ភ្នំពេញ៖ សាលារាជធានីភ្នំពេញ តាមរយៈ នាយករដ្ឋបាល បានសរសេរលិខិតមួយច្បាប់ ជូនលោក សម រង្ស៊ី និង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីសុំអញ្ជើញ មក ចូលរួមប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងបាតុកម្ម នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនបាតុកម្ម ដោយសន្តិវិធី។ កិច្ចប្រជុំនោះ នឹងធ្វើឡើង នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០១៣នៅសាលារាជធានីភ្នំពេញ។ក្នុងកិច្ចប្រជុំពិភាក្សានេះនឹងនិយាយពីការពង្រឹងកិច្ចសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងគណបក្សសង្គ្រោះជាតិ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ស្របទៅនឹងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី សាលារាជធានីភ្នំពេញ យល់ឃើញថា ការរៀបចំសំដែងមតិ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ក្នុងរយៈពេល៥ ថ្ងៃ កន្លងមកនេះ នៅមានប្រការមិនប្រក្រតីជាច្រើនដែលចាំបាច់ត្រូវកែលំអបន្ទាន់។
ប្រការមិនប្រក្រតីដែលអង្គប្រជុំពិភាក្សាមាន៖
១-បញ្ហាបរិស្ថាន អនាម័យនៅទីលានប្រជាធិបតេយ្យ និងសួនច្បារសាធារណៈ ,
២-ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ចរាចរ តាមដងផ្លូវ,
៣-ការគ្រប់គ្រងកំលាំងអ្នកចូលរួមបាតុកម្ម ,
៤-ការសំដែងមតិ និងប្រើពាក្យសំដីប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរ ដែលជាការប្រមាថមួយ ប្រាសចាកពីព្រំដែននៃសិទ្ធិសំដែងមតិ ដែលមានចែងក្នុងច្បាប់។
ក្នុងលិខិតអញ្ជើញរបស់សាលារាជធានីភ្នំពេញបានបញ្ជាក់ថា គណៈអភិបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តមប្រធាន និងអនុប្រធាន នឹងសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីអនុវត្តត្រឹមត្រូវតាមច្បាប់ និងបទបញ្ញត្តិនានាជាធរមានប្រកបដោយស្មារតី ទទួលខុសត្រូវ ចំពោះផលប្រយោជន៍ជាតិ ដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានបន្តធ្វើបាតុកម្មរាល់ថ្ងៃ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ សមត្ថកិច្ច ហើយបាតុករបន្តស្នាក់នៅទីលានប្រជាធិបតេយ្យ ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣។ ក្រៅពីការជួបជុំនៅទីលានប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយប្រធាននិងអនុប្រធានបានដើរហែក្បួនតាមផ្លូវនានា ក្នុងរាជធានីភ្នំពេញផងដែរ។ប៉ុន្តែបាតុកម្មរបស់គណបក្សប្រឆាំង ចាប់តាំងពីថ្ងៃអាទិត្យ ទី១៥ធ្នូ មកដល់ពេលនេះ មិនទាន់កើតមានបញ្ហាអ្វីនៅឡើយទេ។ រីឯអាជ្ញាធរសមត្ថកិច្ច ក៏មិនបានរារាំង ឬក៏បំបែកក្បួនបាតុកម្មនោះនៅឡើយដែរ៕ ដោយ៖ ស.ស្អាត