ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៧ ធ្នូ ២០១៣ នេះ មានកម្មករ-កម្មការិនីប្រមាណ ១០នាក់ និងសមត្ថកិច្ចចម្រុះ១០នាក់ទៀងរងរបួសធ្ងន់ស្រាល ក្នុងគ្រាមានការប៉ះទង្គិចគ្នាមួយប្រាវនៅតាមដងផ្លូវជាតិ៤ក្នុងសង្កត់ដន្ទោខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដោយក្រុមកម្មករទាំងនោះប្រមូលមុំគ្នា ដង្ហែក្បួនទៅសុំអន្តរាគមន៍ទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ។លោក សល់ គឹមសាន្ត មន្ត្រីសហភាពសហជីពកម្ពុជាប្រាប់ឱ្យដឹងថា ការតវ៉ានៅថ្ងៃនេះកើតឡើងតាំងពីម៉ោង៩ព្រឹក ពេលកម្មករដង្ហែក្បួនទាមទារឲ្យក្រុមកងកម្លាំងចម្រុះបើកផ្លូវឲ្យកម្មករបម្រើការនៅរោងចក្រជាង១០ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ឲ្យចេញមកចូលរួមដង្ហែក្បួនបាតុកម្មជាមួយពួកគេ តែត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប។ លោកថា ការបង្ក្រាបនោះ បានធ្វើឲ្យកម្មករជាង១០នាក់ និងសមត្ថកិច្ចចម្រុះប្រមាណ១០នាក់រងរបួសធ្ងន់ និងស្រាល។ ហើយកម្មករមួយចំនួនត្រូវបានចាប់ខ្លួន ភ្លាមៗដែរ ខណៈដែលពួកគេប្រើអំពើហិង្សា។
កម្មករនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ លោក ជាតិ វិបុលឲ្យដឹងដែរថា កម្មករនៅខាងក្នុងតំបន់នេះជាង១០រោងចក្របានសម្រុកចេញពីរោងចក្រ តែត្រូវបានសមត្ថកិច្ចបិទផ្លូវច្រកចេញចូល ទើបមានការប៉ះទង្គិចនេះ។ លោកថា មកដល់ម៉ោងជិត១១ព្រឹកថ្ងៃសុក្រនេះ កម្លាំងសមត្ថកិច្ចជាង១០០០នាក់ បានបន្តចូលបំបែកហ្វូងកម្មករនៅតាមផ្ទះជួល មិនឲ្យមានការប្រមូលផ្តុំគ្នានោះទេ ហើយសមត្ថកិច្ចបានបិទផ្លូវចេញចូលបន្ទាយឆត្រយោងជិតគ្នានោះ ដោយមិនឲ្យកម្មករជាង១០០០នាក់ ចេញមកចូលរួមបាតុកម្មនោះទេ។លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានប្រសាសន៍ថា សមត្ថកិច្ចរបស់លោក បានហៅ កម្មករមកសាកសួរតែកម្មករត្រូវបានដោះលែងវិញហើយ។ មិនទាន់មានការបញ្ជាក់ពីភាគីកម្លាំងសមត្ថកិច្ចទៅលើការប៉ះទង្គិចជាមួយកម្មករនៅឡើយទេ។
នេះជាថ្ងៃទី៣ហើយ ដែលកម្មកររាប់ម៉ឺននាក់បន្តធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលខណៈមេដឹកនាំគណបក្សសង្គ្រោះជាតិចូល រួមដឹកនាំបាតុកម្មទាមទារដំឡើងប្រាក់ខែឱ្យកម្មករ។ដោយឡែកនៅតាមបណ្តារោងចក្រតូចធំមួយចំនួន ក្នុងរាជធានីភ្នំពេញក្តីតាមខេត្តក្តី បានប្រមូលផ្តុំគ្នារាប់រាប់ពាន់នាក់នៅខាងមុខក្រសួងការងារ ជាប់ផ្លូវសហព័ន្ធរុស្ស៊ី ស្ពានអាកាស៧មករា ដោយជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករចំនួន១៦០ដុល្លារ៕ ដោយ៖ ភីនរ៉ា