ភ្នំពេញ៖ គម្រោងគ្រប់គ្រងកែលំអបរិស្ថានក្រុងជុំវិញបឹងទន្លេសាបត្រូវបានលើកយកមកពិភាក្សាដើម្បីស្វែងរកផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុងរួមមួយហើយជ្រើសរើសក្រុមអនុវត្តគម្រោងតាមលំដាប់លំដោយ។ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិនេះក៏មានការចូលរួមពីលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងលោកEric Sidgwick ប្រធានប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB) ព្រមទាំងមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត-ក្រុងជុំវិញបឹងទន្លេសាបជាច្រើននាក់ទៀត ។
លោក តូច ចាន់កុសល មានប្រសាសន៍លើកឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីគម្រោងគ្រប់គ្រងកែលំអបរិស្ថានក្រុងជុំវិញបឹងទន្លេសាបថ្ងៃទី១៨ខែតុលាឆ្នាំ២០១៣នៅសណ្ឋាគារលើរ៉ូយ៉ាល់ថាតាមស្ថានភាពជាក់ស្តែងអនុគម្រោងដែលជាអាទិភាពក្នុងការពិចារណារួមមានប្រព័ន្ធបណ្តាញលូចំរោះសំអាតទឹកកខ្វក់ការគ្រប់គ្រងសំរាមនិងប្រព័ន្ធការពារទឹកជំនន់។ ស្របពេលជាមួយគ្នានេះក៏មិនអាចដោះស្រាយគ្រប់បញ្ហាក្នុងក្រុងទាំងអស់បានឡើយដូច្នេះយើងត្រូវឯកភាពគ្នាលើល័ក្ខខ័ណ្ឌអាទិភាពនិងត្រូវមានផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុងរួមមួយហើយជ្រើសរើសក្រុងអនុវត្តគម្រោងតាមលំដាប់លំដោយ ។
លោកបញ្ជាក់ថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងជាមូលបទដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគជំរុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រពិសេសតំបន់ទីក្រុងដែលជាសក្តានុពលកំណើនសេដ្ឋកិច្ចផែនការអភិវឌ្ឍន៍ក្រុងពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍វិស័យផ្សេងៗទៀតដូចជាវិស័យឧស្សាហកម្មធនធានធម្មជាតិដឹកជញ្ជូនផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជាដើមការអភិវឌ្ឍ៍ទីក្រុងតម្រូវការពង្រឹងឆ្ពោះទៅរកសេដ្ឋកិច្ចទីផ្សារសមាហរណ៍កម្មក្នុងតំបន់និងជាមួយប្រទេសជិតខាង ។
លោក រដ្ឋលេខាធិការមានប្រសាសន៍បន្តថាការរៀបចំគម្រោងគឺក្នុងគោលបំណងគ្រប់គ្រងកែលំអបរិស្ថានបណ្តាក្រុងជុំវិញបឹងទន្លេសាបដោយផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលជាអាទិភាពពង្រឹងផ្នែកច្បាប់សមត្ថភាពរដ្ឋបាលមូលដ្ឋានផ្សាភ្ជាប់ការអភិវឌ្ឍន៍កសិឧស្សាហកម្មគោលដៅប្រែក្លាយបណ្តាក្រុងឲ្យទៅជាមជ្ឈមណ្ឌលគាំទ្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មតាមជនបទជាពិសេសការអភិវឌ្ឍន៍បណ្តាក្រុងប្រកបដោយចេរភាពបរិស្ថានការពារប្រភពទឹកនៃបឹងទន្លេសាបដែលមានផ្ទៃក្រឡាគ្របដណ្តប់ប្រមាណមួយភាគបីនៃផ្ទៃក្រឡាសរុបទូទាំងប្រទេស ។
ផ្អែកតាមការអភិវឌ្ឍន៍ប៉ុន្មានទសវត្សន៍កន្លងមកនេះយើងសង្កេតឃើញនូវសន្ទស្សន៍កំណើនការអភិវឌ្ឍន៍ដែលបង្កឲ្យមានការប៉ះពាល់ដល់ភោគផលធម្មជាតិការបង្កបង្កើនផលកម្មវិធីសន្តិសុខស្បៀងជាមូលដ្ឋានសម្រាប់គាំទ្រជីវភាពរស់នៅរបស់ប្រជាជនជុំវិញបឹងទន្លេសាបរួមមានក្រុងកំពង់ឆ្នាំងពោធិសាត់បាត់ដំបងសេរីសោភ័ណ្ឌសៀមរាបនឹងស្ទឹងសែនហើយផ្ទៃទឹកបឹងទន្លេសាបមានការរីករួមប្រែប្រួលរវាងរដូវប្រាំងនិងរដូវវស្សា ។
នេះជាសិក្ខាសាលាបញ្ចប់ដែលគម្រោងដោយមានក្រុមទីប្រឹក្សារបស់គម្រោង និងអស់លោក លោកស្រីក្នុងការ ចូលរួមធ្វើបទបង្ហាញ និងសន្និដ្ឋានលើការសិក្សាស្វែងយល់ ដែលលោកសង្ឃឹមថា អង្គសិក្ខាសាលារបស់យើងនឹងទទួលបានរំពឹងទុកជាវិជ្ជមានដែលជាគំនិតផ្តួចផ្តើមស្តែងចេញដោយតំណាងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធដើម្បីត្រៀមលក្ខណៈរៀបចំអនុគម្រោងគ្រប់គ្រងកែលំអបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ។
លោកEric Sidgwick មានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងសាធារណការនិងដឹកជញ្ជូនលើគម្រោងការងារនេះ។ លោកបន្តបន្តថាការអភិវឌ្ឍន៍ទីក្រុងគឺជាវិស័យមួយដ៏មានសារៈសំខាន់ក្នុងការវិវន្តន៍នៅក្នុងប្រទេសកម្ពុជា ហើយវាអាចជំរុញឲ្យមានការបង្កើនការងារធ្វើ ។
លោកមានប្រសាសន៍បញ្ជាក់ទៀតថាគោលនយោបាយអភិវឌ្ឍន៍ទីក្រុងទាំងអស់នេះនឹងរួមចំណែកក្នុងការកែលំអទីក្រុងទាំងអស់នោះដោយយើងសង្កេតឃើញថាតំបន់បឹងទន្លេសាបមានទំហំធំប្រហែលជា១ភាគ៣នៃប្រទេសកម្ពុជាទាំងមូលហើយយើងត្រូវតែធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍន៍ក្នុងតំបន់នោះដោយមិនបង្ករផលប៉ះពាល់ទៅដល់បរិស្ថាននិងមនុស្សដូច្នេះយើងត្រូវទាមទារឲ្យមានការរៀបចំផែនការណ៍មួយដ៏ម៉តចត់ដែលអាចធ្វើឲ្យមានការវិវឌ្ឍន៍មួយប្រកបដោយចិរភាព ។
លោកEric Sidgwick មានប្រសាសន៍បញ្ជាក់បន្ថែមថាលើការងារនេះធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូននិងអាជ្ញាធរខេត្តស្រុកក្រុងដើម្បីអនុវត្តគម្រោងនេះគឺសំដៅធ្វើការអភិវឌ្ឍន៍ក្រុងនៅជុំវិញតំបន់បឹងទន្លេសាបហើយមានគោលដៅការពារប្រភពទឹកដែលធ្លាក់ចូលទៅក្នុងតំបន់បឹងទន្លេសាបហើយគម្រោងក៏ផ្តោតទៅលើការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនៅពេលអនាគតផងដែរ ។
លោកEric Sidgwick ក៏បានលើកយកនូវចំណុចសំខាន់ៗមួយចំនួនយកមកពិភាក្សារួមមានសារៈសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធគម្រោងដែលបានលើកឡើងតម្រូវការការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាការផ្តោតទៅលើការអភិវឌ្ឍន៍ប្រកបដោយចេរភាពទៅលើប្រជាពលរដ្ឋក្រីក្រនៅក្នុងទីក្រុងការពង្រឹងសមភាពផ្លូវភេទការផ្តោតទៅលើតួនាទីរបស់ប្រជាជននៅក្នុងតំបន់ទាក់ទងទៅនឹងការលើកកម្ពស់ការយល់ដឹងអនាម័យនិងអំពីតួនាទីរបស់ដៃគូពាក់ព័ន្ធក្នុងការសម្រេចនូវជោគជ័យនៃគម្រោងនេះ ៕ ដោយ៖ សស្អាត