ភ្នំពេញ៖ ស្ថាប័ន្ត អេ ស៊ី ស៊ី អេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈ យោគយល់នៃការប្រឡងរួមគ្នា រវាងក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានគណនេយ្យករជំនាញសវនករក្នុងគោលបំណងដើម្បីគាំទ្រពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការកសាងហេដ្ឋារចនាសម្ព័ន្ធគណនេយ្យដល់ការអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចនៅប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីនោះដោយមានថ្នាក់ដឹកនាំអាជីវកម្មប្រមាណ៥០នាក់ផ្សេងទៀត លោក ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាស្នងការរាជរដ្ឋាភិបាលផ្នែកគណនេយ្យសវនកម្មនៅកម្ពុជា បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នានេះ ស្ថាប័នទាំងបី និងធ្វើការរួមគ្នា ដើម្បីជំរុញ និងសម្រេចបានស្ដង់ដារ វិជ្ជាជីវៈ ក្រមសីលធម៌ និងអភិបាលកិច្ចខ្ពស់បំផុត និងដើម្បីគាំទ្រដល់វិជ្ជាជីវៈគណនេយ្យសវនកម្ម និងហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
លោកបញ្ជាក់ថា “ក្នុងនាមជាបញ្ញត្ដិករ វិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ក្រុមប្រឹក្សជាតិគណនេយ្យមានសេចក្ដីរីករាយក្នុងការធ្វើជាដៃគូជាមួយស្ថាប័ន អេ ស៊ី ស៊ី អេ ។ វាគឺជាការកត់សម្គាល់នៃកិច្ចសហប្រតិបត្ដិការកាន់តែជិតស្និទ្ធ ដើម្បីធ្វើឱ្យកាន់តែរីកចំរើននូវវិជ្ជាជីវៈគណនេយ្យសវនកម្ម និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ស្ថាប័នបញ្ញត្ដិករវិជ្ជាជីវៈ និងអ្នកជំនាញវិជ្ជាជីវៈ មានតួនាទីស្នូល ក្នុងការការពារផលប្រយោជន៍សាធារណៈ និងប្រសូត្រកម្មតម្លៃរបស់មហាជន ហើយកិច្ចសហប្រតិបត្ដិការនេះអាចលើកស្ទួយវិជ្ជាជីវៈនិយម និងស្ដង់ដារក្រមសីលធម៌ឱ្យដល់កម្រិតខ្ពស់មួយ” ។
នាយកវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា លោកខូយ គឹមឡេង បានសម្តែងនូវភាពរីករាយ ដោយបានកិច្ចសហប្រតិបត្ដិការល្អជាមួយនិង ស្ថាប័ន អេ ស៊ី ស៊ី អេ ដែលបានចូលរួមចំណែកបម្រើផលប្រយោជន៍រួម ដើម្បីកសាងសមត្ថភាព និងលទ្ធភាពកាន់តែខ្លាំងឡើងនៅក្នុងវិជ្ជាជីវៈ គណនេយ្យនិងហិរញ្ញវត្ថុនៅកម្ពុជា។ លោកក៏បានបន្ថែមទៀតថា ស្ថាប័នទាំងពីរនឹងធ្វើការជាមួយគ្នា ដោយឈរលើផលប្រយោជន៍ទៅវិញទៅមកលើគំនិតផ្ដួចផ្ដើមនានា ដែលពាក់ព័ន្ធជាមួយនិងការអប់រំការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ការប្រឡង និងការសិក្សាស្រាវជ្រាវ។
ទន្ទឹមនឹងនោះដែរ លោកស្រី ហេឡែន ប្រ៊ែន នាយកប្រតិបត្តិនៃស្ថាប័ន ACCA បានបញ្ជក់ថា កិច្ចសហប្រតិបត្ដិការនេះ គឺជាភាពជាដៃគូដ៏មានសារសំខាន់ ដោយហេតុថា វាជាកិច្ចសហប្រតិបត្ដិការបន្ដទៅមុខជាច្រើនឆ្នាំទៀត ហើយការធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ គឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ដ្ររបស់ស្ថាប័ន អេ ស៊ី ស៊ី អេ និងតម្លៃឈ្នួលរបស់យើង។
គួររម្លឹកថា ស្ថាប័ន ACCA មួយនេះ បានចូលរួមចំណែកជួយគាំទ្រទាំងបច្ចេកទេស និងហិវញ្ញវត្ថុ លើសកម្មភាពរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ ស្របពេលជាមួយគ្នា ស្ថាប័ននេះនឹងបន្តការគាំទ្ររបស់ខ្លួនឱ្យកាន់តែខ្លាំងក្កាបន្ថែមទៀតដល់ស្ថាប័នទាំងពីរខាងលើ៕ ដោយៈ ភីនរ៉ា