ឧត្តរមានជ័យៈមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវលេខ ៦៧ ចំណុចចំរាក់ទី១ ផ្លូវឡើងភ្នំទៅច្រកអន្តរជាតិជាំ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បង្កឡើងដោយរថយន្តម៉ាក់ហ៊ីណូបើកឡើងភ្នំច្រាលលេខ រអិលថយក្រោយកិនរថយន្តនៅពីក្រោយ រួចធ្លាក់ចូលជ្រោះបណ្ដាលឲ្យស្លាប់ម្នាក់ និង របួសស្រាល៤នាក់ កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣។
បើយោងតាមប្រភពសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បាន បណ្តាលឲ្យឈ្មោះ ឆេង ណារ៉េត ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរអនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ស្លាប់ ត្រូវបានស្លាប់ រឺឯមនុស្ស៤នាក់ទៀតដែលជិះនៅលើរថយន្តបានរងរបួសស្រាល។ ប្រភពដដែល បានបន្តថា ចំណែកភាគីបង្កឈ្មោះ ស ប៊ុនធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន លឹមហេងគ្រុប ជាអ្នកបើករថយន្ត ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-0421 ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់។ បន្ទាប់ពីកើតហេតុកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចុះដល់កន្លែងកើតហេតុភ្លាមៗ ជួយអន្តរាគមន៍ដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុក និងធ្វើកំណត់ហេតុដកហូតវត្ថុតាងយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ដោយ៖ អភិរក្ស
ដោយ៖ អភិរក្ស