោះបានបន្ថែមថា ករណីនេះ បានចុះប្រមូលមនុស្សចំនួន៦នាក់ ក្នុងនោះមានបុរសជនជាតិថៃម្នាក់ឈ្មោះថៃ អាត ភេទប្រុស អាយុ៣០ឆ្នាំ ជាមេក្លោងជួញដូរគ្រឿងញៀន រួមទាំងអ្នកប្រើប្រាស់ចំនួន៥នាក់ទៀត និងបានធ្វើការរឹបអូសវត្ថុតាងមានដូចជាគ្រឿងញៀនមេតំហ្វេតាមីន ម៉ាទឹកកកចំនួន២៩កញ្ចប់ថង់តូចផងដែរ។
លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ជនសង្ស័យកំពុងស្ថិតនៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ហើយយើងនិងចាប់បញ្ជូនទៅតុលាការនៅវេលាព្រឹកថ្ងៃសុក្រ។ លោកបញ្ជាក់ថា ការចុះបង្ក្រាបលើកនេះ ត្រូវបានធ្វើឡើងទៅតាមវិធានការណ៍ជំនាញ ដោយប្រើប្រាស់កម្លាំងជំហរនិងសម្ងាត់ ក្នុងការចុះស៊ើបអង្កេតរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងជួញដូរនិងប្រើប្រាស់ផងដែរ។ លោកបន្តថា ជនសង្ស័យឈ្មោះ ថៃ អាត ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួននិងធ្វើការបង្ក្រាប ហើយជននេះមានប្រពន្ធជាជនជាតិខ្មែរតែងតែចេញចូលដីខ្មែរ-ថៃ ជាញឹកញាប់ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសគ្រឿងញៀន។ ដោយ៖ អភិរក្ស