ភ្នំពេញ៖ លោក ឈិន កុសល បងប្រុសរបស់អ្នកនាង ឈិន សុរ៉ាវី ដែលបានស្លាប់ក្នុងបន្ទប់ឡៅតឿរបស់ខ្លួនបានស្នើឲ្យនគរបាលបញ្ឈប់ការស៊ើបអង្កេតលើសំណុំរឿងប្អូនស្រីរបស់ខ្លួន។ លោកថា ប្អូនស្រីខ្លួនពិតជាចងកសម្លាប់ខ្លួនមិនមានករណីឃាតកម្មណាមួយលើនាងនោះទេ។លោក ឈិន កុសល បន្តថា លោកហ៊ានធានាថា ពុំមាននរណាម្នាក់រៀបចំផែនការសម្លាប់ប្អូនខ្លួននោះទេ បើមិនដូច្នេះលោកទទួលខុសត្រូវចំពោះមុខច្បាប់។ លោកថ្លែងទៀតថា មុនពេលចងបន្តិចនាងបានចាក់សោរបន្ទប់មិនឲ្យសាច់ញាតិអន្តរាគមន៍បាន ខណៈដែលបងប្អូនសាច់ញាតិជ្រួលច្របល់។
តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលស្នើឲ្យបញ្ឈប់ការស៊ើបអង្កេតបិទសំណុំរឿងនេះក្រុមគ្រួសារក៏បានស្នើសុំកុំឲ្យសមត្ថកិច្ចជំនាញធ្វើកោសលវិច័យលើសាកសពអ្នកនាង ឈិន សុរ៉ាវី ដែរ ដោយសង្កត់ធ្ងន់ថា ឈិន សុរ៉ាវី ពិតធ្វើអត្តឃាត។ការស្នើបែបនេះ មានមតិខ្លះបានលើកជាសំណួរថា តើអាចក្រុមគ្រួសារទទួលសំពាធណាមួយទេ ដែលមិនចង់ឲ្យមានការស៊ើបរកប្រភពរឿងពិតនោះ? ឬមួយក៏ក្រុមគ្រួសារមិនចង់ឲ្យមានបញ្ហាផ្សេងទៀតលើក្រុមគ្រួសារ ដោយចិត្តឯង?
ជាគោលការណ៍ ការស៊ើបអង្កេត បើក បិទ និងការធ្វើកោសលវិច័យណាមួយពុំមែនជាសិទ្ធិរបស់ពលរដ្ឋនោះទេ គឺជាអំណាចរបស់នគរបាលព្រហ្មទណ្ឌ ដែលមានការសង្ស័យលើករណីណាមួយដែលអាចថា មានការពាក់ព័ន្ធ ឫគ្មាន, មានអ្វីនៅពីក្រោយ, ជាឃាតកម្ម, ឫអត្តឃាតជាដើម. .....។
ទោះបីជាយ៉ាងណានេះក្តី មន្រ្តីប៉ូលីសបានសន្និដ្ឋានជាជំហានដំបូងដែរថា អ្នកនាងឈិន សុរ៉ាវី ដែលជាអ្នកចម្រៀងដ៏មានមុខមាត់ម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះតែមូលហេតុខូចចិត្ត និងតុកស៊ិចប៉ុណ្ណោះ។ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ឡើយ ថាអ្វីជាមូលដ្ឋានដែលបានបណ្ដាលឲ្យតារាចម្រៀងដែលមានឈ្មោះបោះសំឡេង រូបនេះដាច់ចិត្តធ្វើអត្តឃាតខ្លួនឯង៕ ដោយ៖ មករា