ប៉ោយប៉ែត ៖ ប្រជាកសិករប្រកបរបរកសិកម្ម ផ្នែកដំណាំពោតក្រហម នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានសម្តែងការមិនសប្បាយចិត្តចំពោះតម្លៃពោតក្រហមឆ្នាំនេះបានធ្លាក់ចុះយ៉ាងគំហុក ខណៈប្រទេសថៃកំពុងកើតកលយុគ្គវឹកវរឿងនយោបាយធ្វើឲ្យពួកគាត់អស់សង្ឃឹមនឹងការប្រមូលផលពោតពីកសិដ្ឋានរបស់ខ្លួន។
កសិករ ឆន សុផល អាយុជាង៥០ឆ្នាំ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រដូវកាលប្រមូលផលពោតលើកទី២ ទិន្នផលពោតក្រហមបានផលល្អគួរសម ប៉ុន្តែពួកគាត់ហាក់គ្មានកម្លាំងកំហែងនឹងការប្រមូលផលនោះឡើយ ព្រោះតម្លៃពោតក្រហមឆ្នាំនេះបានធ្លាក់ចុះយ៉ាងខ្លាំងមិនដូចជាឆ្នាំកន្លងទៅនោះទេ ដែលតម្លៃវាខ្ពស់ជាងនេះ២ទៅ៣ដងឯណោះ។
អ្នកស្រី ឆន សុផល បន្តថា តម្លៃពោតក្រហមស្ងួតក្នុង១គីឡូក្រាមឈ្មួញឲ្យតម្លៃត្រឹមតែ៥បាត(ប្រាក់ថៃ)វាស្មើនឹង៥០០ឬ៦០០រៀលតែប៉ុណ្ណោះ។ បើយើងប្រៀបធៀបទៅនឹងឆ្នាំមុន គឺវាខុសគ្នារហូតដល់ទៅស្ទើ២ដងឯណោះ ដូច្នេះកសិករភាគច្រើនបានកំពុងតែរុញរានឹងការលក់ចេញនូវទិន្នផលពោតរបស់ខ្លួនឲ្យទៅឈ្មួញកណ្តាល ។
កសិកររូបនេះឲ្យដឹងទៀតថា បើយើងប្រៀបធៀបចំណាយលើការដាំដុះថ្លៃពូជ និង ជួលដីសម្រាប់ធើ្វដាំពោតវិញនោះ គឺមិនបាននៅសល់ប្រាក់ចំណេញទេ ។ មានកសិករខ្លះជាប់បំណុលគេវ័ណ្ឌកទៀតផង ដោយសារតែប្រកបរបរកសិកម្ម លើការដាំដំណាំពោតក្រហមនេះ ។ចំណែកអ្នកស្រីមានផ្ទៃដីជាង២ហិកតា គ្រួសាររបស់គាត់បានដាំពោត នារដូវកាលទី០២នេះគឺទទួលបានទិន្នផលតែ៧០ការុងទេ ដែលពោតក្រហម១ការុងវាមានទម្ងន់ជាមធ្យមត្រឹមតែ៦៥គីឡូក្រាមប៉ុណ្ណោះ ដូច្នេះឆ្នាំនេះបានពោតត្រឹមតែ៤៥៥០គីឡូក្រាម ពេលលក់ចេញឬទទួលបានប្រាក់តែ២២៧៥០០០រៀលតែប៉ុណ្ណោះ។ បើតំលៃពោតឆ្នាំនេះវាមានតម្លៃស្មើនឹងឆ្នាំកន្លងទៅនោះគឺគ្រួសារគាត់អាចទទួលបានប្រាក់ចំណូលចំនួន៣៦៤០០០០រៀល ដោយតម្លៃពោតក្រហមវាបានធ្លាក់ចុះ ឆ្នាំនេះបានបាត់ប្រាក់ចំណូលរហូតដល់ទៅ១៣៦៥០០០រៀល ក្នុងផ្ទៃដីដាំពោត២ហិកតា។
លោក លី អ៊ុតនី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា មូលហេតុដែលឲ្យតម្លៃពោតក្រហមរបស់យើងធ្លាក់ថ្លៃគឺដោយសារយើងមិនទាន់មានទីផ្សារទទួលទិញពីកសិករនៅឡើយទេ ហើយទីផ្សារពោតសព្វថ្ងៃនេះពឹងផ្អែកតែលើទីផ្សារប្រទេសជិតខាងដូចជា៖ថៃនិងវៀតណាមជាដើម។ មន្ត្រីរូបនេះបន្តថា រដូវកាលនេះគឺថៃគេបិទមិនទទួលទិញពោតក្រហមពីកម្ពុជាទេដ៏រាបណា ពោតគេមិន ទាន់អស់ ដូច្នេះហើយទើបតម្លៃពោតវាធ្លាក់ចុះ ។
លោកបានបន្តទៀតថា ពោតនឹងឡើងថ្លៃវិញ ប្រសិនបើទីផ្សារពោតនៅប្រទេសថៃខ្វះខាតនោះ ។ បែបណាក្តីសម្រាប់កសិករដែលប្រកបរបរកសិកម្មតាមជាយដែនខ្មែរថៃ ពេលនេះកំពុងតែខ្វះខាតថវិកាបង្វិលសងឲ្យធនាគារវិញ ដូច្នេះពួកគាត់បានបង្ខំចិត្តលក់ទិន្នផលពោតទាំងដឹងថាតម្លៃធ្លាក់ចុះ ដើម្បីប្រមូលថវិកាសងថ្លៃខ្ចីប្រាក់ពីធនាគារជាជាងគេប្តឹងរដ្ឋអំណាចរឹបអូសយកដីចំការរបស់ពួកគាត់ ។ កសិករបានទាំងនោះសំណូមពរឲ្យរាជរដ្ឋាភិបាលអាណតិ្តថ្មីនេះជួយរកទីផ្សារទិន្នផលកសិកម្មក្នុងស្រុកឲ្យកសិករផង បើពុំនោះទេ កសិករមុខជាត្រូវរត់ចោលដីស្រែចំការ ធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេជាក់ជាមិនខានឡើយ ៕ដោយ៖ សស្អាត