ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានចេញមុខបកស្រាយស្តីពីពាក្យចចាមអារាមថា រដ្ឋាភិបាលគ្រោងនឹងតម្លើងពន្ធលើតម្លៃលើទំនិញមួយចំនួនថា វាមិនមែនជាការពិតឡើយ។ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយសមាគមសណ្ឋាគារកម្ពុជាប្រមាណ៣០នាក់នៅសណ្ឋាគារសាន់វេ នារសៀលថ្ងៃទី២០ខែវិច្ឆិកានេះ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា រដ្ឋាភិបាលគ្មានផែនការណាមួយដំឡើងពន្ធ ដែលធ្វើអោយលំបាកដល់អ្នករកស៊ីនោះទេ ផ្ទុយទៅវិញរដ្ឋាភិបាលមានតែសម្រួលកិច្ចការដើម្បីអោយអ្នករកស៊ីធ្វើអាជីវកម្មប្រកួតប្រជែងដោយស្មើភាពគ្នា។
ទាក់ទងការផ្អើលថា ទំនិញនាំចូលឡើងថ្លៃនោះឯកឧត្តម បញ្ជាក់ថា មិនមែនជាតួនាទីរបស់អគ្គនាយកដ្ឋាពន្ធដារទេ វាជាតួនាទីអគ្គនាយកដ្ឋានគយ ដែលអនុវត្តតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលស្នើអោយមានតម្លាភាពក្នុងការបង់ពន្អទំនិញនាំចូលតែប៉ុណ្ណោះ។ម្យ៉ាងទៀតពាក្យចចាមអារាមរបស់ប្រជាពលរដ្ឋនេះ ដោយសារការពង្រឹងអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការបង់ពន្ធ ទើបធ្វើអោយទំនិញគេចពន្ធ និងរត់ពន្ធចូលទៅបង់ពន្ធមានការយឺតយ៉ាវបន្តិចបន្តួចប៉ុណ្ណោះ។
លោក បញ្ជាក់ថា តារាងពន្ធគយ គឺនៅដដែល មិនមានការប្រែប្រួលតម្លៃឡើយ ហើយខាងពន្ធដារ ក៏មិនអាចដំឡើងថ្លៃពន្ធដោយខ្លួនឯងបានដែរ ព្រោះវាជាចំណាត់ការរបស់រដ្ឋាសភាជាអ្នកធ្វើ ចំណែកពន្ធដារ និងគយគ្រាន់តែជាអ្នកអនុវត្តការងារតែប៉ុណ្ណោះ៕ ដោយ៖ រតនា