ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់ចរាចរមួយ បានបង្កឡើងដោយរថយន្តម៉ាកសាំងយ៉ុងដឹកបើកមិនប្រកាន់ស្តាំជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ខណៈពេលកំពុងបើកបរច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយស្លាប់ និងមនុស្ស១៤នាក់ទៀតរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៨ ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ស្ថិតក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោក នៅ សុខន អធិការរងស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើបានធ្វើឲ្យមនុស្សម្នាក់និងជនរងគ្រោះប្រុសស្រី១៤នាក់ទៀតបានរងរបួសធ្ងន់ស្រាលផងដែរ។ លោកបន្តថា អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2T-3436 ដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ដោក ឈុនហេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកឯតៃកុងរថយន្តម៉ាកសាំងយ៉ុង ពណ៌ខៀវចាស់ ពាក់ស្លាលេខស្វាយរៀង 2A-0653 ឈ្មោះ យ៉ា យាន ភេទប្រុស អាយុ២៦ឆ្នាំ បានរងរបួសធ្ងន់ មានទីលំនៅក្នុងភូមិព្រៃអង្គក្នុង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ លោក នៅ សុខន បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាកសាំងយ៉ុងមួយគ្រឿង ដឹកអ្នកដំណើរចំនួន១០នាក់ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៨យ៉ាងលឿន ពីទិសដៅពីជើងទៅត្បូង។
លុះបើកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តខាងលើ បានបើករេចង្កូតមកខាងឆ្វេងដៃ ហើយបានជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយនៅខាងស្តាំដៃ បណ្តាលឲ្យរថយន្តទាំងពីរប៉ើងខ្ទាតធ្លាក់ទៅចិញ្ចើមផ្លូវជាតិតែម្តង។ ក្រោយពីកើតហេតុរួចមក មនុស្សជិះនៅក្នុងរថយន្តបានរងរបួសទាំងអស់គ្នាឈាមហូរស្រាចខ្លួន ហើយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានស្ទូចនាំយកមករក្សាទុកនៅអធិការដ្ឋាននករបាលស្រុក ដើម្បីចាត់ការតាមច្បាប់។ រីឯសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ អភិរក្ស