ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានព្រមានចំពោះក្រុមបំរុងធ្វើបាតុកម្មនៅក្នុងខេត្តសៀមរាប ត្រូវរក្សាសណ្តាប់ធ្នាប់អហិង្សាដើម្បីកុំអោយប៉ះពាល់ដល់លំហូរទេសចរណ៍ជាតិនិងអន្តរជាតិក្នុងក្រុងអង្គរ។ជុំវិញនឹងការព្រមាននេះបានធ្វើនៅថ្ងៃទី២៦ វិច្ឆិកា ២០១៣ ដែលជាការឆ្លើយតបមួយចំពោះសំណួរក្រុមអ្នកសារព័ត៌មានក្នុងការចង់ដឹងថា តើការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី១០ធ្នូក្នុងក្រុង អង្គរខេត្តសៀមរាបនឹងធ្វើអោយប៉ះពាល់ដល់ លំហូរចូលនៃភ្ញៀវទេសចរណ៍ជាតិអន្តរជាតិដែរឬទេ?
លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងឱ្យដឹងថា ប្រសិនបើជាបាតុកម្មមែននោះ វាជាបាតុកម្មហិង្សា គឺនឹងធ្វើឱ្យមានការប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ លោកបន្ថែមទៀតថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិនាថ្ងៃទី១០ធ្នូ ខាងមុខនេះ ត្រូវអ្នករៀបចំយកលេសថា ដើម្បីទាមទាររកយុត្តិធម៌នៃការបោះឆ្នោត បើទោះបីជាសកលលោក បានទទួលយកដំណើរការបោះឆ្នោតនេះថាបានប្រព្រឹត្តទៅដោយលក្ខណៈសេរី និងយុត្តិធម៌ក៏ដោយ។
ការរៀបចំធ្វើបាតុកម្មនេះថែមទៀតត្រូវគេឃើញថាបានទទួលការលើកទឹកចិត្តពីក្រុមប្រឆាំងមួយចំនួនក្នុងទឹកដីសហរដ្ឋអាមេរិក ដែលជាក្រុមតែងរៀបគំរោងចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងការធ្វើបាតុកម្មថ្ងៃទី១០ធ្នូខាងមុខនេះទៀតក្រុមគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសត្រូវគេឃើញថា បានរៀបចំអង្គាសលុយក្នុងរូបភាពធ្វើបុណ្យព្រះពុទ្ធសាសនាក្នុងការយកប្រាក់បានពីការរៃអង្គាសទៅជួយក្រុមបាតុករដើម្បីគំរោងផ្តូលរំលំរាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន នៅមុនការធ្វើបាតុកម្មរបស់ក្រុមគណបក្សសង្គ្រោះជាតិ បានអំពាវនាវដល់ក្រុមធ្វើបាតុកម្មនៃគណបក្សសង្គ្រោះជាតិថា ពួកគេមិនត្រូវប្រើប្រាស់រូបភាពហិង្សាក្នុងសកម្មភាពធ្វើបាតុកម្មនោះឡើយ។សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៣ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ចំនួន៣លាន៥ម៉ឺន៧ពាន់២១១នាក់ ដែលក្រសួងបានព្យាករណ៍ថា នឹងទទួលបានភ្ញៀវទេសចរណ៍៣លាន៥សែននាក់ក្នុងឆ្នាំ២០១៣ នេះ៕ ដោយ៖ មករា