ភ្នំពេញ៖ ធនាគារពិភពលោក( World Bank )បានអះអាងថានៅក្នុងឆ្នាំ២០១៣នេះកម្ពុជា នឹងទទួល
បានកំណើនសេដ្ឋកិច្ចប្រមាណជា៧ភាគរយដែលមានតម្លៃប្រមាណជា១៥,៦៥ពាន់លានដុល្លារ ។លោក បឺតហូហ្វមែនប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារពិភពលោកប្រចាំនៅតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកបាន អះអាងថាកំណើន៧ភាគរយនេះគឺវាខ្ពស់ណាស់សំរាប់កម្ពុជា។ ហើយការរក្សាបាន នូវកំណើនដ៏ខ្ពស់បែប នេះគឺដោយសារតែភាពរឹងមាំនៃឧស្សាហកម្មកាត់ដេរទេសចរណ៍និងវិស័យ កសិកម្ម ។
ដើម្បីវាយតម្លៃពីសេដ្ឋកិច្ចនៅក្នុងបណ្តាប្រទេសនៃតំបន់អាស៊ីធនាគារពិភពលោកបានបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋខ្មែរកំពុងទទួលបានជោគជ័យយ៉ាងសម្បើម។នេះបើតាមសន្និសីទកាសែតវីដេអូខនហ្វើរិនពីប្រទេសសិង្ហបុរីនៅព្រឹកថ្ងៃទី៧ខែតុលាឆ្នាំ២០១៣នេះ។ក្នុងនោះបើរបាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថាលទ្ធផលនៃល្បឿននិងនិន្នាការនៃកំណើនឆាប់រហ័សដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមួយភាគធំនោះគឺរាជរដ្ឋាភិបាលបានខិតខំកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនធ្លាក់ចុះយ៉ាងខ្លាំង។តាមរយៈកំណើនសេដ្ឋកិច្ចដែលកំពុងមានការរីកចំរើននៅក្នុងប្រទេសនេះសព្វថ្ងៃពិសេសកំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដែលមួយផ្នែកធំដោយសារកំណើនប្រកបដោយចីរភាពក្នុងវិស័យកសិកម្មនិងធ្វើតម្លៃអង្ករនៅលើទីផ្សារសកលលោកត្រូវបានគេទទួលស្គាល់ ។
គួររំលឹកដែរថាកាលពីចុងខែកញ្ញាកន្លងទៅនេះធនាគារអភិវឌ្ឈន៍អាស៊ីបានអះអាងថាកម្ពុជានឹងទទួលបានកំណើនសេដ្ឋកិច្ច៧,២ភាគរយខណៈរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថានឹងទទួលបានកំណើនប្រមាណជា៧,៦ភាគរយនៅឆ្នាំនេះ។ ជាមួយគ្នានេះដែររាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានខិតខំធ្វើឲ្យភាគរយនៃចំនួនប្រជាជនក្រីក្រត្រូវបានកាត់បន្ថយច្រើនជាងពាក់កណ្តាលក្នុងរយៈពេល៧ឆ្នាំចុះមកត្រឹមប្រមាណ២០%នៅឆ្នាំ២០១១កន្លងទៅ៕ ដោយ៖ សស្អាត