ភ្នំពេញ៖ បើទោះសមាជិក សមាជិកា បក្សប្រឆាំងធ្វើពហិការមិនចូលរួមដាក់ញ្ញត្តិសុំពន្យាពេលក្តី ក៏សម័យប្រជុំដំបូង និងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥ ក្រោមព្រះរាជាធិតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា តំណាងរាស្ត្រមកពីគណបក្សប្រជាជន កម្ពុជា ចំនួន ៦៨រូប នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ នៅវិមានរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូន និងបានអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដោយសម្លេង ៦៨ លើ៦៨សម្លេង ។
ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៥នេះ បានធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ប្រកាសនូវបញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៥ តាមលំដាប់អាយុពីខ្ពស់មកទាប ពី១រូប ដល់១២៣រូបរួចមក ហើយបើតាមប្រកាសឲ្យដឹងពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថាឈ្មោះបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រដែលគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតបានបញ្ជូនមក ត្រូវបានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ នៃរដ្ឋសភា នៅថ្ងៃច័ន្ទទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នេះតទៅ។
យោងតាមសេចក្តីព្រាងកម្មវិធីសម័យប្រជុំដំបូង និងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥នេះបានប្រកាសដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាបានឲ្យដឹងថា នៅវេលាម៉ោង ១៥:០០នាទី រសៀលថ្ងៃដដែលនេះ តំណាងរាស្ត្រមកពីគណបក្សប្រជាជនទាំង ៦៨រូប នឹងអញ្ជើញមកជួបជុំគ្នានៅវិមានរដ្ឋសភា ដើម្បីធ្វើដំណើរតាមរថយន្តរួមមួយ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភាបានរៀបចំជូន ចេញដំណើរទៅធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង។សម័យប្រជុំដំបូង និងសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥នេះ ក៏មានការអញ្ជើញចូលរួមពីអង្គទូតនានាប្រចាំកម្ពុជា និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិជាច្រើននាក់ទៀត៕ដោយ៖ ស.ស្អាត