ភ្នំពេញ៖ បុណ្យខួបអនុស្សាវរីយ៍ទិវាឯករាជ្យ ជាតិលើកទី ៦០ឆ្នាំ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៣) បានចាប់ ផ្តើមនៅម៉ោង ៧ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោមព្រះរាជាធិបតីព្រះករុណាព្រះ មហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដោយមានការធ្វើអង្គមេទ្ទីងមហាជន នៅមុខព្រះបរមរាជវាំងផងដែរ។0
ព្រះមហាក្សត្រខ្មែរ បានយាងទៅដល់ដោយចាប់ផ្តើមពីការដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធបុព្វបុរស និងអ្នក ស្នេហាជាតិ ដែលបានតស៊ូ ដើម្បីបុព្វហេតុឯករាជ្យជាតិពីអាណានិគម និយមបារាំង។ការប្រារព្វពិធីបុណ្យឯករាជ្យជាតិលើកទី៦០ គេសង្កេតឃើញមានការអញ្ជើញចូលរួមពី លោកអនុប្រធានទី២ នៃព្រឹទ្ធសភា សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសង្ឃរាជទាំងពីរគណៈ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនានាប្រចាំកម្ពុជា សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងប្រជាជនយ៉ាងច្រើនកុះករ។
ព្រះករុណា បានដាក់កម្រងផ្កា និងប្រទានភ្លើងជ័យ នៅចំកណ្តាលវិមានឯករាជ្យ មុនពេលព្រះអង្គយាងសំណេះ សំណាលផ្ទាល់ជាមួយអ្នកចូលរួម ដែលស្ថិតនៅជុំវិញវិមានឯករាជ្យ។បន្ទាប់ពីបញ្ចប់កម្មវិធីនៅវិមានឯករាជ្យហើយនោះ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ បានយាង និងអញ្ជើញ ទៅចូលរួមអង្គមេទ្ទីងមហាជននៅមុខព្រះបរមរាជ។
សូមរំរឹកថា ប្រទេសកម្ពុជា បានរួចចាកទាំងស្រុងពីអាណានិគមបារាំងនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចតស៊ូអង់អាចរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេច នរោត្តម សីហនុ ក្នុងវ័យជាង២០ព្រះវស្សា រួម វីរៈអ្នកស្នេហាជាតិជាច្រើនរូបផ្សេងទៀត៕ ដោយ៖ ស.ស្អាត