ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងសមាគមបណ្តាញដៃគូពាណិជ្ជកម្មអន្តរជាតិ បានអំពាវនាវដល់ដៃគូពាក់ព័ន្ធនានារួមគ្នាប្រឆាំងទំនិញក្លែងក្លាយឆ្លងដែននៅតំបន់អាស៊ាន។នេះជាការអំពាវនាវរបស់លោកអនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា អប់ រ៉ាឌី ដែលបានថ្លែងនៅក្នុងសិក្ខាសាលាពាណិជ្ជកម្មអន្តរជាតិ២០១៤ ស្តីពី«កិច្ចសហប្រតិបត្តិការថ្នាក់ជាតិក្នុងការអនុវត្តច្បាប់សិទ្ធិបញ្ញាចំពោះការក្លែងបន្លំ»ដែលមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងមកពីស្ថាប័នអនុវត្តច្បាប់សរុបចំនួន ៤០រូប នៅ សណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៥ ខែមករា ២០១៤។
លោក អប់ រ៉ាឌី បានឱ្យដឹងទៀតថារដ្ឋាភិបាលកម្ពុជាកំពុងតែមានការបារម្ភអំពីការគ្រប់គ្រងទំនិញក្លែងក្លាយដែលនឹងឆ្លងដែនចូលកម្ពុជាដែលសហគមន៍អាស៊ាននឹងចូលមកដល់នៅឆ្នាំ២០១៥ ខាងមុខនេះ។ដូចនេះយើងធ្វើយ៉ាងណាដើម្បីពង្រឹងស្ថាប័នមានសមត្ថកិច្ច កំណត់អត្តសញ្ញាណទំនិញក្លែងក្លាយឱ្យបានច្បាស់លាស់។ហើយពេលលំហូរទំនិញមិនស្គាល់ម៉ាកឬទំនិញក្លែងក្លាយចូលមកប្រទេសយើងវានឹងធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ។មិនតែប៉ុណ្ណោះលំហូរទំនិញក្លែងក្លាយចូលកាន់តែច្រើនវានឹងអាចធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចប្រទេសយើងផងដែរ ដោយជះឥទ្ធិពលអាក្រក់ដល់ការវិនិយោគនៅកម្ពុជាយើង…ជាដើម។
លោកអនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាកម្ពុជា បានបញ្ជាក់ថា កម្ពុជាយើងជាប្រទេសមួយដែលរងគ្រោះដោយសារទំនិញក្លែងក្លាយ ដោយសារតែទំនិញគ្រប់ជ្រុងនៃពិភពលោកបាននាំចូលមកប្រទេសកម្ពុជាហើយយើងទាំងអស់គ្នានឹងខិតខំធ្វើយ៉ាងណា ដើម្បីទប់ស្កាត់ ដោយពង្រឹងស្ថាប័នរបស់យើងក្នុងការទប់ទល់ជាមួយនឹងបញ្ហាទាំងអស់នេះ ហើយពួកយើងទាំងអស់គ្នាធ្វើនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជាយើងក៏ដូចជាប៉ះពាល់ដល់សុខភាពអ្នកវិនិយោគក្នុងប្រទេស ផងដែរ។
លោក ថូនី សាហ្វៀល ប្រធានសមាគមបណ្តាញប្រឆាំងការក្លែងបន្លំបានប្រសាសន៍ដែរថា សិក្ខាសាលាមួយនេះ ដែលគឺមានគោលបំណង ដើម្បីចូលរួមចំណែកក្នុងការកសាង និងពង្រឹងសមត្ថភាពជូនស្ថាប័នអនុវត្តច្បាប់កម្ពុជាដែលអាចបំពេញការងាររបស់ខ្លួនឲ្យបានកាន់តែមានប្រសិទ្ធភាពឡើង ក្នុងការអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញាក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូល ស្របតាមផែនការសកម្មភាព ថ្នាក់តំបន់ស្តីពីការអនុវត្តកម្មសិទ្ធិបញ្ញារបស់ ASEAN ២០១១-២០១៥ ក្នុងគោលដៅរួមបង្កើតសហគមន៍សេដ្ឋកិច្ច ASEAN ក្នុង ឆ្នាំ២០១៥។
លោកបន្ថែមថា ជាពិសេសតម្រូវឲ្យរដ្ឋបាលគយ និងស្ថាប័នអនុវត្តច្បាប់ដែលពាក់ ព័ន្ធក្នុងប្រទេសជាសមាជិកអាស៊ានទាំង ១០ នឹងប្រកាន់យកតួនាទីដ៏សំខាន់ ក្នុងការកំណត់នូវអត្តសញ្ញាណទំនិញក្លែងក្លាយដែលបានកំពុងតែឆ្លងកាត់ព្រំដែនចូលទៅក្នុងសហគមន៍ ASEAN។សូមបញ្ជាក់បន្ថែមថា សិក្ខាសាលា នេះបង្ហាញជូនផងដែរអំពីនិន្នាការក្លែងបន្លំផលប៉ះពាល់ នៃទំនិញក្លែងក្លាយ ការចែករំលែកបទពិសោធន៍ និងភាពវៃឆ្លាតថ្មីល្អៗនៃការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីជួយឲ្យស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា អាចកំណត់អត្តសញ្ញាណទំនិញក្លែងក្លាយ ដែលឆ្លងកាត់ព្រំដែនឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕ ដោយៈ ភីន រ៉ា