ខេត្តកណ្តាល៖ នគរបាលបាលក្រុងតាខ្មៅនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានមកជួបជុំគ្នា នៅទីស្នាក់ការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរៀបចំកិច្ចប្រជុំស្តីពីលទ្ធផលការងារប្រចាំឆ្នាំ២០១៣ និងលើកទិសដៅអនុវត្តឆ្នាំ២០១៤។
នៅក្នុងកិច្ចប្រជុំនេះដែរជំនាញសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុងបានធ្វើការលើកឡើង រាល់បទល្មើសដែលកើតមានដូចជាបទល្មើសព្រហ្មទណ្ឌ បទល្មើសចរាចរណ៍ ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅកន្លងមក ។ក្រោយពីធ្វើការលើកឡើងរបស់ជំនាញសេនាធិការរួចមក លោកវរសេនីយ៍ត្រី ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុង បានលើកឡើងពីទិសដៅមួយចំនួនដែលត្រូវអនុវត្តនៅក្នុងឆ្នាំ២០១៤ ទៅកាន់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងមូលដ្ឋាន។ជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលឯកឧត្តមបានធ្វើការជម្រុញដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវចុះបើកវេទិកាសាធារណៈ ឲ្យបានគ្រប់ភូមិ ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹងពីគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៩យ៉ាងរបស់រាជរដ្ឋាភិបាល និងដើម្បីទទួលយកការរិះគន់ និងសំណូមពពីប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយជាបន្ទាន់រាល់បញ្ហាដែលកើតមានក្នុងមូលដ្ឋាន ៕
ដោយ៖ អភិរក្ស