ភ្នំពេញ៖ យ៉ាងហោចណាស់ មានសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លី ចំនួន ១១ នាក់ ដែលរួមមាន៖ លោករ៉ុងឈុន អ្នកស្រី ទេពវន្នី និងអ្នកស្រី យ៉ោមបុប្ផា ផងនោះ ត្រូវបានកងកម្លាំងរក្សាសណ្តាប់ធ្នាប់របស់ខណ្ឌដូនពេញ ចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ ទី២១មករានេះ។
ពាក់ព័ន្ធនឹងការចាប់ខ្លួនខាងលើ ខណៈដែលក្រុមសកម្មជនសិទ្ធិមនុស្ស និងសកម្មជនដីធ្លីប្រមាណ ៥០ នាក់ទាំងអស់នោះ បានប្រមូលផ្តុំគ្នា ដើម្បីដាក់ញត្តិ នៅស្ថានទូតអាមេរិក ស្ថានទូតបារាំង និងស្ថានទូតអង់គ្លេស ដើម្បីស្នើសុំឲ្យប្រទេសមហាអំណាចទាំងបី អន្តរាគមន៍ ទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងលោកវនពៅ និងបាតុករ ២២ នាក់ផ្សេងទៀត។
ចំណែកឯស្រី្តក្រុមអ្នកភូមិ ដែលនៅសល់តែប្រមាណ ១០ នាក់ បានបន្តដំណើរទៅដាក់ញត្តិនៅស្ថានទូតបារាំង និងស្ថានទូតអង់គ្លេស ដោយគ្មានការរារាំងទៀតឡើយ។ ក្រុមសកម្មជនសិទ្ធិមនុស្ស លោករ៉ុងឈុន និងសកម្មជនដីធ្លីសរុបទាំងអស់ ១១ នាក់នោះ ត្រូវបានដឹកតាមឡានឃុប របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានមើលឃើញថា៖ «ខ្ញុំមើលឃើញថាស្ថានភាពសិទ្ធិមនុស្សនៅដើមឆ្នាំ២០១៤នេះកាន់តែអាក្រក យ៉ាងកំហុកហើយ។ បំរាម និងការចាប់ខ្លួនក្រុមអ្នកតវ៉ា ដែលអនុវត្តសិទ្ធិរបស់ពួកគេ ពិសេសការចាប់ខ្លួនមនុស្សប៉ុន្មាននាក់នាព្រឹកមិញនេះ គឺបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលបានរំលោភលើសិទ្ធិពលរដ្ឋរបស់ខ្លួន ហើយ»។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះ ក៏បានសម្ដែងការព្រួយបារម្ភខ្លាចរដ្ឋាភិបាលនឹងកាន់តែជ្រុលខ្លួនជាមួយ នយោបាយតរឹតបន្តឹងសេរីភាពពលរដ្ឋ ហើយថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈគោរពស្មារតីនៃរដ្ឋធម្មនុញ្ញមែននោះ រដ្ឋាភិបាលគួរតែដកបំរាមដែលមិនឲ្យមានការជួបជុំ ដោះលែងអ្នកដែលបានចាប់ខ្លួន និងបើកឲ្យមានការធ្វើបាតុកម្មដោយសន្តិវិធីឡើងវិញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានអះអាងថា អាជ្ញាធរសមត្ថកិច្ច ឃាត់ខ្លួនអ្នកទាំង១១ នាក់នោះ ដោយសារតែពួកគេដឹកនាំការជួបជុំធ្វើបាតុកម្មខុសច្បាប់ ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ លោកបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចប៉ូលិសក្រុងធ្វើកំណត់ហេតុអប់រំរួចហើយ នឹងដោះលែងអ្នកទាំង១១ នាក់នោះឱ្យសេរីភាពវិញ៕
ដោយៈ ភីនរ៉ា