អង្គការតម្លាភាពកម្ពុជា៖ ការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​នេះ មាន​ភាព​មិន​ប្រ​ក្រតី​ច្រើន​ជាងអាណត្តិ​ឆ្នាំ​មុន​
ពេលវេលាចេញផ្សាយ៖​ (កាលពី 13 កន្លងទៅ )  

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣នេះ មានភាព
មិន​ប្រក្រតីច្រើនជាងបើប្រៀបធៀបទៅនឹងអាណត្តិមុនៗកន្លងមក នេះ​បើតាមការលើកឡើងរបស់ លោក
ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា នៅក្នុង​សន្និសីទសារព័ត៌មានមួយកាលពី​រសៀលថ្ងៃទី២៩​
ខែកក្កដាឆ្នាំ២០១៣នេះ នៅសណ្ឋាគារ​សាន់វេ រាជធានីភ្នំពេញ។

ភាពមិនប្រក្រតីដែលកើតមានទាក់ទងនឹងការបោះឆ្នោតនោះលោក ព្រាប កុល បានបង្ហាញ​ថា មានប្រជាពល​
រដ្ឋច្រើន​ណាស់បានចេញទៅបោះឆ្នោតតែមិនបានបោះឆ្នោត។ អង្គការ​តម្លាភាព​មិនមាន​កង្វល់ចំពោះ​គណ​
បក្ស​នយោបាយណាឈ្នះ ឬចាញ់កៅអីនៅ​ក្នុង​ការប្រកួត​ប្រជែង​ការបោះ​ឆ្នោតនេះទេ តែសំខាន់គឺចង់ឲ្យ​ប្រជា​
ពលរដ្ឋបានចេញទៅបោះឆ្នោត បង្ហាញ​ពីបំណងប្រើ​ប្រាស់​សិទ្ធិសេរីភាពរបស់ពួកគាត់​ក្នុងការជ្រើស​រើសមេដឹក​
នាំដែលគាត់​ចង់​បាន​តាម​រយៈការបោះឆ្នោតនេះ។

លោកបានបញ្ជាក់ថាការបោះឆ្នោតអណត្តិនេះបើប្រៀបធៀបនឹងអាណត្តិទី៤​ឆ្នាំ២០០៨កន្លង​មក គឺមានចំណុច​
ល្អខ្លះ មានចំណុចមិនល្អខ្លះ ចំណុចដែលល្អជាងគឺការឃោសនាបោះឆ្នោត ជាទូទៅយើងឃើញ​មានអំពើហឹង្សា​
មានការថយចុះ ហើយបរិយាកាសទូទៅមានភាពល្អ​ប្រ​សើរ​ជាង។​ប៉ុន្តែបើនិយាយពីព្រឹត្តិការ​បោះឆ្នោតនេះ​អន់​
ជាងឆ្នាំ២០០៨ ដោយមានហេតុ​ការណ៍​​កើតឡើងចំរូងចំរះ មានបាតុភាពរញ៉េរញ៉ៃតាមការិយាល័យបោះឆ្នោត
ប្រជាពលរដ្ឋ​បាត់បង់​សិទ្ធិ​របស់ពួកគាត់ច្រើន បើទោះបីឆ្នាំនេះមានប្រជាពលរដ្ឋខ្មែរមានការចូលរួម​ឃោស​នា​រយៈពេលពេញមួយខែមានភាព​គគ្រឹកកគ្រេង មានសកម្មភាពចូលរួមពីស្រទាប់យុវជន​គ្រប់គណបក្សដែល​
ចេញ​ទៅឃោសនាមានរូបភាពល្អ​ជាងឆ្នាំណាៗខុសប្លែកពីឆ្នាំមុនៗក្តីក៏​បញ្ហាបាត់បង់សិទ្ធិ​ទៅបោះឆ្នោតរបស់​
ប្រជា​ពល​រដ្ឋច្រើនធ្វើឲ្យប្រជាពលរដ្ឋខកចិត្ត ខឹង​សម្បារនិងមានការសោកស្តាយក្នុងឋានៈជាពលរដ្ឋមួយរូបដែរ
តែមិនបានប្រើប្រាស់សិទ្ធិ ក្នុងការ​បោះ​ឆ្នោតដូចបំណង​។

ទាក់ទិននិងលទ្ធផលបោះឆ្នោតអង្គការតម្លាភាព​មិនមានភារកិច្ចអ្វីទទួលឬមិន​ទទួល​នោះទេ ទុកឲ្យគណ​បក្ស​
នយោបាយដែលជាអ្នកប្រកួតប្រជែងនោះសម្រេចចិត្តដោយខ្លួនឯង អង្គការ​តម្លាភាពកម្ពុជាគ្រាន់​តែទាមទារ​
រកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ ដែលបានបាត់ឈ្មោះ មិនបាន​ប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងថ្ងៃបោះឆ្នោត។

លោកបន្តថាសន្និសីទថ្ងៃនេះ​សំខាន់គឺចង់ឃើញស្វែងរកមូលហេតុ ព្រោះយើងឃើញគាត់​ទៅបោះឆ្នោត​មាន​ឯកសារ​គ្រប់​គ្រាន់​ហើយប៉ុន្តែគាត់រកឈ្មោះមិនឃើញ អ្នកខ្លះបានរកឈ្មោះ​ឃើញតែបោះឆ្នោតមិនកើត​ខុស​
ព័ត៌មានរវាងអត្តសញ្ញាណប័ណ ឬប័ណ្ណដែលយកទៅប្រើ​នោះ​ផ្ទៀងផ្ទាត់នឹងបញ្ជី​ឈ្មោះគឺ​ខុស​គ្នា ហើយកន្លែង​
ខ្លះ​មិនឲ្យបោះតែកន្លែងខ្លះ​ទៀតមិន​មានប័ណ្ណត្រឹមត្រូវតាមច្បាប់ក៏អាចបោះបានហើយឈ្មោះខ្លះទៀតរកឃើញ​
ហើយតែ​ប្តូរទៅ​ជាអ្នកផ្សេងបាន​បោះរួចទៅ​ហើយ​។

ជាមួយនឹងព័ត៌មានភាពមិនប្រក្រតីនៅតំបន់តាមព្រំដែនកម្ពុជា-វៀតណាមមួយចំនួន នៅជ្រៃធំ​មានជនជាតិ​
វៀត​ណាម​ជាច្រើនសម្រុកចូលបោះឆ្នោតដោយមិនមានឯកសារបញ្ជាក់ពី​អត្តសញ្ញាណត្រឹមត្រូវ​នោះទេតែ​
ចូលបោះបានភ្លាមៗ​អង្គការតម្លាភាព​បានដឹងបញ្ហានេះដែរ​តែយើងគ្មានសមត្ថភាពគ្រប់គ្រាន់ទប់ស្កាត់​អំពី​
បញ្ហានេះ។

បើតាមរបាយការណ៍របស់អង្គការតម្លាភាពកម្ពុជាបានបង្ហាញថា​នៅ​តាម​កា​រិ​យា​ល័យ​បោះឆ្នោតចំនួន៦០%
ប្រជាពលរដ្ឋដែលមាន​ឯកសារ​អត្ត​សញ្ញាណត្រឹមត្រូវ មិនអាចរក​ឈ្មោះ​របស់ពួក​គេឃើញនៅក្នុងបញ្ជី​បោះ​
ឆ្នោត និងប្រជាពលរដ្ឋដែល​មាន​សិទ្ធិបោះឆ្នោត​ចំនួន​ជិត​១១% ដែល​គិតថា ឈ្មោះរបស់ពួក​គេត្រូវ​បានចុះ
នៅ​ក្នុងបញ្ជីឈ្មោះបោះឆ្នោត ប៉ុន្តែ​បែរជាពុំ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​ឈ្មោះ​បោះឆ្នោតទៅវិញ។ បញ្ហា​មួយទៀត​ឈ្មោះ​របស់ពួកគេត្រូវបាន​រកឃើញហើយ តែ​ឈ្មោះរបស់​ពួក​គេ​ត្រូវបានបោះឆ្នោតជំនួសរួចទៅហើយ។ នៅតាមការិយា​ល័យ​បោះ​ឆ្នោតចំនួន២៦% មានប្រជា​ពល​រដ្ឋ​ត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតដោយពុំមាន​ឯក​
សារ​អត្តសញ្ញាណ ដែល​ផ្ទុយនឹងច្បាប់បោះឆ្នោត និង​មានឈ្មោះស្ទួនគ្នាចំនួនជាង​កន្លះ​លាន​នាក់ ដែល​ចំណុច​
នេះត្រូវបាន​រក​ឃើញដោយ​ប្រភព​ឯករាជ្យ​។ ការ​បោះឆ្នោតដោយប្រើប្រាស់​ប័ណ្ណព័ត៌មាន​អ្នកបោះឆ្នោត (ICE)
ត្រូវ​បាន​អនុញ្ញាត​យ៉ាងទូលំទូលាយដោយ​៩៣%នៃ​ការិយា​ល័យ​បោះឆ្នោត បានប្រើប្រាស់ព័ត៌មានអ្នក​បោះ​
ឆ្នោត ដើម្បីអនុញ្ញាតឲ្យបោះឆ្នោត។​អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅមានការិយាល័យបោះឆ្នោតចំនួន១២%
មានអ្នកបោះឆ្នោតចំនួន​៥១នាក់ ឬច្រើនជាងនេះ បានប្រើប្រាស់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត​ដើម្បី​បោះ​ឆ្នោត​។

សូមបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានរបស់អ្នកអង្កេតការណ៍អន្តរជាតិ ដែលបាន​ធ្វើឡើង​កាល​ពី​ព្រឹក​
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣នេះដែរ បានសរសើរថា ការបោះឆ្នោត​នៅ​កម្ពុជា​បាន​ប្រព្រឹត្តទៅ ដោយសេរី
យុត្តិធម៌ និងតម្លាភាព  ហើយជាជោគជ័យដ៏ធំធេង​សម្រាប់​ប្រជា​ពល​រដ្ឋកម្ពុជា៕ 

ដោយៈ ស.ស្អាត

 
      ​បើសិនជាលោកអ្នកមានមតិ/យោ​បល់​យ៉ាងណាចំពោះ​អត្ថ​បទ​មួយ​នេះ​សូម​លោក​អ្នក​បញ្ចេញ​ទស្សនៈ​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​យើង។
      បញ្ចាក់ ៖ ​(រាល់ទស្សនៈ និង​ការ​បញ្ចេញ​មតិ​ទាំង​នោះ​គឺ​មិន​មែន​ជា​ទស្សនៈ​របស់​សារព័ត៌​មាន​យើង​ខ្ញុំ​ទេ​) សូមអគុណ !

អត្ថបទស្ថិតក្នុងប្រភេទតែមួយ

ព័ត៌មាន​សំខាន់ៗ

ការប៉ះ​ទង្គិច​គ្នានៅ​ប្រទេស​អេហ្ស៊ីប​ឆក់យក​ជីវិត​និស្សិត​ម្នាក់​

ប្រទេសអេហ្ស៊ីប៖ មន្រ្តីប៉ូលីសបានមានប្រសាសន៍ថា កាលព...អានបន្ត

សង្គម និងបច្ចេកវិទ្យា • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [415]


ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថ្មីចាប់ផ្តើម បង្ហាញមុខនៅតាមមូលដ្ឋាន

កណ្តាល៖ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចថ្មីព្រះរាជ...អានបន្ត

នយោបាយ • កាលពី​ : 13 ឆ្នាំមុន • បើកមើល : [573]


ស្ថិតិចំនួនអ្នកចូលទស្សនា
មានសមាជិក 476 នាក់កំពុងបើកមើល.
ចំនួនអ្នកទស្សនាថ្ងៃនេះ ៖ 874 នាក់
ចំនួនអ្នកទស្សនាថ្ងៃម្សិលម៉ិញ ៖ 542 នាក់
ចំនួនអ្នកទស្សនាសរុប ៖ 1230973​ នាក់