ភ្នំពេញ៖ អ្នកស្លាប់ដោយជម្ងឺគ្រុនចាញ់ក្នុងរយៈ ពេល១១ខែឆ្នាំ២០១៣នេះ បានថយចុះ៣០នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១២។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ បានឲ្យដឹងថា ក្នុងរយៈពេល១១ខែដើមឆ្នាំ២០១៣នេះ ចំនួនអ្នកស្លាប់ដោយជម្ងឺគ្រុនចាញ់មាន៩នាក់ គឺថយចុះ ៧៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១២ ដែលមានចំនួនរហូតដល់៣៩នាក់។ យោងតាមរបាយការណ៍ក៍បានបង្ហាញថា ក្នុងរយៈពេល១១ខែមកនេះ ចំនួនករណីគ្រុនចាញ់ ដែលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពរដ្ឋ ឬភ្នាក់ងារស្មគ្រ័ចិត្តភូមិ មាន៣ម៉ឺន៧ពាន់២៨៧នាក់ ដែល រយៈពេលដូចគ្នា ក្នុងឆ្នាំ២០១២ មានចំនួន៦ម៉ឺន៤ពាន់៣៧៦ករណី។
ការធ្លាក់ចុះនេះ ត្រូវគេនិយាយថា ជម្ងឺគ្រុនចាញ់លែងជាមូលហេតុចំបង នៃការស្លាប់ទូទៅរបស់ប្រជាជនកម្ពុជាទៀតហើយ ប៉ុន្តែទោះជាមានការថយចុះក្ដី ក្រសួងសុខាភិបាលបានឲ្យដឹង ថា គេមិនត្រូវមានការបន្ធូរបន្ថយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់នោះទេ ពុំនោះសោតទេ វានឹងអាចកើនឡើងវិញភ្លាម ព្រោះជម្ងឺគ្រុនចាញ់នៅតែបណ្ដែតខ្លួនក្នុងឈាមមនុស្ស គឺមូសដែកគោលញីនៅតែមានឳកាសខាំចំលងមេរោគនេះ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដដែល។
គួររំលឹកថា ខេត្តដែលមានអត្រាគ្រុនចាញ់ខ្ពស់ជាងគេ មានស្ទឹងត្រែង មណ្ឌលគិរី ឧត្ដរមានជ័យ ក្រចេះ ពោធិសាត់។ កម្ពុជាមានផែនការលុបបំបាត់ជម្ងឺគ្រុនចាញ់ទាំងស្រុងនៅឆ្នាំ២០២៥ និងកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យអស់ត្រឹមឆ្នាំ២០១៥។ វិធីសាស្ត្រក្នុងការប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ គឺត្រូវសំរាន្តក្នុងមុងការពារកុំឲ្យមូសខាំ ក្នុងករណីមានសញ្ញាក្ដៅខ្លួននៅតំបន់គ្រុនចាញ់ ឬពេលទើបមកពីតំបន់គ្រុនចាញ់ ត្រូវប្រញាប់ទៅជួសឈាមមើលមេរោគ ដោយភ្នាក់ងារស្មគ្រ័ចិត្តភូមិ ឬនៅមណ្ឌលសុខភាពដែលនៅជិតជាងគេភ្លាមៗ៕ ដោយ៖ ភីនរ៉ា