ភ្នំពេញ ៖ ចាប់តាំងពីក្រោយការបោះឆ្នោតសាកលខែកក្កដាឆ្នាំ២០១៣រួចមក ស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជាមានភាពតានតឹងដាក់គ្នា រវាងគណបក្សនយោបានដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងរដ្ឋសភា ដែលបង្កឱ្យជះឥទ្ធិពលខ្លះៗដល់សេដ្ឋកិច្ច ហើយវិនិយោគគិនមួយចំនួនកំពុងរង់ចាំមើលនៅពេលបង្កើតរដ្ឋាភិបាលរួច ។ ក្រៅពីនេះ សូម្បីតែអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធតូចតាចក៏ទទួលរងផលប៉ះពាល់ខ្លះៗដែរ ។
លោក តាក់ គាំ ជាអ្នកប្រកបមុខរបរស្ងោពោតលក់ បានឱ្យដឹងថា ចំណូលពីការលក់ពោតស្ងោរបស់គាត់មានការធ្លាក់ចុះបន្តិចបន្តួច ដែលក្នុងមួយថ្ងៃគាត់អាចលក់ពោតស្ងោបានប្រមាណជា២ទៅ៣ផ្លូនតែប៉ុណ្ណោះ បើលក់អស់ទាំងអស់គឺទទួលបានផលចំណេញខ្លះ តែបើលក់មិនដាច់អស់ទេ(នៅសល់ច្រើន) គឺថ្ងៃនោះមិនទទួលបានផលចំណេញមួយសេនឡើយ មានតែខាតដើម ពិសេសនៅថ្ងៃសៅរ៍-អាទិត្យ ដែលជាថ្ងៃឈប់សម្រាករបស់កម្មកររោងចក្រកាត់ដេរ និងអ្នកធ្វើការងារផ្សេងៗគឺគាត់លក់មិនសូវដាច់ទេតែគាត់បានបញ្ចុះពោតមកនៅត្រឹមតែ២ផ្លូន ឬ២ផ្លូនជាងបន្តិចបន្តួចតែប៉ុណ្ណោះ ។
លោក តាក់ គាំ និង សាច់ញ្ញាតជាច្រើននាក់ទៀតបាននាំគ្នាធ្វើចំណាកស្រុកមកពីស្រុកកំពង់ត្របែក ខេត្តព្រៃវែង មកជួលផ្ទះនៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ បឹងកក់២ ខណ្ឌទួលគោគក្នុងរាជធានីភ្នំពេញ ដើម្បីប្រកបមុខរបរសោ្ងពោតលក់។ លោក តាក់ គាំ បាន និយាយថា គាត់គឺជាអ្នកលក់ពោតស្ងោនេះមុនគេ តាំងពីឆ្នាំ១៩៩៤មកម៉្លេះ ពេលនោះរូបគាត់ នៅលីវនៅឡើយទេ ។ ក្រៅពីការងារបង្ករបង្កើនផលស្រូវរួចរាល់ រូបគាត់តែងតែលាឪពុកម្តាយមកមកទីក្រុង ដើម្បីប្រកបរបរលក់ពោតស្ងោរ សន្សំលុយរកប្រពន្ធផង និងទុកជួយផ្គត់ផ្គង់ជីវភាពគ្រួសារដែលជួបការលំបាកផង។
លោក គាំ និយាយទៀតថា ប៉ុន្មានឆ្នាំមុននេះ លោកទិញពោតមួយផ្លូនតម្លៃតែ២ទៅ៣ពាន់រៀលប៉ុណ្ណោះយកមកស្ងោលក់ ហើយលក់តែមួយព្រឹកអាចលក់អស់ពោត៣ទៅ៤ផ្លូន និងរកចំណូលបានពី៣ទៅ៤ម៉ឺនរៀលក្នុង១ថ្ងៃ ។ បន្ទាប់មកតម្លៃពោតចេះតែឡើងឥតឈប់ឈរ រហូតមកដល់ពេលនេះ តម្លៃពោតខ្ចីឡើងដល់ ២,៨០០០ទៅដល់៣០,០០០រៀលឯណោះ ធ្វើ ឲ្យពួកគាត់ពិបាកនិងរកទិញពោតយកមកស្ងោលក់ណាស់ ព្រោះវាថ្លៃខ្លាំងពេក នេះមិនទាន់គិត ដល់ថ្លៃទឹក អុស អំបិល និងសម្ភារៈផ្សេងៗទៀតផង ។ លោកបន្តថា សព្វថ្ងៃនេះពួកគាត់ចេះតែលក់ៗសិនទៅក្រែងស្ថានការណ៍ស្រុកទេសនឹងហ្នបន្តិចទៀត តម្លៃពោតអាចចុះថោកបន្តិចវិញ។
យ៉ាងណាក៏ដោយមានការអះអាងដូចៗគ្នាថា កន្លងមកការលក់ពោតស្ងោររបស់ពួកគាត់អាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរមួយកម្រិតដែរ បន្ថែមពីលើមុខរបរធ្វើស្រែចំការ។ ហើយពួកគាត់នៅមិនបោះបង់ចោលមុខរបរនេះទេ នឹងបន្តលក់បើទោះជាចំណេញតិចតួចក៏ ដោយ ព្រោះពួកគាត់គ្មានមុខរបរអ្វីផ្សេងនោះឡើយ។ចំណែក លោក ប៊ុយ សាវុធ ជាអ្នកទើបតែមកលក់ពោតស្ងោដែរនោះ និយាយថា គាត់ទើបតែ មកលក់ក្រោយគេ ហើយគាត់ទៅទិញ និងយកពោតស្ងោទៅលក់គឺដោយប្រើប្រាស់កង់ជាមធ្យោបាយ។ រៀងរាល់ថ្ងៃគាត់តែងតែទៅយកពោតពីផ្សារដើមគរ មកស្ងោ និងយកទៅលក់ នៅតាមទីប្រជុំជន ឬ តាមបណ្តាផ្លូវនានាក្នុងក្រុង រហូតដល់ពេលល្ងាចបើលក់មិនទាន់អស់ទេ គាត់យកទៅលក់នៅតាមមុខរោងចក្រមួយចំនួនទៀត។ លោកបញ្ជាក់ថា ជាទូទៅក្នុងមួយថ្ងៃ គាត់អាចរកចំណូលបានពី២០,០០០ទៅ២៥,០០០រៀលដោយមិនគិតថ្លៃដើម តែគាត់មានការ ហត់នឿយជាងគេ ព្រោះត្រូវអូសកង់ និង ជិះកង់ដើរលក់ទម្រាំអស់ពោត២ផ្លូនទៅ៣ផ្លូននោះ។ទាក់ទិនទៅនឹងនយោបាយក្នុងស្រុកសព្វថ្ងៃនេះវិញ លោកបានបង្ហាញនូវការគាំទ្រ ចំពោះការសុំតម្លើងប្រាក់ឈ្នួលជូនកម្មករ ព្រោះលោកនៅជិតនិងកម្មកររាល់ថ្ងៃ លោកមើលឃើញពួកគេមានជីវភាពលំបាកជាងគាត់ទៅទៀត ក្នុង១ពេលគេទិញតែបាយមួយកញ្ចប់ សំឡរមួយកូនថង់បរិភោគតែប៉ុណ្ណោះ ដើម្បីសន្សំលុយកាក់ខ្លះផ្ញើទៅឲ្យឪពុកម្តាយនៅផ្ទះ។ ចំពោះរឿងធ្វើបាតុកម្មវិញ លោកមិនចង់ឃើញទេ គឺចង់ឃើញថ្នាក់ដឹកនាំគណបក្សទាំងពីរនិយាយគ្នាដោយសន្តិវិធី រិះរកមធ្យោបាយយ៉ាងណាឲ្យប្រទេសមានសុខសន្តិភាព មិនចង់ឃើញសង្រ្គាមទៀតឡើយ គឺលោកខ្លាចមានសង្រ្គាមណាស់ ព្រោះសង្គ្រាមបានបំផ្លិចបំផ្លាញប្រទេសយើងជាច្រើនជំនាន់មកហើយ និងបានសម្លាប់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ លោក សាវុធ បានអំពាវនាវដល់អ្នកដឹកនាំទាំងអស់មេត្តាគិតគូរពីសុខទុក្ខរបស់ប្រទេសជាតិ ជីវិតរបស់ប្រជាជន កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន យកគំរូប្រទេសអភិវឌ្ឍន៍មួយចំនួននៅលើសាកលលោក មកអភិវឌ្ឍន៍ប្រទេសឲ្យមានការរីចំរើន បង្ហាញពីវប្បធម៌ទន់ភ្លន់របស់កម្ពុជាដែលធ្លាប់មាន ដល់ពិភពលោកឲ្យគេស្គាល់កាន់តែច្រើន លុបបំបាត់នូវអំពើហិង្សានានាឲ្យអស់ ងាកមកស្រលាញ់គ្នា ក្នុងនាមជាជាតិសាសន៍តែមួយទៅថ្ងៃអនាគត។
ដោយឡែកអ្នកស្រី ស្រីមុំ ជាអ្នកលក់ពោតស្ងោរតាមកង់ដែលតែងតែឈប់សំចតនៅសួនច្បារ ទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ជិតផ្សារដើមគបានឱ្យដឹងដែរថា នៅប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកស្រីលក់មិនដាច់ទាល់តែសោះព្រោះ ផ្លូវមួយចំនួនត្រូវបានបិទ និងគ្មានអ្នកទិញ ។ ការលក់ពោតស្ងោរក្នុងមួយថ្ងៃចាប់ពី៨០-៩០ផ្លែ ហើយក្នុងមួយផ្លែចំណេញបានតែ២០០រៀលប៉ុណ្ណោះ គឺចំណេញបានបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដូច្នេះការរកស៊ីរបស់អ្នកស្រីមានការលំបាកណាស់ ។ ជាចុងក្រោយ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់បានអំពាវនាវដល់ អ្នកនយោបាយទាំងអស់សូមមេត្ដាគិតគូរពីជីវភាពរបស់អ្នកប្រកបរបរតូចតាចទាំងអស់នេះផង ពីព្រោះពេលណាអ្នកនយោបាយត្រូវរ៉ូវគ្នាធ្វើការរកស៊ី របស់ពួកគាត់ក៏សុខស្រួលទៅតាមនោះដែរ ៕
ដោយ៖ ស.ស្អាត