ភ្នំពេញ៖ ដោយសារកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចំរើនគួឲ្យកត់សំគាល់ និងស្របពេលដែលប្រទេសកំពុងបោះជំហានចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានហើយក៏ជាតម្រូវការចាំបាច់បំផុតក្នុងការប្រើប្រាស់ប្រព័ន្ធគមនាគមន៍សម្រាប់អភិវឌ្ឍន៍ប្រទេស នោះ ផ្លូវល្បឿនលឿន (Express Way )ពិតជាមានសារសំខាន់ណាស់សំរាប់បំរើឲ្យវិស័យសេដ្ឋកិច្ចឬឧស្សាហកម្មទំនើបក្នុងប្រទេសមួយនេះ។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានមានប្រសាសន៍នៅក្រោយសិក្ខាសាលាមួយស្តីពី ផែនការមេសាងសង់ផ្លូវល្បឿនលឿននៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃពុធទី៨ខែមករាឆ្នាំ២០១៤នេះថា នៅឆ្នាំ២០១៤នេះGDPសំរាប់ប្រជាពលរដ្ឋកម្ពុជានឹងកើនដល់ជាង១០០០ដុល្លារសហរដ្ឋអាមេរិក មានន័យថា ជាពេលវេលាដ៏ល្អសំរាប់កម្ពុជាក្នុងការចាប់ផ្តើមគិតគូពីការសាងសង់ផ្លូវល្បឿនលឿន ស្របតាមស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍន៍ផ្លូវល្បឿនលឿននៅក្នុងប្រទេសជិតខាងដែលកំពុងដំណើរការយ៉ាងសកម្មនោះ។ កម្ពុជាគ្រោង នឹងសាងសង់ផ្លូវល្បឿនលឿនប្រវែងជាង២០០គីឡូម៉ែត្រ ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុដែលត្រូវចំណាយថវិកាប្រមាណជាង២០០០លានដុល្លារអាមេរិក នៅក្នុងអំឡុងឆ្នាំ២០២០ខាងមុខនេះ។
លោក ត្រាំ អ៊ីវតឹក មានប្រសាសន៍ថា ការសាងសង់ផ្លូវល្បឿនលឿន ឬហៅថា Express Way នៅកម្ពុជានេះ មានអង្គភាពសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានផែនការមេសិក្សាស្រាវជ្រាវ និងរចនាប្លង់គមនាគមន៍របស់ក្រុមហ៊ុនខេត្តហឺណានប្រទេសចិន បានធ្វើការសិក្សាកសាងផែនការមេនេះឡើង។ លោកបន្តថា ផ្លូវ Express Way ដែលគ្រោងនឹងសាងសង់នេះជាផ្លូវថ្មីសុទ្ធសាទ មិនទាក់ទងនិងផ្លូវជាតិលេខ៤ទេ មាន២គន្លងទៅ២គន្លងមក និងមានសួនច្បារនៅចំកណ្តាល អាចបើកបរក្នុងល្បឿនលឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្តល់ផលប្រយោជន៍ជាច្រើនដល់ស្ថិរភាព ប្រសិទ្ធភាពសេដ្ឋកិច្ច តំលៃថោកក្នុងសេវាដឹកជញ្ជូន និងផ្គត់ផ្គង់ភ័ស្តុភារ ពាណិជ្ជកម្ម ការលើកទឹកចិត្ត ជំរុញទេសចរណ៍ ការអភិវឌ្ឍន៍ជនបទ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក និងកិច្ចការពារប្រទេស កាត់បន្ថយដល់បញ្ហាបរិស្ថាន ពិសេសលើវិស័យឧស្សាហកម្ម ដែលអាចនិយាយបានថា ជាការចាប់ផ្តើមវិស័យឧស្សាហកម្មភាវូបនីយកម្មរបស់ប្រទេសផងដែរ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ទាក់ទងនឹងទុនសាងសង់ផ្លូវល្បឿនលឿនដ៏ធំនេះ រាជរដ្ឋាភិបាលគ្មានទុនសម្រាប់ការចំណាយលើការសាងសង់ផ្លូវទំនើបនេះទេ ប៉ុន្តែរាជរដ្ឋាភិបានអាចទាក់ទាញអ្នកវិនិយោគទុនបរទេសមកអភិវឌ្ឍន៍ ពិសេសអ្នកវិនិយោគចិនតែម្តងមកអភិវឌ្ឍន៍ផ្លូវនេះ ហើយយកចំណូលពីការប្រើប្រាស់ផ្លូវនេះទូទាត់ឲ្យចិនជាបណ្តើរៗទៅវិញ ធ្វើយ៉ាងនេះឥតមានខាងណាជំពាក់ខាងណាទេ។ ជំហានដំបូងធ្វើទៅក្រុងព្រះសីហនុនិងមានការសិក្សាជំហានបន្តបន្ទាប់ទៅកាន់ខេត្តផ្សេងៗទៀត ដូចជា ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង នៅក្រោយពេលមានព្រលានយន្តហោះ ។យ៉ាងណាក៏ដោយ លោកត្រាំ អ៊ីវតឹក បញ្ជាក់ទៀតថា មកដល់ពេលនេះមានក្រុមធំៗរបស់ប្រទេសចិនចំនួន៤បានដាក់ពាក្សស្នើសុំរួចហើយ ហើយរដ្ឋាភិបាលកំពុងពិចារណាក្នុងការសំរេចប្រគល់ឲ្យទៅក្រុមណាមួយនោះដើម្បីទទួលការងារនេះ។
ចំណែកលោក ទូ ចានជីន (DU Zhan Jun) មន្ត្រីផ្នែកបច្ចេកទេសសិក្សាផែនការមេ នៃវិទ្យាស្ថានផែនការសិក្សាស្រាវជ្រាវ និងរចនាប្លង់គមនាគមន៍របស់ខេត្តហឺណាន់ប្រទេសចិន បានឲ្យដឹងថា ក្រុមស្រាវជ្រាវខេត្តហឺណាន បានធ្វើការសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាលកម្ពុជា រួមគ្នាសិក្សាផែនការមេផ្លូវលឿននៅកម្ពុជា ដោយហេតុផលពីរ ទី១ ផ្តល់នូវទំនាក់ទំនងល្អរវាងប្រទេសជិតខាង ទី២ ផ្តល់នូវផលល្អដល់សន្តិសុខ និងសុវត្ថិភាពដល់ប្រទេសជាតិ ដែលចំពោះមុខនេះ ប្រទេសកម្ពុជាចាំបាច់ត្រូវតែអភិវឌ្ឍន៍ផ្លូវដែកល្បឿនលឿននេះមិនអាចខ្វះបាន។សូមបញ្ជាក់ថា នៅប្រទេសថៃបានរៀបចំផែនការមេសាងសង់ផ្លូវល្បឿនលឿននេះ នៅឆ្នាំ១៩៩២ ខណៈប្រទេសឥណ្ឌូនេស៊ីរៀបចំផែនការមេសាងសង់នៅឆ្នាំ (១៩៨៧-២០០២) និងនៅម៉ាឡេស៊ីរៀបចំផែនការមេសាងសង់នៅទសវត្សរ៍១៩៨០-១៩៩០៕
ដោយ៖ ស.ស្អាត