ភ្នំពេញៈ សមាជិកសភាគណបក្សសង្រ្គោះជាតិ មិនចូលរួមប្រជុំសភាដើម្បីអនុម័តថវិកាជាតិ ឆ្នាំ២០១៤នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកាស្អែកនេះទេ។នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ។
លោក យ៉ែម ប៉ុញ្ញរីទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនសមាជិកសភាជាប់ឆ្នោត នៅមណ្ឌលព្រៃវែង បានមានប្រសាសន៍នៅថ្ងៃទី១១ ខែវិច្ឆិកានេះថា បេក្ខជនសមាជិកសភា នៃគណបក្សសង្គ្រោះជាតិ នៅតែបន្តធ្វើពហិកាមិនចូលរួមប្រជុំស ភាដដែលដរាបណាគណបក្សប្រជាជនកម្ពុជានៅតែពុំព្រមបង្កើតគណៈកម្មការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតទាក់ទងទៅនឹងការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះដែលជាការអនុវត្តតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
លោកបន្តថាការបើកសម័យប្រជុំសភាដែលធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជាកំពុងតែធ្វើឲ្យបញ្ហាជាប់គំាងនយោបាយនៅតែបន្តទៀតជាពិសេសនោះការអនុម័តថវិកាជាតិ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤នេះនិងធ្វើឲ្យមានពាក់ព័ន្ធដល់ការអភិវឌ្ឍន៍ប្រទេសជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។ជាយ៉ាងក្តីគណបក្សសង្គ្រោះជាតិនៅប្រកាន់ជំហរក្នុងការចរចារជាមួយគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា ព្រោះគណបក្សសង្គ្រោះជាតិចង់រកការពិតជូនប្រជាជាពលរដ្ឋ និងដោះស្រាយបញ្ហាជាប់គំានយោបាយសព្វថ្ងៃនេះ។
ទាក់ទងនឹងការប្រជុំសភាមិនពេញអង្គ និងការមិនចូលរួមប្រជុំរបស់បេក្ខជនមកពីគណបក្សសង្ក្រោះជាតិសម្រាប់ការពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤នោះដែរ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានមានប្រសាសន៍ថា ការប្រជុំសភាពេញអង្គ អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្របគ្រងឆ្នាំ២០១៤ និងច្បាប់សំខាន់មួយចំនួនទៀតនោះ ពុំមានឧបសគ្គអ្វីទេ ពីព្រោះ ការប្រជុំនោះទោះបីជាមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិក៏មិនថ្វី គឺឲ្យតែមានសម្លេងតែ៥០%បូក១ ដែលស្មើសម្លេងសមាជិកសភា ពី៦២ ឬ ៦៣នាក់ប៉ុណ្ណោះបានហើយ «ទោះបីជា បេក្ខជនសមាជិកជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនចូលប្រជុំសភា ក៏ពុំមានឧបសគ្គដែរ សម្រាប់បក្សកាន់អំណាចដែលមានសម្លេង៦៨ទៅហើយនោះទេ»។
លោកបញ្ជាក់ថាថវិការបស់រាជរដ្ឋាភិបាលឆ្នាំ២០១៤ មានកំនើនចំនួនជាង ១០%បើធៀបនឹងថវិកាជាតិ ឆ្នាំ២០១៣ កន្លងទៅ ហើយថវិកាឆ្នាំ២០១៤ ត្រូវរាជរដ្ឋាភិបាលលើកឡើងមានទឡ្ហីករណ៍ត្រឹមត្រូវក្នុងការចំណាយគឺមានទំហំទឹកប្រាក់ចំនួនជាង១៣លានលានរៀលស្មើនឹងជាង៣៤០០ដុល្លារអាមេរិកហើយធៀបនឹងឆ្នាំ២០១៣ គឺលើសថវិកាចំនួនប្រមាណ៤០០លានដុល្លារទៅហើយ។
លោកថាក្នុងអាណត្តិទី៥នេះរាជរដ្ឋាភិបាលបានយកចិត្តទុក្ខដាក់លើការអភិវឌ្ឍន៍ធនធានមនុស្ស សង្គមកិច្ច សុខាភិបាល កសិកម្ម អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម កសិកឧស្សាហកម្ម និងផ្តោតលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការពារបូរណៈភាពទឹកដី និងការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត ដោយទឹកជំនន់កន្លងមកថ្មីៗនេះ។
ពិសេសជាងនេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះក្រសួង ចំនួន ៧អាទិភាពដូចជា ក្រសួងអប់រំ សុខាភិបាល អភិវឌ្ឍន៍ជនបទ ធនធានទឹក នគរដែនដី រូបនីយកម្ម និងសំណង់ និងក្រសួងកិច្ចការនារី ជាដើម។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល បានគិតគូតម្លើងប្រាក់ខែជូនមន្ត្រីរាជការថ្នាក់បឋមនិងកំលាំងប្រដាប់អាវុធផងដែរ។
សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភាជាតិកាលពីពេលថ្មីនេះ បានជូនដំណឹងថាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដឹកនាំកិច្ចប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃ
ទី១២ ខែវិច្ឆិកា។ហើយរបៀបវារៈនៃកិច្ចប្រជុំមានការពិភាក្សាអនុម័ត្តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៤ និងសេចក្តីព្រាងច្បាប់បង្កើតក្រសួងមុខងារសាធារណៈ និងរបៀបវារៈសំខាន់ៗមួយចំនួនទៀត។
សូមរំលឹកថាសមាជិកតំណារាស្ត្ររដ្ឋសភាទំាងអស់មានចំនួន១២៣រូប ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥នេះមានតែគណបក្សពីប៉ុណ្ណោះដែលទទួលបានគំាទ្រពីប្រជាពលរដ្ឋនិងត្រូវមានវត្តមានក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជាមានសមាជិករដ្ឋសភាសរុបចំនួន៦៨រូបនិងសមាជិកគណបក្សសង្គ្រោះជាតិចំនួន៥៥រូប។ ដោយ៖ រតនា