ភ្នំពេញ៖ នៅព្រឹកនេះនឹងមានកិច្ចប្រជុំចរចាត្រីភាគីរវាងភាគីសហជីពតំណាងកម្មករភាគីសមាគមរោងចក្រកាត់ដេរតំណាងថៅកែនិងភាគីរាជរដ្ឋាភិបាលតំណាងដោយមន្ត្រីក្រសួងសង្គមកិច្ចក្រសួងការងារនិងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចរចាឡើងវិញពីការតម្លើងប្រាក់ជូនកម្មករ កម្មការនីរោងចក្រ ។ នេះបើតាមសេចក្តីជូនដំណឹងដល់មេដឹកនាំសហជីពកម្មករ។
ប្រធានសហភាពសហជីពកម្ពុជា នៅព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០១៣នេះបានព្រមានថាបើសិនជាការចរចាលើកនេះមិនត្រូវរ៉ូវគ្នាទៀតនោះលោកមានតែសម្រេចចិត្តប្រមូលផ្តុំកម្មករដើម្បីធ្វើការតវ៉ាតម្លើងប្រាក់ខែព្រោះភាគីថៅកែរោងចក្រកាត់ដេរហាក់ដូចជាមិនបានបង្ហាញជំហរណាមួយក្នុងការតម្លើងប្រាក់ខែកម្មករឲ្យបានលើសពី៧៥ដុល្លារ។រីឯសហជីពកម្មកររបស់លោករក្សាជំហរទាមទារការតម្លើងប្រាក់ខែកម្មករកាត់ដេរប្រមាណ៦សែននាក់ពី៦១ដុល្លារឲ្យឡើងដល់១០០ដុល្លារ។
ជាមួយគ្នានេះ លោករ៉ុងឈុនបានស្នើដល់រាជរដ្ឋាភិបាលឲ្យលូកដៃចូលឲ្យបានខ្លាំងបន្ថែមទៀតដើម្បីកំណត់ប្រាក់ខែអប្បបរមាសម្រាប់កម្មករកាត់ដេរខណៈដែលការចរចាជាច្រើនលើកច្រើនសារមកនេះហាក់មិនមានប្រសិទ្ធភាពឈានទៅរកការត្រូវរ៉ូវគ្នានោះ។
សូមរម្លឹកថាចាប់តាំងពីចុងខែកុម្ភៈឆ្នាំ២០១៣សហជីពកម្មករនិងថៅកែរោងចក្រកាត់ដេរក្រោមការសម្របសម្រួលពីមន្ត្រីរដ្ឋាភិបាលបានជួបប្រជុំចរចាច្រើនលើកច្រើនសារតែមិនទាន់រកចំណុចរួមគ្នាក្នុងការតម្លើងប្រាក់ខែជូនកម្មករនោះនៅឡើយ។
ការចរចារកន្លងមកខាងភាគីសហជីពកម្មករបានទាមទារតម្លើងប្រាក់ខែកម្មករពី៦១ដុល្លារនាពេលបច្ចុប្បន្នទៅដល់១០០ដុល្លារហើយមានសហជីពខ្លះព្រមបញ្ចុះការទាមទារតម្លើងប្រាក់ខែកម្មករនៅត្រឹម៩១ដុល្លារ។រីឯភាគីថៅកែរោងចក្រកាត់ដេរវិញបានព្រមតម្លើងប្រាក់ខែកម្មករពី៦១ដុល្លារទៅដល់៧២ដុល្លារហើយចុងក្រោយនេះភាគីថៅកែរោងចក្រកាត់ដេរព្រមព្រៀងត្រឹមតែ៧៥ដុល្លារប៉ុណ្ណោះ។
គេរង់ចាំមើលថាតើនៅព្រឹកថ្ងៃទី១៩ខែមីនានេះ កិច្ចប្រជុំចរចារស្តីពីការតម្លើងប្រាក់ខែជូនកម្មកររោងចក្រនោះ អាចនឹងឈានដល់ការត្រូវរ៉ូវគ្នាដែរឬទេខណៈដែលធ្វើឲ្យគម្លាតពីការចង់បានរបស់សហជីពកម្មករ និងការផ្តល់ឲ្យរបស់ថៅកែរោងចក្រនៅឆ្ងាយពីគ្នានៅឡើយ៕
ដោយ៖ ស.ស្អាត