ភ្នំពេញ៖ អង្គការមិនមែនរដ្ឋាភិបាលបានរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយក្រោមប្រធានបទការ ស្តីពី «ការអភិវឌ្ឍន៍បៃតងកាលានុវត្តភាព និងបញ្ហាប្រឈម»។ រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៥-៦ ខែ ធ្នូ នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីតំណាងបណ្តាញអង្គការសង្គមស៊ីវិល, ក្រសួងពាក់ព័ន្ធនានា ,មូលនិធិសង្គ្រោះសត្វព្រៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សរុបប្រមាណជា៥០នាក់។
សិក្ខាសាលានេះដែរ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមាន គឺទី១ ជំរុញឱ្យមានការយល់ដឹង និងកសាងសមត្ថភាពរបស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថានសិក្សារដ្ឋ-ឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀតអំពីក្របខ័ណ្ឌ និងផែនការយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍន៍បៃតងនៅកម្ពុជា សម្រាប់ការចូលរួមជាមួយ និងជាជំនួយដល់សហគមន៍មូលដ្ឋាននាអនាគត។ ទី២ ចែករំលែកបទពិសោធន៍និងមេរៀនដែលទទួលបានពីការអនុវត្តគម្រោងដែលត្រូវបានចាត់ថ្នាក់ជាគម្រោងអភិវឌ្ឍន៍បៃតងនៅកម្ពុជា។ ហើយនិងទី៣នោះ ផ្តួចផ្តើមការពិភាក្សាអំពីទស្សនៈរបស់ភាគីពាក់ព័ន្ធស្តីពីអភិវឌ្ឍន៍បៃតងដែលនឹងរួមចំណែកដល់ការចូលរួមក្នុងការអនុវត្តការអភិវឌ្ឍន៍បៃតងនាអនាគតឲ្យមានប្រសិទ្ធិភាព។
នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក ឈិត សំអាត បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសមួយនៃបណ្តាប្រទេសដែលងាយរងគ្រោះ ពីការប្រែប្រួលអាកាសធាតុ។ អាស្រ័យហេតុនេះ ប្រទេសកម្ពុជាត្រូវគិតគូរជាយុទ្ធសាស្ត្រអំពីរបៀបបញ្ជ្រាបគោលនយោបាយការអភិវឌ្ឍបៃតងទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ ការជំរុញការអភិវឌ្ឍបៃតងនៅកម្ពុជាមានន័យថាជាការដោះស្រាយបញ្ហាប្រឈមនឹងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នតាមរយៈ ការអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រផ្សេងៗ ដែលមិននាំ ឲ្យកម្ពុជាបាត់បង់នូវធនធានធម្មជាតិ ប៉ះពាល់បរិស្ថាន ខាតបង់សេដ្ឋកិច្ចសង្គម និងធានានូវការអភិវឌ្ឍប្រកបដោយនិរន្តភាព។
លោកបានបន្ថែមទៀតថា ប្រទេសកម្ពុជាបានរៀបចំផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បែតងជាតិមួយនៅ ក្នុងឆ្នាំ ២០១០ សំដៅបញ្រ្ចាបបញ្ហាប្រឈមជាមួយនឹងផ្នែកអភិវឌ្ឍន៍បៃតងទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍរួមរបស់ប្រទេសកម្ពុជា។ ផ្អែកលើផែនទីបង្ហាញផ្លូវ ឯកសារពីរថែមទៀតត្រូវបានរៀបចំឡើង គឺគោល នយោបាយជាតិពីការអភិវឌ្ឍបៃតង និងផែនការយុទ្ធសាស្រ្តជាតិ។ គោលបំណងនៃឯកសារទាំងពីរខាងលើនេះ សំដៅការពារ គ្រប់គ្រង និងថែរក្សាបរិស្ថាន ធនធានបរិស្ថាន ជីវចម្រុះ ព្រៃឈើ ដី ទឹក និងខ្យល់ជាដើម ដោយអនុវត្តតាមទិសដៅរបស់អង្គការសហប្រជាជាតិស្តីពី «អនាគតដែលយើងចង់បាន»។
លោកឈិត សំអាត បញ្ជាក់ថា គំនិតផ្តួចផ្តើម និងការអនុវត្តទាំងនេះធ្វើឲ្យមានតុល្យភាពតម្រូវការជីវភាព សន្តិសុខស្បៀង ការអភិរក្សនិងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការកាត់បន្ថយការប៉ះពាល់ ក៏ត្រូវបានលើកយកមក បង្ហាញ និងពិភាក្សាផងដែរ។ វាគឺជាប្រការសំខាន់បំផុតដែលភាគីពាក់ព័ន្ធ ជួបជុំគ្នាដើម្បីរៀនសូត្រ ចែករំលែក និងពិភាក្សាអំពីមាគ៌ាអភិវឌ្ឍន៍ថ្មីៗ ដែលនឹងការពារ និងគាំទ្រការជំរុញការអនុវត្តអភិវឌ្ឍន៍បៃតងនៅកម្ពុជាឲ្យមានប្រសិទ្ធិភាព។សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ នឹងបង្ហាញពីបទពិសោធន៍ អភិក្រម
(វិធាន) និងមេរៀនដែលបានទទួលពីគំនិតផ្តួចផ្តើមនិងការអនុវត្តផ្សេងៗនៅកម្ពុជាស្តីពីការអភិវឌ្ឍបៃតង៕
ដោយ ៖ ភីនរ៉ា