ភ្នំំពេញ៖បាតុកម្មរបស់គណបក្សសង្រ្គោះជាតិលើកទី៣នេះមានរយៈពេល៣ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី២៣តុលានេះតទៅ។ក្នុងបាតុកម្មនោះ គណបក្សប្រឆាំងបានដាក់ការទាមទារ៤ចំណុច សម្រាប់មហាបាតុកម្មអហិង្សារបស់ខ្លួន។យោងសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលចេញផ្សាយនៅយប់ថ្ងៃអង្គារម្សិលមិញនេះមានបំណង ទាមទារ ស្វែងរក និងការពារយុត្តិធម៌ជូនពលរដ្ឋជុំវិញការបោះឆ្នោតកន្លងទៅ និងថ្ងៃអនាគត និងការទាមទារឲ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
តាមសេចក្តីថ្លែងការណ៍ដដែលនោះបញ្ជាក់ថា បាតុកម្មរបស់ខ្លួន គឺធ្វើឡើងដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោតពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ។ ទាមទារឲ្យមានការធានាយុត្តិធម៌ជូនម្ចាស់ឆ្នោតនាពេលអនាគត។ ទាមទារឲ្យមានការបង្កើតយន្តការមួយជឿជាក់បានដើម្បីកែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ស្របតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប អង្គការNDI អង្គការខុមហ្វ្រែល និងអង្គការក្រៅរដ្ឋាភិបាលនានា។ បក្សប្រឆាំងក៏បាន ទាមទារឲ្យរដ្ឋាភិបាលគោរព និងអនុវត្តតាមឲ្យបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣ តុលា ១៩៩១ ឲ្យបានពេញលេញ ព្រមទាំងធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ រតនា