ភ្នំពេញ: រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅក្នុងប្រទេសកម្ពុជា បានផ្តល់ជំនួយជាង៦៨ម៉ឺនដុល្លារ ដើម្បីបង្កើនប្រសិទ្ធិភាពបោសសម្អាតសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តភាគខាងជើង និងភាគកណ្តាលនៃប្រទេសកម្ពុជា។
តាមរយៈគម្រោងនេះ អង្គការ JMAS នឹងផ្តល់ជាជំនួយបច្ចេកទេសដល់មជ្ឈមណ្ឌលកំចាត់មីន កម្ពុជា (CMAC)ដើម្បីបង្កើនសកម្មភាពបោសសម្អាតសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត JMAS នឹងប្រើប្រាស់ក្រុមបោសសម្អាតជាតិផ្ទុះចំនួន៦ក្រុម ដោយសហការជាមួយ CMACក្នុងខេត្តសៀមរាប កំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំង ទីដែលប្រជាជននៅតែរងគ្រោះដោយសំណល់ជាតិផ្ទុះពីសង្រ្គាម។
ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរវាងលោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញា និង
ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា និងលោក តាកាគួរ៉ា ហ្វ៊ូមីតូស៊ី ប្រធានអង្គការសកម្មភាពកំចាត់មីនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី១៧ ខែតុលានេះ លោក គូម៉ាម៉ារ៉ូ យូជិ បានមានប្រសាសន៍ថា ជំនួយនេះអង្គការ JMAS នឹងបន្តអនុវត្តគម្រោងពីឆ្នាំមុន ដោយប្រមូលនិងដុតបំផ្លាញជាតិផ្ទុះ ក្រោយសង្រ្គាមនៅក្នុងខេត្តសៀមរាប កំពង់ធំ ពោធិ៍សាត់ និងកំពង់ឆ្នាំង ក្រោយពីបានបញ្ចប់ដោយជោគជ័យគម្រោងនៅក្នុងខេត្តតាកែវ ដោយជនរងគ្រោះដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានការថយចុះ។
«ខ្ញុំបានទទួលដំណឹងថា សម្រាប់ខេត្តសៀមរាប និងកំពង់ឆ្នាំង គេត្រូវការប្រើប្រាស់ក្រុមប្រតិបត្តិការដល់ទៅពីរក្រុមសំរាប់ខេត្តនីមួយៗ ដោយខេត្តទាំងពីរនេះមានចំនួនជនរងគ្រោះច្រើនជាងគេ»។
លោក បន្តថា វត្តមាននៃគ្រាប់មីននឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាការគំរាមកំហែងដល់សុវត្ថិភាព ប្រជាជន មូលដ្ឋាន ហើយក៏ជាឧបសគ្គនៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។យើងមិនអាចមើល រំលងបញ្ហា នេះបានទេ នៅពេលដែលធ្វើការពិភាក្សាអំពីការអភិវឌ្ឍវិស័យកសិកម្ម ក៏ដូចជាការអភិវឌ្ឍជនបទនោះ។
យោងទៅតាមការពន្យាពេលនៃសន្ធិសញ្ញា Ottawa រាជរដ្ឋាភិបាលកម្ពុជាបាន កំណត់គោលដៅបោស សម្អាតឲ្យអស់នូវមីនប្រឆាំងមនុស្សឲ្យបានត្រឹមឆ្នាំ២០១៩ និងកំពុងខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្នុងការ ជំរុញសកម្មភាពបោសសម្អាតមីន។ ដោយ៖ រតនា