មន្ត្រីជាន់ខ្ពស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានឲ្យដឹងថា ថ្នាក់ដឹកនាំ បានថ្វាយលិខិតទៅព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី បុត្រីពៅរបស់សម្តេចឪ ដើម្បីយាងមកដឹកនាំគណបក្ស រួចហើយ ដែលជាការថែរក្សាកែតំណែលរបស់សម្តេចឪ។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ ហ្វ៊ុនស៊ិនប៉ិច កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ក្រោយពីសម្តេចព្រះ នរោត្តម សីហនុ បានយាងចូលទិវង្គតនេះ ស្ថានការណ៍នយាបាយ មិនមានការប្រែប្រួល គួរជាទីចាប់អារម្មណ៍នោះទេ។ អ្វីៗគឺមានសភាពដូចមុនពេលព្រះអង្គយាងចូលទិវង្គត ដូច្នេះពីនោះ មកដល់ថ្ងៃនេះ គឺពុំមានអ្វីដែលប្រែប្រួលធំដុំនោះទេ។
លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិ ហ្វ៊ុនស៊ិនប៉ិច
លោក ញឹក ប៊ុនឆៃ មានប្រសាសន៍បន្តថា កន្លងមកថ្មីៗនេះ គណៈកម្មការនាយកគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានប្រជុំគ្នា យាងសម្តេចព្រះរាជបុត្រី នរោត្តម អរុណរស្មី មកយាងគង់ដឹកនាំប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលលិខិត បានដាក់ថ្វាយព្រះអង្គម្ចាស់ក្សត្រីរួចហើយ បន្ទាប់ពីចប់ ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង។
លោកបានបន្តថា នៅពេលឆាប់ៗខាងមុខនេះ គណបក្ស នឹងបានទទួលចំលើយច្បាស់លាស់ ពីព្រះអង្គម្ចាស់ អរុណរស្មី ទើបរៀបចំធ្វើសមាជ នៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣ ដើម្បីជ្រើសរើសព្រះអង្គជាផ្លូវការ ធ្វើជាប្រធានហ្វ៊ុនស៊ិនប៉ិច។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា ការកំណត់យកថ្ងៃទី២១ ខែ មិនា ឆ្នាំ២០១៣ ធ្វើសមាជ ហ្វ៊ុនស៊ិនប៉ិច ពីព្រោះជាថ្ងៃ ដែលសម្តេចឳ បង្កើតគណបក្ស ហ្វ៊ុនស៊ិនប៉ិច ថ្ងៃ២១ មិនា ឆ្នាំ១៩៨០។
លោកបានមានប្រសាសន៍ទៀតថា មូលហេតុដែលធ្វើអោយហ្វ៊ុនស៊ិនប៉ិច យាងព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី ធ្វើជាប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅពេលនេះ ដោយសារគណបក្សនេះ គឺបង្កើតឡើងដោយសម្តេចឳ ហើយការយាងព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី មកដឹកនាំ គឺចង់បានព្រះរាជបុត្រីរបស់សម្តេចឳ ដើម្បីមកថែរក្សាកេរដំណែលរបស់ សម្តេចឳ សម្តេចតា។
នៅពេលនេះ គេពុំទាន់អាចសុំបន្ទូលបញ្ជាក់ពីសំណាក់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែលបច្ចុប្បន្នគង់នៅប្រទេសម៉ាឡេស៊ីបាន នៅឡើយទេ ទាក់ទងនឹងការសុំយាងព្រះអង្គ មកគង់ដឹកនាំគណបក្សរាជានិយម គណបក្ស ហ្វ៊ុនស៊ិនប៉ិច នាពេលខាងមុខ៕
អត្ថបទនេះដកស្រង់ចេញពី CEN.COM.KH